Ad Code

លាស់ យីន​ ស្មើ​ ប៊ុន ​សង់ ខណៈ ​សារ៉ាន់​ ឈ្នះ​ ចាន់ ​វ៉េ​ត​ នៅ​SEA-TV


ភ្នំពេញ ៖ ការប្រកួត​រវាង​អ្នក​ប្រដាល់ ​លាស់ យីន​ ក្លឹប​បង្ក្រាប​គ្រឿងញៀន​ជាមួយ​ ជ័យ ប៊ុន​សង់​ក្លឹប​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​នៅ​លើ​សង្វៀន SEA-TV ល្ងាច​ថ្ងៃទី​២៥​ ខែ​មករា ឆ្នាំ​២០១៥ ពុំ​មាន​អ្នកណា​ឈ្នះ​ អ្នកណា​ចាញ់ ​ដូច​កាលពី​ជួបគ្នា​លើក​មុន​ទេ ពោល​គឺ​ស្មើ​ពិន្ទុ​គ្នា​ក្រោយពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ក្នុង​ស្ថានភាព​ប្រកួត​គ្នា​៥​ទឹក​នោះ ពួកគេ​ព្យាយាម​ប្រើ​គ្រប់​ស្នៀត ក្នុង​បំណង​ផ្ដួល​យកឈ្នះ​គ្នា​ទៅវិញទៅមក រហូត​ទាល់​អស់កម្លាំង​ស៊ុ​ហ្វ​រៀងៗ​ខ្លួន។ ការប្រកួត​២​ទឹក​ចុងក្រោយ មាន​លក្ខណៈ​កាន់​តែ​ចុះ​ខ្សោយ មិន​មាន​ផ្លែ​ដូច​៣​ទឹក​ដំបូង​នោះ​ឡើយ។ ក្នុង​៣​ទឹក​មុន​នោះ ទាំង ​លាស់ យីន ទាំង​ជ័យ ប៊ុន​សង់ កញ្ជ្រោល​ដាក់គ្នា​គ្មាន​បណ្ដាក់​ដៃ បន្ធូរ​ជើង​នោះ​ទេ គឺ​ធ្វើយ៉ាងណា​ផ្ដួល​គ្នា​ឲ្យ​បាន​ ប៉ុន្តែ​ពួកគេ​សុទ្ធតែ​ធ្លាប់​ស្គាល់​ និង​ដឹង​ពី​ល្បិចកល​ប្រកួត​រៀងៗ​ខ្លួន ទើប​មិនអាច​ផ្ដួល​គ្នា​បានសម្រេច។​

ហ៊​ល ដា​រ៉ា អ្នក​ប្រដាល់​ក្លឹប​សាល​វ័​ន្ដ​កីឡា វាយ​ឈ្នះ​អ្នក​ប្រដាល់​ ងួន គា ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​ដោយ​ពិន្ទុ​ដាច់​តែម្ដង បន្ទាប់ពី​ប្រកួត​៥​ទឹក​ពេញ​នោះ​។ ការប្រកួត​ទឹក​ដំបូង ហ៊​ល ដា​រ៉ា វាយ​រាង​មើល​ស្រាល ​ងួន គា តែ​ក្រោយពី​មើល​ឃើញ​ថា​ ងួន គា រឹង​គួរសម​នោះ ទើប​ ដា​រ៉ា​ បង្កើន​ការ​វាយ​របស់​ខ្លួន​ថែម​ទៀត​។ តែ​យ៉ាងណា ងួន ​គា គេ​វាយ​ចេញទៅ​លើ​ដា​រ៉ា​ច្រើន​ណាស់​ដែរ គ្រាន់តែ​ការ​វាយ​ចេញ​របស់​គេ​ពុំ​មាន​ប្រសិទ្ធភាព​ដូច​ការ​វាយ​ចេញ​របស់ ​ដា​រ៉ា​ នោះ​ទេ​។ ក្នុង​ការ​ប្រកួត​៥​ទឹក​នេះ ចៅ​ក្រម​ទាំង​៥​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​ដា​រ៉ា​ឈ្នះ​ដូចៗ​គ្នា​។​

