Ad Code

ស្លាប​យន្តហោះ​ដែល​រក​ឃើញ​ នឹង​មិន​ផ្លាស់ប្តូរ​ការស្វែងរក​នៅ​បាតសមុទ្រ​ចំពោះ​ជើង​ហោះហើរ MH370 នោះ​ទេ

អ្នកដឹកនាំ​ការស្វែងរក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា បំណែក​មួយ​នៃ​ស្លាប​យន្ត​ហោះ​ ដែល​រកឃើញ​នៅលើ​កោះ​មួយ​នៅ​ភាគ​ខាង​លិច​មហាសមុទ្រ​ឥណ្ឌា​ គឺ​មិន​ទំនងជា​បំប្លែង​ការស្វែងរក​នៅ​បាតសមុទ្រ​សម្រាប់​យន្តហោះ​ម៉ាឡេស៊ី​ ដែល​បាត់​ខ្លួន​នៅ​ភាគខាងត្បូង​មហា​សមុទ្រ​ឥណ្ឌា​នោះទេ។


​ក្រុម​អ្នកស៊ើប​អង្កេត​សុវត្ថិភាព​អាកាស​កំពុង​តែ​ពិនិត្យមើល​កម្ទេចកម្ទី​យន្តហោះ​ ដែល​បាន​រកឃើញ​នៅលើ​កោះ​ជិត Madagascar ដើម្បី​មើលថា​ តើ​វា​ជា​ផ្នែក​មួយ​នៃ​ជើងហោះហើរ​ម៉ា​ឡេស៊ី MH 370 ដែល​បាត់​ខ្លួន​នៅ​ថ្ងៃទី៨ ខែ​មីនា​ ឆ្នាំមុន ​មែនឬ​មិនមែន​?


ប្រធាន​ស្នងការ​ការិយាល័យ​សុវត្ថិភាព​ដឹក​ជញ្ជូន​អូស្ត្រាលី​ លោក Martin Dolan ដែល​ដឹកនាំ​ការស្វែងរក​បាតសមុទ្រ​បាន​និយាយថា ប្រសិនបើ​ការរកឃើញ​បាន​បង្ហាញថា នេះ​ជា​ផ្នែក​មួយ​នៃ​យន្តហោះ​ដែល​បាត់​មែន​នោះ វា​នឹង​ស្រប​ជាមួយនឹង​ទ្រឹស្តី​ថា យន្តហោះដែល​​បាន​​បាត់​ខ្លួន​នោះ បាន​ធ្លាក់​ក្នុង​រង្វង់​តំបន់ស្វែង​​រក​​ផ្ទៃ​ដី ១២០,០០០គីឡូម៉ែត្រ​ការ៉េ​ភាគ​និរតី​​នៃ​​ប្រទេស​​អូស្ត្រាលី​។ Dolan ប្រាប់ The Associated Press ថា “​វា​មិន​បានធ្វើ​ឲ្យ​យើង​បញ្ឈប់​ការស្វែងរក​នៃ​តំបន់​នាពេល​បច្ចុប្បន្ន​នោះទេ​ ប្រសិនបើ​រឿងនេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​យន្តហោះ MH370 មែន​នោះ​” ។ “​វា​អាចទៅរួច​ទាំងស្រុង​ថា របស់​ម្យ៉ាង​អាច​អណ្តែត​ចេញពី​តំបន់​នៃ​ការស្វែងរក​បច្ចុប្បន្នរ​បស់​យើង”។


ការស្វែងរក​នៅ​បាតសមុទ្រ​ ដែល​សហការ​ឧបត្ថម្ភ​ដោយ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ ​មកទល់ពេលនេះ​បាន​ស្វែងរក​ក្នុង​ផ្ទៃដី៥៥,០០០គីឡូម៉ែត្រ​ការ៉េ​នៃ​បាតសមុទ្រ ។​

ប្រទេស​ម៉ាឡេស៊ី​ បញ្ជូន​ក្រុម​សម្រាប់​ការ​ផ្ទៀងផ្ទាត់។


រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​ បាន​និយាយ​​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ម៉ាឡេស៊ី​ បាន​បញ្ជូន​ក្រុម​មួយ​ដើម្បី​ផ្ទៀងផ្ទាត់​ថា​ តើ​បំណែក​នៃ​យន្តហោះ​ដែល​បាន​ផុស​ឡើង​នៅលើ​កោះ​មួយ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ​ អាចជា​ផ្នែក​មួយ​នៃ​យន្តហោះ​ម៉ាឡេស៊ី MH370 ឬក៏​យ៉ាងណា។ ការ​​ផុស​ឡើង​នៃ​បំណែក​យន្ដហោះ​ដ៏​អាថ៌កំបាំង​នៅលើ​កោះ​ប្រទេស​បារាំង La Reunion នេះ​បាន​ជំរុញ​ឲ្យ​មានការ​រំពឹងទុក​ថា វា​អាចជា​ផ្នែក​មួយ​នៃ​យន្តហោះ​ដែល​បាន​បាត់​នោះ។



​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​លោក Liow Tiong Lai ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុងញូ​វយ៉​កថា​ កម្ទេចកម្ទី​អ្វី​ក៏ដោយ​ដែល​បាន​រកឃើញ​ ចាំបាច់​ត្រូវ​ផ្ទៀងផ្ទាត់​បន្ថែមទៀត​មុនពេល​ដែល​យើង​អាច​បញ្ជាក់​បន្ថែមថា​ តើ​វា​ជា​របស់ MH370 មែន​ ឬក៏​មិនមែន​”។​ លោក​បាន​បន្ថែមថា ដូច្នេះ​យើង​​បាន​​បញ្ជូន​​ក្រុម​មួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​​បញ្ហា​នេះ ហើយ​យើង​សង្ឃឹមថា​ យើង​អាច​សម្គាល់​​វា​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។



​បំណែក​ប្រវែង​ពីរ​ម៉ែត្រ​នេះ​ដែល​ហាក់ដូចជា​ផ្នែក​មួយ​នៃ​ស្លាប​យន្តហោះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​សម្អាត​ឆ្នេរសមុទ្រ។ ក្រុមមន្ត្រី​ដឹកជញ្ជូន​ផ្លូវអាកាស​របស់​បារាំង ​បាន​បើក​ការ​ស៊ើបអង្កេត​ចូលទៅក្នុង​កន្លែង​ដែល​កម្ទេច​កម្ទី​នេះ​ផុស​ឡើង​។


​គ្មាន​ផ្នែក​ណាមួយ​នៃ​យន្តហោះ​ត្រូវបាន​គេ​រកឃើញ​នោះទេ​ ចាប់ពីពេលនោះ​មក​។ អាជ្ញាធរ​ម៉ាឡេស៊ី​ បានប្រកាស​នៅ​ខែមករាថា មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​ត្រូវបាន​សន្មត​ថា ​បាន​ស្លាប់។ យន្តហោះ​នេះ​បាន​បាត់​ខ្លួន​នៅពេល​យប់​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​កំពុងធ្វើដំណើរ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ទៅកាន់​ទីក្រុង​ប៉េកាំង ​ជាមួយ​មនុស្ស​ចំនួន ២៣៩នាក់​នៅក្នុង​យន្តហោះ​៕


AP/AFP




ស្លាប​យន្តហោះ​ដែល​រក​ឃើញ​ នឹង​មិន​ផ្លាស់ប្តូរ​ការស្វែងរក​នៅ​បាតសមុទ្រ​ចំពោះ​ជើង​ហោះហើរ MH370 នោះ​ទេ

Post a Comment

0 Comments

Close Menu