Ad Code

ប្រធាន​ផ្សារ​សាមគ្គី ផ្តាច់​ប្រព័ន្ធ​កាមេរ៉ា​និង​ភ្លើង​បំភ្លឺ​ពេលយប់ ចោរ​ចូល​គាស់​ហាង​លក់​មាស​យក​អស់​ជាង​៥០​ម៉ឺន​ដុល្លារ



ភ្នំពេញ​ ៖ គ្រឿង​អលង្ការ​ធ្វើ​អំពី​មាស និង​ផ្លាក​ទីន ដែល គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ ត្រូវ​ក្រុម​ចោរ​គាស់​ទ្វារ​តូប​ប្រមូល​យក​ទៅ​អស់ ខណៈ​ដែល ក្នុង​ផ្សារ​ត្រូវ​បាន​គេ​ផ្តាច់​ប្រព័ន្ធ​កាមេរ៉ា​និង​ភ្លើង​បំភ្លឺ​ពេលយប់ ចោល​អស់​។



អំពើ​គាស់​ទម្លុះ​ទម្លាយ​នេះ​បាន បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

នៅ​តូប​លក់​គ្រឿង​អលង្ការ​យីហោ ហាង​មាស ផ្លាក​ទីន នៅ​ផ្សារ​សាមគ្គី ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។



សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​ផងដែរ តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ហួសចិត្ត និង​ស្តី​បន្ទោស​ខ្លាំងៗ​នោះ ​គឺ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​រាប់​សិប​គ្រឿង​នៅ​គ្រប់​តូប​លក់​គ្រឿង​អលង្ការ​និង​នៅ​ជុំវិញ​ទីតាំង​លក់​មាស​នោះ​ ត្រូវ​បាន​លោក​ប្រធាន​ផ្សារ​ដែល​ទើប​ឡើង​ថ្មី​បញ្ជា​ឲ្យ​ផ្តាច់​អស់​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅពេល​យប់​នោះ​ទេ សូម្បីតែ​ភ្លើង​ក៏​កាត់​ផ្តាច់​ដែរ​។ ​ចំណែក​ក្រុម​សន្តិសុខ​មិន​ឲ្យ​យាម​នៅ​ខាង​មុខ​ផ្សារ​ទេ​គឺ​ឲ្យ​យាម​នៅតែ​ក្នុង​ផ្សារ​ប៉ុណ្ណោះ​។



បុរស​ជា​ម្ចាស់​ហាង​ឈ្មោះ​ជា ធឿន អាយុ​៤៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក គាត់​បាន​មក​បើក​តូប​របស់​ខ្លួន ដើម្បី​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​ឃើញ​សោ​ទ្វារ​តូប​របើក​ពេល​ចូល​មើល​បាត់​គ្រឿងមាស និង​ផ្លាក​ទីន អស់រលីង​។



ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ថា គ្រឿងមាស និង​ផ្លាក​ទីន ដែល​ត្រូវ​ក្រុម​ចោរ​ប្រមូល​យកទៅ​អស់នោះ បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។



មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​ដែល​ចុះ​ស្រាវជ្រាវ​ករណីនេះ បាន​ឲ្យ​ដឹង​ថា ​ករណី​គាស់​តូប​លក់​គ្រឿងអលង្ការ​នេះ បន្ទាប់ពី​សមត្ថកិច្ច​ចុះទៅ​ត្រួត​ពិនិត្យមើល​ជាក់ស្តែង​ឃើញថា​ ក្រុម​ជនសង្ស័យ​បាន​ប្រមូល​យក​តែ​គ្រឿងមាស​និង​ផ្លាក​ទីន​។​ ចំណែក​គ្រឿង​ត្បូង​មួយចំនួន​នៅ​ដដែល ហើយ​ចំនួន​ទឹកប្រាក់​សមត្ថកិច្ច​មិនទាន់​ហ៊ាន​អះអាង​ថា ​អស់​ប៉ុន្មាន​នោះទេ​។



កន្លងមក​នៅក្នុង​ផ្សារ​សាមគ្គី​នេះ បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ពេញ​ផ្សារ​និង​បើក​ប្រើប្រាស់​ទាំងយប់​ទាំង​ថ្ងៃ​រួម​ទាំង​ភ្លើង​បំភ្លឺ​ផងដែរ តែ​បច្ចុប្បន្ននេះ​ប្រធាន​ផ្សារ​ដែល​ទើប​ចូលមក​កាន់ដំណែង​ថ្មី មិន​អនុញ្ញាត​ឲ្យ​បើក​ប្រើប្រាស់​ពេលយប់​នោះ​ទេ​ គឺ​ត្រឹម​ម៉ោង​៦​ល្ងាច​ឲ្យ​បិទ​ទាំងអស់ ដោយ​លោក​ប្រធាន​ផ្សារ​ឈ្មោះ​ថោង ថង​អះអាង​ថា ​ការពារ​ខ្លាច​ឆ្លង​ចរន្ត​កើតមាន​អគ្គីភ័យ​។

សមត្ថកិច្ច​ជំនាញ បាន​ហៅ​លោក​ប្រធាន​ផ្សារ និង​ក្រុម​សន្តិសុខ​ដែល​ប្រចាំ​ការ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កំណត់​មុខសញ្ញា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu