ប៉ៃលិន ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ មានពិធីធ្វើទស្សនកិច្ចសិក្សា ស្ដីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៣, ឧត្ដមសេនីយ៍ទោ ព្រំ ប៉ាត់ មេបញ្ជាការកងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ប្រង់ សុធី នាយសេនាធិការងយោធភូមិភាគ៥ ,លោកឧត្ដមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន ,លោកអភិបាលស្រុកសាលាក្រៅ , ព្រមទាំងមេបញ្ជាការអាវុធហត្ថស្រុក ,តំណាងអធិការស្រុកសាលាក្រៅ និងនាយទាហាន ពលទាហាន ជិត១០០នាក់។
បន្ទាប់ពីប្រតិភូអញ្ជើញចុះត្រួតពិនិត្យជាក់ស្ដែង តាមបណ្ដាគោលដៅនានាក្នុងកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ រួចមក គណៈអធិបតីនិងប្រតិភូ ក៏បានចូលរួមមតិវាយតម្លៃ នូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលអង្គភាពទាំងមូលធ្វើបាន។
មានប្រសាសន៍នាឧកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈាង អ៊ិត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន នៃការអញ្ជើញចូលរួមដ៏កុះករ ពីសំណាក់ឯកឧត្ដមអស់លោកពីគ្រប់បណ្ដាអង្គភាពជិតឆ្ងាយទាំងអស់ ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សា ដើម្បីចែករំលែកបទពិសោធន៍។
ចំពោះអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈាង អ៊ិត បានមានប្រសាសន៍កោតសរសើរ ដោយសារជាក់ស្ដែង ឃើញថាមានការវិវឌ្ឍឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលមុន ដែលទីនេះគ្មានអ្វីសោះ សូម្បីការរស់នៅរបស់ទាហាន។
ឯកឧត្ដមមានប្រសាសន៍បន្តថា នេះ ស.បញ្ជាក់ពីប្រសិទ្ធភាព នៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់មេបញ្ជាការអង្គភាពគ្រប់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យដោយមានការចូលរួម ដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងដោយអាស្រ័យលើការយកចិត្តទុកដាក់ពីឧត្ដមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន លើការដឹកនាំបញ្ជា និងកសាង។
ជាមួយគ្នានេះ ឯកឧត្ដម បានជំរុញ និងធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់ វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ទាំង៤ខ្លឹមសារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិតគំនិតផ្ដើម តទៅមុខទៀតឲ្យដូចភ្លៀងរលឹម។
ព្រមជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានជំរុញ និងផ្ដល់ការលើកទឹកចិត្ត ដល់នាយពលទាហាន ក្នុងអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ត្រូវបង្កើនការគ្រប់គ្រងកម្លាំង សម្ភារៈសឹក និងគ្រឿងបំពាក់ ដែលមានស្រាប់ឲ្យបានល្អ ក្ដាប់ឲ្យជាប់រាល់សភាពការណ៍ ដែលកើតមានឡើងក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អនូវការទំនាក់ទំនងជាមួយកងទ័ព នៃប្រទេសជិតខាង ក្នុងការរក្សាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន ពិសេសគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណភាពទឹកដីកម្ពុជាឲ្យបានរឹងមាំ។
សូមបញ្ជាក់ថា ទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលផ្ដួចផ្ដើមថវិកាក្នុងការកសាងដោយលោកឧត្ដមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments