សេវាអគ្គិភ័យរបស់ប្រទេសក្រិក បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួនបីនាក់បន្ថែមទៀតត្រូវបានគេអះអាងថាស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញរមណីយដ្ឋានឆ្នេរសមុទ្រនៅជិតទីក្រុងអាតែន ដែលជាហេតុនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ កើនឡើងដល់៩១នាក់។
អ្នកនាំពាក្យលោកស្រី Stavroula Malliri បាននិយាយថា មនុស្សចំនួន២៥នាក់ទៀតកំពុងបាត់ខ្លួននៅឡើយដោយនេះជាការផ្តល់នូវតួលេខច្បាស់លាស់ជាលើកដំបូងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាលើបញ្ហានេះ។
ចំណែកអ្នកនាំពាក្យសេវាការពារជនស៊ីវិលលោក Spyros Georgiou បានប្រាប់ AFP ថា ប៉ុន្តែអ្នកបាត់ខ្លួនខ្លះឬទាំងអស់អាចស្ថិតក្នុងចំណោមជនរងគ្រោះចំនួន២៨នាក់ដែលសាកសពរបស់ពួកគេកំពុងត្រូវបានពិនិត្យដោយអ្នកឯកទេសវេជ្ជសាស្ត្រហើយមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ។
ក្មេងៗជាច្រើនបានប្រឈមមុខនឹងសោកនាដកម្មនេះរួមទាំងកូនភ្លោះស្រីអាយុ៩ឆ្នាំ, ទារកអាយុ៦ខែម្នាក់, បងប្អូនប្រុសស្រីអាយុ១១និង១៣ឆ្នាំផងដែរ។
រហូតមកដល់ពេលនេះ ជនរងគ្រោះបរទេសចំនួន៤នាក់ត្រូវបានកំណត់អត្តសញ្ញាណរួមមានបុរសអៀរឡង់វ័យក្មេងកំពុងក្រេបទឹកឃ្មុំម្នាក់, ស្ត្រីប៉ូឡូញម្នាក់និងកូនប្រុសរបស់នាងនិងបុរសជនជាតិប៊ែលហ្សិកម្នាក់ដែលកូនស្រីរបស់គាត់ត្រូវបានជួយសង្គ្រោះ។
កាលពីថ្ងៃអាទិត្យ មានការស្តីបន្ទោសកាន់តែខ្លាំងលើការដោះស្រាយរបស់អាជ្ញាធរចំពោះវិបត្តិនេះខណៈដែលគណបក្សស្តាំនិយមនិងនិយមកណ្តាលបានចោទប្រកាន់រដ្ឋាភិបាលថាបានព្យាយាមលាក់បាំងការបាត់បង់ជីវិតរបស់មនុស្ស។
សេវាអគ្គិភ័យកាលពីថ្ងៃអាទិត្យបានបន្តការស៊ើបអង្កេតអំពីមូលហេតុនៃភ្លើងឆេះព្រៃដោយរដ្ឋាភិបាលបានដាក់ការសង្ស័យថា វាបង្កឡើងដោយការលួចដុត៕ AFP
Source: Kampuchea Thmey Daily
0 Comments