បាត់ដំបង ៖ ក្រុមកម្មករដំឡូងមីជាច្រើននាក់ ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់ ខណៈកំពុងប្រមូលដំឡូងដាក់លើរថយន្តពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីរន្ទះបាញ់បណ្ដាលឲ្យស្លាប់ និងរបួសនេះកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សេចក្ដីរាយការណ៍បន្តថា មុនពេលកើតហេតុ ក្រុមកម្មករបានប្រមូលដំឡូងដាក់លើរថយន្ត ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រំពេចនោះក៏ស្រាប់តែរន្ទះបានបាញ់ទៅលើក្រុមកម្មករដែលកំពុងប្រមូលដំឡូងមីនោះបណ្ដាលឲ្យកម្មករចំនួន៤នាក់រងរបួស និងម្នាក់ស្លាប់តែម្ដង។
ជនរងគ្រោះ ដែលស្លាប់មានឈ្មោះសែម បូរី ភេទប្រុស អាយុ២៥ឆ្នាំរស់នៅ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។ អ្នករបួស៤នាក់នោះ មាន២នាក់រស់នៅភូមិឃុំជាមួយអ្នកស្លាប់ មានឈ្មោះទី១. យី បី ភេទស្រីអាយុ២២ឆ្នាំ ទី២. ធា គឿន អាយុ២០ឆ្នាំ។ ដោយឡែក២នាក់ទៀតរស់នៅភូមិឃុំកើតហេតុតែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ ដែលស្លាប់នោះត្រូវបានបញ្ជូនទៅដល់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យហើយ ដោយសារភូមិឃុំនៅក្បែរគ្នា៕
រន្ទះបាញ់ទៅលើក្រុមកម្មករដំឡូងមីបណ្ដាលឲ្យស្លាប់ម្នាក់ របួស៤នាក់
0 Comments