Ad Code

កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ទម្លាក់​គ្រាប់បែក​ជិត​៥០០០គ្រាប់​ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​រដ្ឋឥស្លាម


មន្ទីរ​ប៉ងតាហ្កេន បាន​និយាយ​នៅ​ថ្ងៃពុធថា យន្តហោះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ បាន​ទម្លាក់​គ្រាប់បែក​ជិត​៥០០០​គ្រាប់ ​នៅ​ក្នុង​សង្គ្រាម​អាកាស​ប្រឆាំង​នឹង​ពួក​ជីហាដ​និយម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ីរី ដោយ​ធ្វើ​ឲ្យ​ខូចខាត​ និង​កំទេច​គោលដៅ​ជាង​៣០០០​គោល​ដៅ​ ដែល​ក្នុង​នោះ​រួមមាន​រថក្រោះដែរ។

តួលេខ​ចុងក្រោយ​បង្អស់​ដែល​បាន​ផ្សាយ​ដោយ​យោធាសហរដ្ឋអាមេរិក ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ការពង្រីក​ជាលំដាប់​នូវ​ទំហំ​នៃ​យុទ្ធនាការ​អាកាស​ ដែល​បាន​ធ្វើ​នៅ​ក្នុង​ខែ​សីហា ហើយ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរថា សត្រូវ​មាន​រថពាសដែក​ និង​រថយន្ត​ទំនើបៗរាប់រយ​គ្រឿង​ទៀត។

តាម​ស្ថិតិ​ពី​មន្ទីរ​ប៉ង់តាហ្កេន បាន​ឲ្យ​ដឹងថា ចាប់តាំង​ពី​ការ​វាយប្រហារ​ឆ្មក់​តាមអាកាស​របស់​ក្រុមចម្រុះ​ បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​ខែ​សីហា និង​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ចុងខែ​កញ្ញា​នោះ​យន្តហោះ​សហរដ្ឋអាមេរិក និង​យន្តហោះ​របស់​សម្ព័ន្ធមិត្ត​ បាន​វាយ​ប្រហារ​ទៅលើ​រថ​ក្រោះ​៥៨​គ្រឿង​ រថពាសដែក​ Humvee 184 គ្រឿង​រថយន្ត​កាត់​ដំបូល​៣០៣គ្រឿង​ រថពាសដែក​២៦​គ្រឿង​ និង​រថយន្ត​ផ្សេងៗទៀត​ចំនួន​៣៩៤​គ្រឿង​។

រថយន្ត​ភាគច្រើន​ដែល​ត្រូវ​បាន​ផលិត​ដោយ​សហរដ្ឋអាមេរិក​នោះ​ ត្រូវ​បាន​រឹបអូស​ដោយ​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​ពី​កងទ័ព​អ៊ីរ៉ាក់​ ដែល​ដកថយ៕


Post a Comment

0 Comments

Close Menu