ភ្នំពេញ ៖ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១។ ជាថ្មីម្តងទៀតប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រ ជាមានិតចិនដែល មានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២១ បានប្រព្រឹត្តទៅក្រោមប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិននិងទិសដៅអនាគត។ ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនមេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្សចំពោះសមិទ្ធ ផលជាផ្លែផ្កាជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិកា រអាស៊ាន-ចិន ហើយដែលបាននឹងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ចំណងការទូត និង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើបទអន្តរាគមន៍លើប្រធានបទ "ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន និងទិសដៅអនាគត" បានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះ បានរបស់អាស៊ានទោះស្ថិតក្នុងកាលៈទេសៈ និង បរិការណ៍ណាក៏ដោយហើយសង្ឃឹមថា ទំនាក់ទំនងនេះនឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផល ប្រយោជន៍រួមនឹងការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ជូនប្រជាជាតិទាំងអស់។
នៅក្នុងបទអន្តរាគមន៍នោះដែរ សម្តេចតេជោនាយករដ្ឋ មន្ត្រីបានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន ៤ ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនក្នុងនោះរួមមាន៖ ទី១. កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដែលនិងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាននិងចិនដើម្បីអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវចក្ខុវិស័យយន្តការនិងទិសដៅខាងលើសំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន។
ទី២.កម្ពុជាសូមស្វាគមន៍ការកំណត់យកឆ្នាំ ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិនដោយសង្ឃឹមថា សមាជិកអាស៊ាននិងចិននឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាពនិងគម្រោងនានាពាក់ព័ន្ធនិងវិស័យព័ត៌មានសំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនង អាស៊ាន-ចិន លើគ្រប់វិស័យជាពិសេសរួមចំណែកដល់ការកសាងជំនឿនិងទំនុកចិត្តដើម្បីជាស្ពានមិត្តភាពរវាងប្រជាជននិងប្រជាជន។
ទី៣.កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិនពាក់ព័ន្ធនិងវិស័យតភ្ជាប់និងការបន្តគាំទ្ររបស់ចិនក្នុងការអនុវត្តផែនការ មេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នានិងការបំពេញឲ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាននិងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងវិថីមួយរបស់ចិន។
ទី៤. កម្ពុជាគាំទ្រការបន្តពង្រឹងនិងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍រវាងអាស៊ាន និង ចិន ឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀតដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់យើងប្រកបដោយ ចិរភាព និងបរិយាប័ន្ន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំ អាស៊ាន-ចិន លើកទី២១ ។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០ សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកទេសនិងនវានុវត្តន៍អាស៊ាន-ចិន របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាពនិងវិបុលភាព។ បញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍ ១៥ ឆ្នាំនៃទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រអាស៊ាន-ចិន និងបញ្ជីសកម្មភាពសម្រាប់ឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន៕
Source: Kampuchea Thmey Daily
0 Comments