ភ្នំពេញ ៖ ជនប្រដាប់អាវុធមួយក្រុមបានបាញ់កាំភ្លើងគំរាមដៃគូទំនាស់ក្នុងពេលផឹកស៊ីរបស់ខ្លួនចំនួន០៣គ្រាប់នៅក្នុងភោជនីយដ្ឋាន(រស្មីបឹងកក់) ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ១៩៦៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥។ នៅក្នុងហេតុការណ៍នោះពុំបង្កឱ្យមានជនណាម្នាក់រងរបួសឡើយ។ ហើយជនបង្កក៏ពុំត្រូវបានគេចាប់ខ្លួន ឬស្គាល់ដែរ ដោយបន្សល់ទុកនូវសំបកគ្រាប់កាំភ្លើងម៉ាកឡុកចំនួន០៣គ្រាប់ទុកឲ្យសមត្ថកិច្ចស៊ើបអង្កេត។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា គេបានឃើញមនុស្សមួយក្រុមមកផឹកស៊ីនៅក្នុងភោជនីយដ្ឋាន(រស្មីបឹងកក់) មានទំនាស់ពាក្យសំដីជាមួយភាគីមួយក្រុមទៀត ក្នុងពេលផឹកស៊ីបានបោកកែវបំបែក និងបាញ់គំរាមចំនួន០៣គ្រាប់រួចនាំគ្នាឡើងជិះរថយន្តស៊េរីទំនើបមួយគ្រឿងគេចខ្លួនភ្លាមៗតែម្តង។
លោក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបំភ្លឺប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា នៅក្នុងអំពើបាញ់បោះដោយសេរីនេះយើងមិនដឹងថា ផ្តើមចេញពីរឿងអ្វីនោះទេ ព្រោះជនបង្កគេចខ្លួនបាត់ ឯជនរងគ្រោះក៏មិនដឹងជាអ្នកណាដែរ តែយើងរើសបានសំបកគ្រាប់កាំភ្លើងខ្លីចំនួន០២គ្រាប់ និងស្រោមកាំភ្លើងខ្លីចំនួន០១គ្រាប់ទៀតសម្រាប់ធ្វើការស្រាវជ្រាវ៕
សឿន

0 Comments