កំពត ៖ នាថ្ងៃចន្ទ ០៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងមួយក្រុម រួមមាន មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ស្ពានថ្នល់ចិន (CRBC) ចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានជួសជុល កំណាត់ផ្លូវជាតិលេខ៤១ និងកំណាត់ផ្លូវជាតិលេខ០៣ និង កំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ៖ ផ្លូវជាតិលេខ៤១ កំពុងសិក្សាលទ្ធភាព និងបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព ពីផ្លូវប្រភេទ DBST ទៅជាផ្លូវបេតុង កៅស៊ូ AC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិត ទៀត។ ចំណែកកំណាត់ផ្លូវជាតិលេខ០៣ ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង។
ផ្លូវជាតិលខ០៣ ពីបែកគុសមកទីរួមខេត្តកំពត បន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពីDBSTទៅផ្លូវបេតុងកៅស៊ូAC សាងសង់ដោយក្រុមហ៊ុនចិន។ គម្រោងជួសជុលផ្លូវជាតិលេខ០៤ ត្រូវពង្រីកទទឹងពី ០៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលកៅស៊ូ AC បន្ថែមពីលើ និងលើកកម្រិតកម្ពស់ផ្លូវដែលលេចទឹក តាមតំបន់មួយចំនួន។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេដ្ឋារចនាសម្ពន្ធស្ពានថ្នល់ ដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង។
សូមជម្រាបជូនថា កាលពីកន្លងទៅ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធធ្វើការជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះ មុនពេលបោះឆ្នោត ដើម្បីសម្រួលជាបណ្ដោះអាសន្នដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមបោះឆ្នោត និងការធ្វើដំណើរ ព្រមទាំងដឹកជញ្ជូនផ្សេងៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments