បន្ទាយមានជ័យ ៖ ភ្ញៀវទេសចរណ៍ថៃនៅតែឈរលំដាក់ថ្នាក់លេខ១ក្នុងចំណោមភ្ញៀវទេសចរណ៍៣០ប្រទេស ដែលចូលមកទស្សនាកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ តែស្របនឹងចំណាក់ថ្នាក់នេះផងដែរចំនួនភ្ញៀវទូទៅក្នុងរយៈ៦ខែដើមឆ្នាំ២០១៥ មានការថយចុះដក ១៣,៣៣% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៤។
លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះច្រកអន្តរជាតិប៉ោយប៉ែតបានទទួលភ្ញៀវដែលចូលមកទស្សនា នៅក្នុងទឹកដីព្រះរាជណាចក្រកម្ពុជា មានភ្ញៀវទេសចរណ៍មកពី៣០ប្រទេស ដោយមានចំនួនមនុស្សសរុប២១១,០៥០នាក់។ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជានេះត្រូវបានបែងចែកភ្ញៀវដែលមានចំនួនច្រើនជាងគេចំនួន១០ប្រទេស ក្នុងនោះយើងឃើញថា ភ្ញៀវទាំង១០ប្រទេសនេះរួមមាន ភ្ញៀវជនជាតិថៃឈរលំដាប់ថ្នាក់លេខ១ គឺមានចំនួនដល់ទៅ៥៤,១៦៧នាក់ មានការកើនឡើង២១,៧២% បើធៀបទៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ បន្ទាប់មកលេខ២ភ្ញៀវជនជាតិរុស្ស៊ីមានចំនួន១៦,៧៣២នាក់ ថយចុះ៦៤,៦៥% លំដាប់ថ្នាក់ភ្ញៀវជនជាតិចិនមានចំនួន១១,២៨៣នាក់ កើនឡើង១៣៣,១៧% លំដាប់ថ្នាក់ទី៤ អង់គ្លេសមានចំនួន៩,៤៤០នាក់ ថយ២,៥៦% លំដាប់ថ្នាក់ទី៥ ភ្ញៀវជនជាតិអាមេរិក ៨,១៦០នាក់ កើន៤,៥៦% លំដាប់ថ្នាក់ទី៦ ឥណ្ឌូណេស៊ី៧,៤០៤នាក់ កើន១២,៦៦% លំដាប់ថ្នាក់ទី៦ អាឡឺម៉ង់ ៦,៣៦៤នាក់ ថយ០,០៩% លំដាប់ថ្នាក់ទី៨ កូរ៉េខាងត្បូង ៦,១៥០នាក់ ថយ២៦,០៣% លំដាប់ថ្នាក់ទី៩ បារាំង ៥,៥០៣នាក់ ថយ១២,១៣% លំដាប់ថ្នាក់ទី១០ ជប៉ុន ៤,៨២៩នាក់ថយចុះ ៨%។
ក្នុងចំណោមភ្ញៀវទេសចរណ៍សរុបខាងលើមមានភ្ញៀវបរទេសជាជនជាតិឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម មានចំនួន៣៩,០២៥នាក់ ស្មើនឹង១៨,៤៩% ពុំបានចូលមកលេងកម្ពុជាទេ ភ្ញៀវទេសចរណ៍ទាំងនេះគ្រាន់តែមកបំពេញបែបបទចេញចូល ឬវាយត្រាចេញចូលលើលិខិតឆ្លងដែន រួចចូលទៅរស់នៅដោយស្របច្បាប់ក្នុងប្រទេសថៃវិញតែប៉ុណ្ណោះ។
ដោយឡែក ភ្ញៀវទេសចរណ៍បរទេសដែលចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន២១៤,៧៣៤នាក់ ថយចុះ១៣,៧១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹង៦ខែដើមឆ្នាំ២០១៤គឺមានចំនួន២៤៨,៨៤៣នាក់ ។ ភ្ញៀវបរទេសចូលលេងកាស៊ីណូព្រំដែនប៉ោយប៉ែតមានចំនួន ៦៥៦,២៣១នាក់ ថយចុះ១,៩៧%។
និយាយជារួមភ្ញៀវទេសចរណ៍បរទេស ដែលចូលមកកម្ពុជាដែលចូលមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតថយចុះចំនួន៣២,៤៤៧នាក់ ស្មើនឹងដក១៣,៣៣%។
ទាក់ទងនឹងចំនួនភ្ញៀវទេសចរណ៍ថយចុះនេះ លោក ជង់ ឡឹម បានបញ្ជាក់ថា មកពីកក្តាជាច្រើនដូចជា កត្តាស្ថេរភាពសន្តិសុខនៅក្នុងប្រទេសថៃកន្លងមកដែលមានភាពវឹកវរដោយការធ្វើរដ្ឋប្រហារ និងការដាក់ប្រទេសក្នុងភាពអាសន្ន ការផ្ទុះជំងឺហេសបូឡា ជំងឺផ្លូវដង្ហើម ទើបធ្វើឲ្យភ្ញៀវបរទេសមានការខ្លាចរអាមិនហានដើរកំសាន្ត។ ទេសចរណ៍ខុសពីអ្នកជំនួញបើគាត់ត្រូវទៅ នឹងទៅ ព្រោះគាត់ខ្លាចខាត។
ដើម្បីជាការទាក់ទាញ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរណ៍ លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្រោយពីក្រុមការងារអន្តរក្រសួង ដែលបានចុះមករៀបចំច្រកទ្វារអន្តរជាតិប៉ោយប៉ែតកន្លងមក ឃើញថា មានភាពល្អប្រសើរ ហើយថ្នាក់ដឹងនាំក្រសួងបានកោតសរសើរ អោយបណ្តាច្រកដទៃទៀតយកគំរូតាម។
ជាមួយនឹងការរួមចំណែកនេះលោកបានរៀបចំរថយន្តតាក់ស៊ីដែលកន្លងមកមាន៩៩គ្រឿងជារថយន្តសម្រាប់ដឹកភ្ញៀវទេសចរណ៍បានមកនៅត្រឹម៥៧គ្រឿងដែលមានការចុះបញ្ជីក្នុងសមាគមន៍ និងបាញ់ថ្នាំ ជាអក្សរតាក់ស៊ី និងដាក់លេខក្រុមហ៊ុន ព្រមទាំងលេខ Hot Line របស់ប៉ូលិស ដើម្បីជៀសវាង កំអោយជនខិលខូចប្រព្រឹត្តអំពើមិនល្អលើភ្ញៀវទេសចរណ៍។ ក្រៅពីនោះទៀតលោកក៏បានជំរុញសមាគមន៍ទេសចរណ៍បន្ទាយឆ្មារ និងការផ្សព្វផ្សាយដល់ភ្ញៀវឲ្យស្គាល់ពីតំបន់ទេសចរណ៍ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។
តាមការពិនិត្យ ចំនួនភ្ញៀវទេសចរណ៍នឹងមានការកើនឡើងចាប់ពីខែ កក្កដា នេះទៅ៕
ភ្ញៀវទេសចរណ៍បរទេសចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៦ខែដើមឆ្នាំ២០១៥មានការថយចុះដក១៣,៣៣%
0 Comments