ស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលរស់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទំនាស់ដីធ្លី ដោះស្រាយមិនចេញជាច្រើនឆ្នាំមកហើយនោះ ឥឡូវត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងឈានដល់ការប្រារព្ធពិធីសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិ កាន់កាប់អចលនវត្ថុ ពីលោកជំទាវ ម៉ែន សំអន នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍សំណេះសំណាល និងជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធី រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំង ខេត្តស្វាយរៀងទាំងអស់។ លោកជំទាវបានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិដីធ្លីនាឱកាសនេះ គឺជាការទទួលនូវទ្រព្យសម្បត្តិ ដ៏ពិតប្រាកដ ដែលផ្តល់ចេញ និងគិតគួរពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរពីសុខទុកនេះផ្ទាល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្តែងនៅស្ទើរតែគ្រប់បណ្តាខេត្តរាជធានី បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដោយពុំខ្លាចក្រែងនៅការបាត់បង់។ ជាក់ស្តែងប្រជាពលរដ្ឋទាំង៩គ្រួសារដែលទទួលប័ណ្ណកម្មសិទ្ធិនៅពេលនេះ គឺជាការទទួលនូវទ្រព្យសម្បត្តិធំធេងស្របច្បាប់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអធិការកិច្ច ក្រោយពីបញ្ចប់ទំនាស់រ៉ាំរ៉ៃ។
លោកជំទាវបានមានប្រសាសន៍បន្តថា សំណុំរឿងដែលក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលការប្តឹងផ្តល់តាមរយៈប្រជាពលរដ្ឋ និងតាមរយៈវេទិកាសាធារណៈ បានជំរុញឲ្យការដោះស្រាយទំនាស់ដីធ្លី បានបញ្ចប់ជាស្ថាពរ ជាច្រើនករណី និងឈានដល់ការសម្របសម្រួល យោគយល់គ្នាដ៏ប្រពៃ ក្នុងការបញ្ចប់រឿងក្តីនីមួយៗ។ ទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា ដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទទួលនូវភាពសុខសាន្តធូរធារចំរុងចំរើនជាលំដាប់។ ក្នុងនាមរដ្ឋាភិបាលលោកជំទាវឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ឋិដីធ្លីស្របច្បាប់ នាឱកាសនេះ គឺជាការយោគយល់អធ្យាស្រ័យគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់ឲ្យប្រជាពលរដ្ឋរស់នៅសុខដុមរមនា និងសុខ សន្តិភាព។ ជាមួយគ្នានោះដែរលោកជំទាវ បាននាំជាអំណោយជួនដល់ប្រជាពលរដ្ឋ១០០គ្រួសារ ក្នុង១គ្រួសារ១ម៉ឺនរៀល មន្ត្រីរាជការ៣០នាក់ ម្នាក់២ម៉ឺនរៀល និងកងកម្លាំងប្រដាប់អាវុធ ម្នាក់២ម៉ឺនរៀល៕

0 Comments