Ad Code

ប្រជាពលរដ្ឋ​ជិតខាង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខណ្ឌដូនពេញ​ ចាត់វិធានការ​ហាង​យីហោ​Slim cafe និង​Family KTV 24h​ដែល​កំពុង​ពង្វក់​សិស្ស


ភ្នំពេញ ៖ Slim cafe និង​Family KTV 24h គឺជា​ឈ្មោះ​ហាង​មួយ​ ដែល​គ្រប់គ្រង​ដោយ​ជា​ជន​បរទេស​ជា​ថៅកែ ដែល​សព្វថ្ងៃនេះ​ បាន​នឹង​កំពុង​បើក​រកស៊ី ​គឺ​ពង្វក់​ក្រុម​យុវសិស្សសាលា​ទាំងស្រី​និង​ប្រុស​ដែល​ឯកសណ្ឋាន​ជា​សិស្ស​នាំគ្នា​មក​ពពាក់ពពូន​គេចវេស​ចោលការ​រៀនសូត្រ​មក​ពួន​ស​ង្ងំ​ផឹកស៊ី​ឱប​ថើប​លូក​ច្របាច់​គ្មាន​អៀនខ្មាស់​ឡើយ។

ហាង​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​កំពុង​ពង្វក់​យុវ​សិស្ស​ខ្មែរ ​ភ្លេច​ការរៀនសូត្រ​នោះ​មាន​ទីតាំង​ស្ថិត​ខាងត្បូង​មន្ទីរពេទ្យ​ធំ​ហៅ​ពេទ្យ​ព្រះ​កេតុមាលា​ នៅតាម​ផ្លូវ​លេខ​៨៨​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូន​ពេញ។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ហាង​នោះ បាន​ឲ្យ​ដឹងថា ហាង​យី​Slim cafe និង​Family KTV 24h​បាន​បើក​ដំណើរ​ជា​យូរ​មកហើយ​ ដែលមាន​ការរំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង​ដោយសារតែ​សម្លេង​តន្ត្រី​បើក​ឮ​បុក​ញ័រ​ពេញ​បេះដូង​ ទាំងថ្ងៃទាំងយប់​២៤​ម៉ោង​តែម្តង​ធ្វើ​ឲ្យ​ពួកគាត់​ដេក​ពូន​មិនបាន​ និង​ជាពិសេស​ទៀត​នោះ​នៅ​ហាង​នោះ​កំពុងតែ​ពង្វក់​ក្រុម​យុវ​សិស្ស​ទាំងស្រី​និង​ប្រុស​ដែល​លា​ឪពុក​ម្តាយ​ថា មក​រៀនសូត្រ​តែ​បែរ​ជា​ពួកគេ​នាំគ្នា​មក​ពពាក់ពពូន​ចូល​ផឹក​ស៊ីច្រៀង​កា​រ៉ា​អូ​ខេ​លូក​ឱបថើប​គ្នា​ទាំង​សម្លៀកបំពាក់​ជា​សិស្សសាលា​ និង​អ្នក​ខ្លះទៀត​ពេលដែល​មក​ដល់​ចូល​ផ្លាស់​សម្លៀកបំពាក់​ចេញ​ ដោយ​ឥត​អៀនខ្មាស់​ថា ខ្លួនឯង​ជា​កូន​ខ្មែរ​ និង​ជា​ទំពាំង​ស្នង​ឫស្សី​ឡើយ។

ប្រជាពលរដ្ឋ​ជិតខាង​បន្តទៀតថា ហាង​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​នោះ​មិន​ត្រឹមតែ​ពង្វក់​សិស្សសាលា​ក្រោម​អាយុ​នោះទេ​ គឺ​ហាង​នោះបាន​នឹង​កំពុង​រំលោភ​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​ទៀតផង​ ព្រោះតែ​ការតាំង​ចត​ម៉ូតូ​ និង​រថយន្ត​ពេញ​តែ​ផ្លូវ​នោះ​តែម្តង​មិនដែល​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មាន​វិធានការ​តប់​ស្កាត់​ឡើយ​។​ដូច្នេះហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ជិតខាង​ដែល​ឃើញ​ពី​សកម្មភាព​រាល់​យប់​ថ្ងៃ​ ដូច្នេះ​ពួកគាត់​បាន​សំណូមពរ​រាល់​ឪពុក​ម្តាយ​ទាំងអស់​ត្រូវ​តាមដាន​កូនៗ​របស់ខ្លួន​ ព្រោះ​នៅ​ហាង​នោះ​មាន​ក្មេង​ជា​សិស្សសាលា​ទាំងស្រី​ និង​ប្រុស​ជាច្រើន​នាក់​មក​ពពាក់ពពូន​ពួន​សម្ងំ​លូក​ឱបថើប​គ្នា​ឥត​អៀនខ្មាស់​អ្វី​បន្តិច​ឡើយ​ មិន​ត្រឹមតែ​ឱបថើប​គ្នា​ខាងក្នុង​បន្ទប់​មិន​អស់ចិត្ត​នោះ​ពេល​បណ្តើរគ្នា​ចេញមក​ខាងក្រៅ​ហាង​ក៏​ឱបថើប​គ្នា​យ៉ាង​ស្អិត​រមួត​ថែមទៀត។

ប្រជាពលរដ្ឋ​បាននាំគ្នា​ទទូច​ស្នើ​សុំ​ឲ្យ​លោក​ គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​ និង​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ មេត្តា​ចាត់វិធានការ​ចំពោះ​ហាង​យីហោ​Slim cafe និង​Family KTV 24h​នេះ​ផង​ព្រោះ​សព្វថ្ងៃនេះ​កំពុង​ពង្វក់​ក្រុមសិស្ស​សាលា​ក្រោម​អាយុ​នាំគ្នា​គេចវេស​ចោលការ​រៀនសូត្រ​អស់ហើយ។

ពាក់ព័ន្ធ​និង​បញ្ហា​នេះដែរ​ប្រជាពលរដ្ឋ​មានជំនឿថា លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ លោក​មិន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះឡើយ​ មិនយូ​មិនឆាប់​លោក​នឹង​ចាត់វិធានការ​ជាក់​ជាមិន​ខាន​ឡើយ​ លោក​មិន​បណ្តែត​បណ្តើយ​ឲ្យ​កូន​ខ្មែរ​ត្រូវ​ជនបរទេស​មក​ពង្វក់​ស្មារតី​បែបនេះ​ឡើយ៕


Post a Comment

0 Comments

Close Menu