Ad Code

ករណី​គាស់​ទម្លុះទម្លាយ ​បាន​កើត​ឡើងជា​បន្តបន្ទាប់ ​នៅ​ស្រុក​សំពៅ​លូន



បាត់ដំបង ៖ នេះ​ជា​លើក​ទី​២​ហើយ នៅក្នុង​សប្តាហ៍​ចុងខែ​កក្កដា​នេះ ដែល​មាន​ករណី​ក្រុម​ចោរ​បានធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ប្រមូល​យក​នូវ​ទ្រព្យសម្បត្តិ រួច​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ខណៈ​ដែល​ម្ចាស់ផ្ទះ​មានការ​ធ្វេសប្រហែស​ តែ​បន្តិច​ដោយ​ទុក​ផ្ទះ​ចោល​គ្មាន​មនុស្ស​នៅ។

ករណី​គាស់​ផ្ទះ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី ​ យប់​ថ្ងៃទី​២៩ ​ខែកក្កដា ឆ្នាំ ២០១៨ នៅ​ត្រង់ចំណុច​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ដែល​ការ​ធ្វើសកម្មភាព​របស់​ជន​មិន​ស្គាល់​មុខ​នេះ​ គឺ​បន្ទាប់ពី​មាន​ករណី​គាស់​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ​ម្តង​រួច​មក​ហើយ កាលពី​រសៀល ថ្ងៃទី ២៨ ខែកក្កដា​ ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច​ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន។

​នៅក្នុង​ករណីនេះ ជនរងគ្រោះ ដែលជា​ម្ចាស់ផ្ទះ​មានឈ្មោះ ជុំ វ​ទ្ធី ហៅ​ប៉ែល ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ទាំង​ប្តី ទាំង​ប្រពន្ធ ដោយ​នៅវេលា​ខាងលើ ពួកគេ​មិនបាន​នៅផ្ទះ​ទេ ដែល​ទំនងជា​ជាប់រវល់​ក្នុង​ការងារ​បោះឆ្នោត លុះ​ពេល​ត្រឡប់មកវិញ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​គាស់​ទ្វារផ្ទះ​ប្រមូលយក​នូវ​ទ្រព្យសម្បត្តិ​អស់​មួយចំនួន យកទៅ​ដោយ​សុវត្ថិភាព។​

ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ៖ ប្រាក់រៀល​អស់​ចំនួន ៨៦ម៉ឺន​រៀល ទូរទស្សន៍​ទំហំ ៣២​អ៊ីង​ ១ គ្រឿង ធុង​បាស់​ស្ពី​ក​ឃ័​រ ១​គ្រឿង និង ខ្សែ ក​ប្លាទីន ១​ខ្សែ ទម្ងន់ ២​ជី។

ជុំវិញ​ករណី​ចោរកម្ម ដែល​បាន​កើតឡើង​ផ្ទួនៗ​គ្នា ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន​នេះ​ដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង ទទួល​ផែន​យុត្តិធម៌ បាន​បញ្ជាក់​ថា​ លោក​បានដាក់​កម្លាំង​ជំនាញ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះទៅ​កាន់​តំបន់​ខាងលើ​ហើយ ដើម្បី​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន ក្នុងការ​វែកមុខ​រក​ជនសង្ស័យ​ទាំង​២​ករណី ខាងលើនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu