Ad Code

រយៈពេល​១១​ខែ​ឆ្នាំនេះ​ មាន​ករណី​ជំងឺគ្រុនចាញ់​ចំនួន​៣​ម៉ឺន​ករណី​ តែ​គ្មាន​ករណី​ស្លាប់​ទេ​



​ភ្នំពេញ ​៖​ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ា ស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​បញ្ជាក់​ថា គិត​ចាប់ពី​ខែ​មករា មកទល់​ចុងខែ​វិច្ឆិកា​នេះ ករណី​ជំងឺ​គ្រុនចាញ់ មាន​ចំនួន​៣​ម៉ឺន​ករណី ក្នុង​នោះ​ករណី​ធ្ងន់​១​ម៉ឺន​ករណី និង​គ្មាន​ករណី​ស្លាប់​នោះ​ទេ។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​លើ​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ ពិសេស​ថ្នាក់​ខេត្ត សម្រាប់​លុបបំបាត់ ជំងឺគ្រុនចាញ់ (​កពខ​.​លគ​) និង​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺគ្រុនចាញ់​ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​សាទរ​ចំពោះ​លទ្ធផល​នេះ ​តែ​បាន​ជំរុញ​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការ​ប្ដេជ្ញា​រួម​គ្នា​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​នៅ​កម្ពុជា ត្រឹម​ឆ្នាំ​២០២៥ និង​បន្ត​រក្សា​ ឲ្យ​បាន​នូវ​អត្រា​មរណភាព​សូន្យ​ជូន​ប្រជាពលរដ្ឋ​។​

លោក​សាស្ត្រាចារ្យ បាន​ឲ្យ​ដឹង​ថា «​ដើម្បី​សម្រេច​គោលដៅ ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ី​ប៉ា​រ៉ូម នៅ​ឆ្នាំ​ខាងមុខ និង​កាត់បន្ថយ​ជំងឺគ្រុនចាញ់ គ្រប់​ប្រភេទ​ត្រឹម​ឆ្នាំ​២០២៥ ក្រសួង​ក៏បាន​បើ​កិច្ចប្រជុំ​នៅថ្ងៃនេះ ដើម្បី​ជំរុញ​បន្ថែមទៀត ក្នុង​ការ​លុប​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា ដែល​យើង​ជួបជុំ ក្រុម​ការងារ​ទទួលខុស​ត្រូវ​ថ្នាក់​មូលដ្ឋាន រួម​ទាំង​គណៈ​អភិបាល​ខេត្ដ រួមទាំង​ដៃគូ​អភិវឌ្ឍន៍ ដែល​ទទួលខុសត្រូវ​រួម​គ្នា ចែករំលែក និង​ស្វែងរក​ចំណុចខ្លាំង ដែល​ទទួលជោគជ័យ និង​ចំណុច​ខ្សោយ​ដែល​យើង​ត្រូវបំពេញ​បន្ថែម​»។​

លោក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា ​លទ្ធផល​ដ៏​ល្អ​នេះ ​គឺ​ដោយសារតែ​នៅក្នុង​ឆ្នាំ​២០១៨​នេះ យើង​បាន​ប្រើ​ប្រាស់​មុង​ជ្រលក់​ថ្នាំ​ចំនួន​៣​លាន​មុង ចែក​ជូន​ទៅដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ដោយ​ជំងឺគ្រុនចាញ់​ ពិសេស​ប្រជាពលរដ្ឋ ចំណាកស្រុក ទៅ​រស់​តំបន់​ព្រៃភ្នំ ដោយ​មិន​ដឹង​ពី​ទីតាំង​ច្បាស់លាស់​ដោយ​យើង​បានដាក់​ឲ្យ​ភ្នាក់ងារ​របស់​ក្រសួង​រួចហើយ ដើម្បី​ចែក​មុង អប់រំ និង​ធ្វើតេស្ត​ជូន​ពួកគាត់ ហើយ​បើ​ឃើញ​នូវ​រោគសញ្ញា​គ្រុនចាញ់​ត្រូវ​ឲ្យ​ឱសថ​គាត់​ភ្លាមៗ​ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា។​

ទន្ទឹមនឹង​នោះ ​លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​បញ្ហា​គ្រុនក្ដៅ បែកញើស ត្រូវ​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ហើយ​មាន​អ្នក​ស្ម័គ្រចិត្ត​ភូមិ ដើម្បី​ឲ្យ​គាត់​ធ្វើតេស្ត​រោគសញ្ញា​គ្រុនចាញ់ បើ​មាន​រោគសញ្ញា នឹង​ទទួល​បាន​ឱសថ​ភ្លាមៗ​ដើម្បី​ឲ្យ​ឆាប់​ជា​។

លើស​ពី​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់​ងាយ​រងគ្រោះ ត្រូវ​ប្រើប្រាស់​មុង​ជ្រលក់​ពណ៌​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ​និង​ជៀស​ផុត​ពី​ការ​ចំលង​ជំងឺគ្រុនចាញ់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu