ភ្នំពេញ ៖ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០។ ជាថ្មីម្តងទៀតប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េដែល មានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ បានប្រព្រឹត្តិទៅក្រោមប្រធាន បទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ានសាធារណរដ្ឋកូរ៉េនិងទិសដៅអនាគត។
ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ានសាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើបទអន្តរាគមន៍ និង ទស្សនវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន ៣ ក្នុងនោះរួមមាន៖ ទី១.កម្ពុជាសូមស្វាគមន៍នូវសំណើរៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -សាធារណរដ្ឋកូរ៉េនៅឆ្នាំ ២០១៩ នៅសាធារណរដ្ឋកូរ៉េ។
កម្ពុជាក៏បានកត់សំគាល់ដោយក្តីរីករាយនូវបំណងដំឡើងកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េលើកទី១ ស្របពេលជាមួយនឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ានសាធារណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ាននិងសាធារណរដ្ឋកូរ៉េដើម្បីឲ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាសំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត។
ទី២.កម្ពុជាស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េនិងបង្កើតសហគមន៍មួយដែលឈរលើសសរស្ដម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។ កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះនឹង បំពេញបន្ថែមឲ្យគោលនយោបាយផ្សេងៗទៀតនៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាពតំបន់យើងទាំងពីរក៏ដូចជាប្រជាជនជារួម។
ទី៣.កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េនិងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាង សន្តិភាព អចិន្រៃ្តយ៍កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធីនិងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។ ការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនិងសេចក្តីថ្លែងការណ៍ ប៉ាន មូយ៉ូម ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាងទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះ គឺជាការលើកទឹកចិត្តនិងមិន ធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថា ការវិវឌ្ឍន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅសម្រេចបានសន្តិភាពអចិន្រៃ្តយ៍និងការរំសាយ អាវុធនុយក្លែអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០នោះដែរ បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០និងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្ត សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់សន្តិភាព និង វិបុលភាព ឆ្នាំ២០១៦ -២០២០៕
Source: Kampuchea Thmey Daily
0 Comments