Ad Code

រដ្ឋបាល​ព្រៃឈើ ​សហការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បង្ក្រាប​ទូក​ដឹកឈើ​២​គ្រឿង​ប្រមាណ​៤០​ម៉ែត្រគូប



ស្ទឹងត្រែង ​៖​ កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក​ហ៊ុន សំអឿន​ នាយរង​សង្កាត់​ស្ទឹងត្រែង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​លៀង សេង ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​បង្ក្រាប​ទូក​ដឹកឈើ​ប្រភេទ​លេខ​មួយ​ចំនួន​២​គ្រឿង​ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ​កណ្ដាល​អធ្រាត្រ ក្នុង​ដង​ទន្លេសេកុង ត្រង់​ចំណុច​ក្រោម​ស្ពាន​សេកុង ទល់មុខ​ក្រុង​ស្ទឹងត្រែង។

លោក​ហ៊ុន សំអឿន ​នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​បាន​អោយ​ដឹង​ថា ​ទូក​ដឹកឈើ​៣​ទៅ​៤​ង​គ្រឿង ​ត្រូវ​បាន​គេ​​​លប​លួច​ដឹកឈើ​ប្រភេទ​លេខ​១(​កកោះ​ស្រឡៅ​) ចេញពី​ដង​ទន្លេសេកុង ចំណុច​ភូមិ​ញ៉ឺ​ន ​ស្ថិតក្នុង​ឃុំ​ស្តៅ ស្រុក​សេសា​ន ហើយ​កម្លាំង​របស់​លោក បាន​សហការ​ជាមួយ​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​ប្រតិបត្តិការ​រយៈពេល​២​យប់​រួច​មក​ហើយ ​តែ​មិនត្រូវ​បានទទួល​ជោគជ័យ​នោះ​ឡើយ ហាក់បីដូច​មាន​អ្នក​រាយ​ការណ៍​អោយ​ក្រុម​ឈ្មួញ​ដឹងខ្លួន​មុន​បើកទូក​រត់​គេ​បាត់​អស់​។​

លោក​នាយរង​សង្កាត់​បន្តទៀត​ថា ​នៅ​យប់​ថ្ងៃទី​៣០​កក្កដា ​ត្រូវ​បាន​គេ​រាយកាណ៍​​ថា​មាន​ទូក​ដឹកឈើ​ចំនួន​៣​គ្រឿង​ បាន​ចុះ​ពី​ចំណុច​ខាងលើ លោក​ក៏បាន​រៀបចំ​កម្លាំង​ដោយ​សម្ងាត់ ក្រោម​បញ្ជា​ពី​លោក​លៀង​សេង​ ប្រធាន​មន្ទី​រកសិកម្ម​ត្រៀមចាំ​នៅ​ចំណុច​ក្រោម​ស្ពាន​សេកុង ហើយ​នៅវេលា​ម៉ោង​ខាងលើ​ទូក​ដឹកឈើ ​បាន​ចុះ​មកដល់ ត្រូវបាន​កម្លាំងចម្រុះ បង្ក្រាបបាន​ចំនួន​២​គ្រឿង មួយ​ទូក​ទៀត​ត្រូវបាន​គេ​ពន្លិច​ចោល​ចូល​ទៅក្នុង​ទឹក​បាត់​។

លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទ​ល្មើ​ខេត្ត​ដែល​រួមសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​អស់​៣​ថ្ងៃ​បាន​បន្តថា ​ទូក​ឈើ​២​គ្រឿង​រួម​ទាំង​កម្មករ​៤​នាក់​ ដែល​សមត្ថកិច្ច​បង្ក្រាប​លោក​បាន បញ្ជា​អោយ​ម្ចាស់​ទូក​ដឹកឈើ​បើក​មកកាន់​ចំណុច​កំពង់​​​សាឡាង ដើម្បី​ធ្វើការ​ប្រគល់​ទៅអោយ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

បច្ចុប្បន្ន​ ទូក​ដឹកឈើ​ទាំង​២​គ្រឿង ប្រមាណ​៣០​ទៅ​៤០​ម៉ែត្រគូប​ ដែល​ប្រភេទ​ឈើ​លេខ​១(​កកោះ​ស្រឡៅ​)​ ត្រូវ​បាន​​​​​ដឹកជញ្ជូន​តាម​គោយន្ត យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី។ ចំណែក​កម្មករ​៤​នាក់​ ដែល​ជា​អ្នកស៊ីឈ្នួល​អោយ​ថៅកែ​ដឹកឈើ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu