សៀមរាប ៖ ក្រុមសមត្ថកិច្ចចម្រុះរួមមាន ប៉ូលិសសេដ្ឋកិច្ចខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការបិទទីតាំងផលិតទឹកសុទ្ធយីហោ ហុងហ័រ និងប៊ិក ស៊ី នេះម្តងទៀត ក្រោមការបញ្ជាផ្ទាល់របស់តំណាងអយ្យការអមសាលាដំបូងខេត្ត បន្ទាប់ពីម្ចាស់ទីតាំងខាងលើ ហ៊ានបកលិខិតបិទបណ្តោះអាសន្នរបស់សមត្ថកិច្ច ដើម្បីដំណើរការផលិតបន្តទៀត។
ហេតុការណ៍ចុះបិទនេះធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែកក្កដាស្ថិតនៅភូមិជ្រៃឃុំ
កណ្តែក ស្រុកប្រាសាទបាគង។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ទីតាំងផលិតទឹកសុទ្ធនេះមិនមានច្បាប់ត្រឹមត្រូវនោះទេ ហើយត្រូវបានសមត្ថកិច្ចចម្រុះចុះបិទម្តងរួចមកហើយប៉ុន្តែម្ចាស់ទីតាំងខាងលើល្មើសចំពោះសមត្ថកិច្ចចម្រុះហ៊ានហែកលិខិតដែលបានបិទកាលពីពេលកន្លងទៅដើម្បីលួចផលិតស្ងាត់ៗ។
លោកបន្តថា ករណីលោកបានហៅអ្នកទទួលខុសត្រូវនៅទីតាំងផលិតទឹកសុទ្ធ
នោះមានឈ្មោះ ជា ចាន់ធឿន យកទៅសួរនាំនៅស្នងការខេត្ត និងធ្វើកិច្ចសន្យាបិទម្តងទៀត រង់ចាំបទបញ្ជារបស់លោកព្រះរាជអាជ្ញា និងរង់ចាំការសុំច្បាប់ផលិតត្រឹមត្រូវពីសមត្ថកិច្ចជំនាញសិន។
សូមបញ្ជាក់ផងដែរថា នៅព្រឹកមិញនេះបន្ទាប់ពីសមត្ថកិច្ចចូលទៅត្រួតពិនិត្យទីតាំងផលិតទឹកសុទ្ធខាងលើគឺម្ចាស់ទីតាំងនោះមិនអនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលទៅយកព័ត៌មាននោះទេ ដោយដេញអ្នកកាសែតចេញក្រៅរបង។ ករណីនេះត្រូវបានក្រុមអ្នកកាសែតរិះគន់ម្ចាស់ទីតាំងនោះថា មានរឿងអ្វីក៏អាថ៌កំបាំងម្ល៉េះ បានជាមិនឲ្យអ្នកកាសែតចូលទៅយកព័ត៌មាន?
សូមរំលឹកថា ទីតាំងផលិតទឹកសុទ្ធយីហោ ហុងហ័រនិងប៊ិក ស៊ី នេះត្រូវបានសមត្ថកិច្ចចុះបិទម្តងរួចមកគឺនៅថ្ងៃទី១៥ខែកក្កដា កន្លងទៅថ្មីៗនេះតែត្រូវបានម្ចាស់ទីតាំងខាងលើលួចបើកបំពានច្បាប់ ទើបនៅថ្ងៃទី២៣នេះសមត្ថកិច្ចចម្រុះចុះបិទម្តងទៀត ដើម្បីឲ្យម្ចាស់ទីតាំងនោះធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ៕
សមត្ថកិច្ចចម្រុះចុះបិទទីតាំងផលិតទឹកសុទ្ធយីហោហុងហ័រនិងប៊ិស៊ីម្តងទៀតបន្ទាប់ពីនៅលួចផលិតបន្ត
0 Comments