Ad Code

សង្កាត់​ចំនួន​៤​របស់​ក្រុង​ស្ទឹងត្រែង​ ត្រូវ​បាន​ទឹកជំនន់​ទន្លេមេគង្គ លិច​បណ្តើរៗ​ហើយ



ភ្នំពេញ ​៖ ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ​ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង បាន​ជន់​លិច ចូល​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​សង្កាត់​ចំនួន​០៤ របស់​ក្រុង​ស្ទឹងត្រែង ជា​បណ្តើរៗ​ហើយ ក្នុង​នោះ​មាន​សង្កាត់​ព្រះបាទ សង្កាត់​ស្រះ​ឫស្សី សង្កាត់​ស្ទឹងត្រែង និង​សង្កាត់​សាមគ្គី។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា គិត​មកដល់​ម៉ោង ១១ ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១០,៨០ ម (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម​)។ ទឹកទន្លេ​បាន​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​ក្នុង​សង្កាត់​ចំនួន ០៤ របស់​ក្រុង​ស្ទឹងត្រែង ជា​បណ្តើរៗ​ហើយ ក្នុង​នោះ​មាន​សង្កាត់​ព្រះបាទ សង្កាត់​ស្រះ​ឫស្សី សង្កាត់​ស្ទឹងត្រែង និង​សង្កាត់​សាមគ្គី។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​លើ ក្នុង​ប្រទេស​កម្ពុជា បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់​។​

សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក បានបញ្ជាក់​ទៀតថា យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​លើ អាច​កើន​ឡើងដល់​៖​ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​កើនឡើង​ដល់ ១១.០៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។​

​ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​កើនឡើង​ដល់ ២១.៦៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។ ​ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​កើនឡើង​ដល់ ១៤.៨០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។ ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu