បន្ទាយមានជ័យ ៖ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ជាធានក្រុមប្រឹក្សាខេត្ត លោក ឡុង ពុន អភិបាលស្រុកមង្គលបូរី មន្ត្រីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋរាប់រយនាក់បានចូលរួមបើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែ ដែលមានប្រវែង២៧១៣ម៉ែត្រ នៅទីរួមស្រុកមង្គលបូរី នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោក ឡុង ពុន បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននោះថា ថ្ងៃនេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋនៅស្រុកមង្គលបូរីជាច្រើនរយនាក់ មានសេចក្តីរីករាយឥតឧបមា ដោយបានយកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃជ័យជំនះលើរបបប៉ុលពត អៀង សារី សម្រាប់ការប្រារព្ធបើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែ ដែលមានប្រវែង២៧១៣ម៉ែត្រ ខ្សែទី១-ចាប់ពីយាយជីច្រូតស្រូវទៅដល់ក្បាលស្ពានថ្មមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង៧១៣ម៉ែត្រ ខ្សែទី២-ចាប់ពីអតីតរោងភាពយន្តទៅកាន់ផ្សារមង្គលបូរី ដែលមានប្រវែង១.០០០ម៉ែត្រ និងខ្សែទី៣-ចាប់ពីផ្លូវកណ្ដាលទៅកាន់ផ្សារមង្គលបូរី ដែលមានប្រវែង១.០០០ម៉ែត្រ ថវិកាសម្រាប់សាងសង់នេះគឺជាថវិការបស់រាជរដ្ឋាភិបាលដែលសាលាខេត្ត និងសាលាស្រុកមង្គលបូរីបានលើកគម្រោងឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីផ្សាររបស់ប្រជាពលរដ្ឋផង និងក៏រួមចំណែកលើកសោភ័ណភាពរបស់ទីរួមស្រុកមង្គលបូរីយើងផងដែរ។ លោកបានបន្តថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែនេះ ក៏ដូចជាការដ្ឋាននានាដទៃទៀតរាប់មិនអស់នៅក្នុងខេត្តនិងនៅក្នុងស្រុក។
លោកបានបន្តថា ឆ្នាំ២០១៥នេះខិតខំធ្វើយ៉ាងណាប្រែក្លាយផ្លូវដីឲ្យក្លាយទៅជាផ្លូវក្រាលគ្រួស ផ្លូវក្រាលគ្រួសឲ្យប្រែក្លាយជាផ្លូវក្រាលកៅស៊ូ និងចាក់បេតុងបណ្ដើរៗស្របពេលកំពុងអភិវឌ្ឍផ្លូវយ៉ាងខ្លាំងនេះផ្លូវមួយចំនួនធំ ត្រូវបំផ្លាញដោយស្នាដៃឡានដឹកដីដឹកលើសទម្ងន់ និង ខ្វះវិធានការការពារផងដែរ។ នៅក្នុងពិធីបើកការដ្ឋាននោះដែរ លោក គោ ស៊ុំសារឿត បានមានប្រសាសន៍ថាលោកបានធ្វើការព្រមានដល់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនេះត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវរីឯអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ត្រូវចុះត្រួតពិនិត្យការដ្ឋានឲ្យបានជាប្រចាំ។ លោកបានបន្តថា ក្រោយពីសាងសង់ផ្លូវបេតុងទាំង៣ខ្សែនេះរួចបងប្អូនដែលជាម្ចាស់ដែលរស់នៅតាមដងផ្លូវនេះត្រូវមានស្មារតីចេះជួយថែរក្សា និងចេះការពារ ទប់ស្កាត់នូវការហូរច្រោះការឡានដឹកដីលើសទម្ងន់ត្រូវហាមឃាត់ដាច់ខាតព្រោះផ្លូវមួយខ្សែៗចំណាយអស់លុយរាប់លានដុល្លារមិនអាចធ្វើជាលើកទី២វិញឡើយ ក្រោយពេលផ្លូវមួយៗខូចខាតនោះត្រូវចេះជួសជុលឲ្យបានទាន់ពេលវេលាទើបផ្លូវអាចប្រើប្រាស់បានយូរ៕
គង្គា




0 Comments