ចំពោះ​ការប្រកួត​កាល​ពី​ពេល​ព្រឹក​វិញ​នោះ អ្នក​ប្រដាល់​ ហ៊ឹម សារ៉ាន់​ សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ប្រកួត​ឈ្នះ ​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣​ដោយ​ពិន្ទុ​ទាំង​វេទនា និង​មាន​របួស​ទៀត​ផង​។​

ក្នុង​ការ​ប្រកួត​៥​ទឹក ទោះបី​គេ​វាយ​គ្នា​ទៅវិញទៅមក​រហូត​ក៏​ពិត​មែន ​តែ​ការ​វាយ​ចេញ​របស់​សារ៉ាន់ ​ចំ​គោលដៅ​បាន​ច្រើនជាង​។ ទោះជា​យ៉ាងនេះ​ក៏ដោយ​ ក៏​គេ​សង្កេត​ឃើញ​ថា​ នៅ​ទឹក​ទី​៤​ចាន់​វ៉េ​ត​ បញ្ចេញ​មួយ​កែង​បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​ សារ៉ាន់​ មាន​របួស​ចុង​ភ្នែក​ស្ដាំ​។​

មុខរបួស​មិន​ធ្ងន់​ប៉ុន្មាន​ទេ គឺ​ សារ៉ាន់ ​អាច​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ ដែល​លទ្ធផល​ចុងក្រោយ​ ហ៊ឹម សារ៉ាន់​ នៅតែ​ឈ្នះ​ពិន្ទុ​ វ៉ាន់ ចាន់​វ៉េ​ត ​ដាច់​ដែរ ដោយ​ចៅក្រម​ទាំង​៥​រូប គ្មាន​នណា​មួយ​ផ្តល់​ពិន្ទុ​ឲ្យ ​ចាន់​ វ៉េ​ត​ ឈ្នះ​នោះ​ឡើយ​។ ណា ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ គុន សំណាង អ្នក​ប្រដាល់​ក្លឹប​អាជ្ញាធរ​ជាតិ​អាវុធ​គីមី បន្ទាប់ពី​ពួកគេ​ព្យាយាម​រក​ឱកាស​ផ្ដួល​គ្នា​៥​ទឹក​ពេញ​នោះ​។​

ម៉ូ​រ៉ា​ក វាយ​ប្រយោល​ល្អ ពិសេស​ស្នៀត​កណ្ដាប់ដៃ និង​ទាត់​តែ​ពេល​ចូល​កៀក​គេ​ចាញ់​ជង្គង់​សំណង​ដាច់​តែម្ដង​។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ប្រកួត​គ្នា​៥​ទឹក​ដោយ​គ្មាន​នរណា​លើ​នរណា​ឡើយ ។ ទីបំផុត​លទ្ធផល​បាន​ត្រឹម​ស្មើគ្នា ហើយ​ពួក​ទាំងពីរ​ត្រូវ​បាន​គណៈកម្មការ​បច្ចេកទេស​ប្រកាស​ផ្តល់​ឱកាស​ឲ្យ​ជួប​ជម្រះបញ្ជី​គ្នា​ម្ដងទៀត​។​

សេក គឹម​ភាព អ្នក​ប្រដាល់​ក្លឹប​រដ្ឋ​សែន​ជ័យ​ប្រកួត​ឈ្នះ ​ម៉ន ចាន់នី អ្នក​ប្រដាល់​ក្លឹប​ការិយា​ល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ក្នុង​ខណៈ​ដែល​ ឈុន បញ្ញា​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​សងសឹក​ជាមួយ​រិ​ទ្ធ​កៅ​ក្លឹប​កងយោធពល ខេមរភូមិន្ទ​មិនបាន​សម្រេច​ ថែមទាំង​ត្រូវ​រិ​ទ្ធ កៅ​វ៉ៃ​រាប់​៨​នៅ​ទឹក​ទី​២​ចំនួន​២​លើក​ទៀត​ផង​។​

ឈុន បញ្ញា ចាញ់​ពិ​ន្ទិ​រិ​ទ្ធ កៅ​ម្ដង​ទៀត ហើយ​គេ​ប្រកាស​ភ្លាមៗ​ថា​នឹង​រក​ឱកាស​សងសឹក​ម្ដង​ទៀត​។ រីឯ អាន សីហា​ក្លឹប​មិត្ត​ប៉ូលិស​ប្រកួត​ចាញ់​ពិន្ទុ​វាយោ វ៉ាន់ឌី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​។ ដោយ​ឡែក ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា​និង​ថៃ លើ​សង្វៀន SEA -TV ខេត្តកំពង់ស្ពឺ​យប់​ថ្ងៃទី​២៤ ខែ​មករា​នោះ អ្នក​ប្រដាល់​កម្ពុជា ​ផុន ផាន់​ណា ​ក្លឹប​អប្សរា​គុន​ខ្មែរ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Nop Pa Kao ដោយ​ពិន្ទុ​ដាច់​តែម្ដង​។​

ក្នុង​ការ​ប្រកួត​៥​ទឹក​នោះ ផាន់​ណា​ ចាប់ផ្ដើម​ជ្រាយ​តាំងពី​ទឹក​ទី​៣ ​ខណៈ​ដែល​Nop Pakao នៅ​តែ​រឹងមាំ​នោះ​។ ផាន់​ណា គ្រាន់តែ​ដួល​លើ​រេញ​រាប់​ភ្លេច ពោល​គឺ​ទន់ជ្រាយ​មិន​ដូច​ពីមុន​នោះ​ទេ​។​

ឯម ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លឹប​ឫទ្ធី​ពោធិ៍​សែន​ជ័យ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ OrRano ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​។ ការប្រកួត​លើក​នេះ ខ្លឹម​ខ្មៅ​គេ​វាយ​បាន​ល្អ​មែនទែន ដោយ​ក្នុង​ទឹក​ទី​២​នេះ​គេ​បាន​ប្រើ​ជង្គង់​អុក​ទៅលើ Or Rano ឲ្យ​ទល់​ផ្អក ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​។ បន្ទាប់ពី​បន្ត​ការប្រកួត​ទៀត​នោះ Or Rano ក៏​ត្រូវ ខ្លឹម​ខ្មៅ​បញ្ចេញ​កែង​មួយ​កែង​ត្រូវ​សៀតផ្កា ធ្វើ​ឲ្យ​សន្លប់​លែង​ក្រោក​។​

ចំណែក​អ្នក​ប្រដាល់​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ ក្លឹប​មកុដ​រាជសីហ៍ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជា​មួយ​អ្នក​ប្រដាល់​ថៃ Sen Sep ប៉ុណ្ណោះ​។ អ្នក​ប្រដាល់​ថៃ Sen Sep​នេះ ខ្លាំង​ហើយ​រឹងមាំ​ទៀត វាយ​ត្រូវ​សោ​ភ័​ណ្ឌ​ពេញៗ​និង​មានប្រៀប​ឈ្នះ​តាំងពី​ទឹក​១​ដល់​ទឹក​ទី​៤​ថែមទៀត​។​

សោ​ភ័​ណ្ឌ បើ​កុំ​តែ​ក្នុង​ទឹក​ទី​៥ បាន​វាយ​កែង​ត្រូវ Sen Sep​មួយ​កែង​ឲ្យ​ដួល​វិញ​នោះ ក៏​ពិបាក​បាន​ស្មើ​ដែរ​។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​នោះ បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លឹប​រ៉ា​ហាប់​ស្វាយ​ប៉ាក​ផ្ដួល​ គង់ ហ៊ូ​វ អ្នក​ប្រដាល់​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​នៅ​ទឹក​ទី​៤​។

ថុល មករា អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា​សងសឹក​ជាមួយ​សោម វិឆ័យ អ្នក​ប្រដាល់​ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​យកឈ្នះ​បាន​វិញ​ដោយ​ពិន្ទុ​។ ខុន រាជ អ្នក​ប្រដាល់​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​ផ្ដួល​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លឹប​ពុទ្ធ​សេរី​វង្ស​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៤​៕​

វិ​សិទ្ធ​

Post a Comment

0 Comments

Close Menu