កម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ឬ Cambodian Football Award លើកទី២ ប្រចាំរដូវកាល២០១៨ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទីសុក្រ ទី១៦ ខែវិច្ឆិកា ចុងសប្ដាហ៍នេះនៅមជ្ឈមណ្ឌល The Premier Centre Sen Sok ក្នុងរាជធានីភ្នំពេញ។
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រាប់សំបុត្រចូលរួមកម្មវិធី Cambodian Football Award នេះគឺមានតម្លៃ៣ដុល្លារដោយបូកបញ្ចូលទាំងអាហារសម្រន់ និងភេសជ្ជៈ ហើយអាចទស្សនាការប្រគំតន្ត្រីបានទៀតផង។ មហាជនដែលចាប់អារម្មណ៍សូមទៅទាក់ទងនៅទីតាំងផ្ទះលេខ២ ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៧០ ៨៤០ ៥៦១។
តាមគម្រោងក្នុងកម្មវិធីនេះ ប្រព្រឹត្តទៅចាប់ពីម៉ោង៤ល្ងាចដល់ម៉ោង៩យប់ ដោយបែងចែកជា៣ដំណាក់កាលធំៗដូចជាកម្មវិធីសម្រាប់ចែកពានរង្វាន់ដំណាក់កាលដំបូងនឹងចែកពានរង្វាន់ក្របខណ្ឌ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងការបង្ហាញក្រុមជ័យលាភីទាំង ៤ ក្លិបចំណាត់ថ្នាក់លេខ ១,ក្លិបចំណាត់ថ្នាក់លេខ ២,ក្លិបចំណាត់ថ្នាក់លេខ ៣ (ចំណាត់ថ្នាក់លេខ៣ស្ទួន មាន ២ក្លិប)។ ការប្រគល់ពានរង្វាន់ផ្សេងៗទៀត ដែលលើកពីថ្ងៃប្រកួតផ្តាច់ព្រ័ត្រមកចូលក្នុងកម្មវិធីនេះ ដូចជាគ្រូបង្វឹកល្អជាងគេ,កីឡាករល្អជាងគេ,កីឡាករទាត់បញ្ចូលទីច្រើនជាងគេ, អ្នកចាំទីល្អជាងគេ,ក្រុមអាជ្ញាកណ្តាលល្អជាងគេ,ក្លិបដែលបានជ័យលាភី Fair play។
ចំណែកដំណាក់កាលទីពីរ គឺចែកពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជា គឺមានការបង្ហាញក្រុមជ័យលាភីទាំង៣គឺក្លិបជើងឯក,ប្រគល់មេដាយទៅឲ្យក្លិបជ័យលាភីលេខ ២ និង លេខ ៣ ដែលលើកពីថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ ក្រៅពីនោះក៏មានប្រគល់ពានរង្វាន់គ្រូបង្វឹកល្អជាងគេ,កីឡាករល្អជាងគេ,កីឡាករទាត់បញ្ចូលទីច្រើនជាងគេ,អ្នកចាំទីល្អជាងគេ,ក្រុមអាជ្ញាកណ្តាលល្អជាងគេ,ក្លិបដែលបានជ័យលាភី Fair play។
សម្រាប់ដំណាក់កាលទីបី ការចែកពានរង្វាន់ CNCC Award ក្នុងនោះមានចែកជាពីរផ្នែក ដោយផ្នែកទី១ គឺ ការប្រគល់ពានរង្វាន់កិត្តិយសចំនួន ៥ ដើម្បីលើកទឹកចិត្ត ក្លិប កីឡាករ និង តបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធដែលបានលះបង់យ៉ាងច្រើនក្នុងការអភិវឌ្ឍបាល់ទាត់ជាតិ។ ផ្នែកទី២ គឺការប្រគល់ពានរង្វាន់ប្រជាប្រិយភាពចំនួន ៥ ដោយការបោះឆ្នោតតាមបណ្តាញសង្គម Facebook ផ្លូវការរបស់ CNCC មានដូចជា កីឡាករដែលមានប្រជាប្រិយភាព,គ្រូបង្វឹកដែលមានប្រជាប្រិយភាព,កីឡាករដែលមានរូបរាងសង្ហា,អ្នកគាំទ្រដែលមានប្រជាប្រិយភាព,អ្នកថតរូបសារព័ត៌មានដែលមានប្រជាប្រិយភាព។
ពានរង្វាន់ដែលត្រូវប្រគល់ទាំងអស់ក្នុងព្រឹត្តិការណ៍នេះមានចំនួន ២២ និង ការប្រគល់មេដាយទៅក្លិបចំណាត់ថ្នាក់លេខ ១ ២ ៣ និង លេខ ៤ ក្នុងនោះពានរង្វាន់ក្នុងក្របខណ្ឌសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនចំនួន ៦ ពានរង្វាន់ក្របខ័ណ្ឌលីគកំពូលកម្ពុជា ចំនួន ៦ និងពានរង្វាន់របស់ CNCC ចំនួន ១០ ទៀត។
ប្រភពខាងលើបានបន្តថា «កម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា»នឹងមានការចូលរួមជាភ្ញៀវកិត្តិយសពីតំណាងរបស់លីគកំពូលជប៉ុន JAPAN PROFESSIONAL FOOTBALL LEAGUE ហៅកាត់ថា (J-League), តំណាងរបស់ La Liga ដែលជាក្របខណ្ឌកំពូលអេស្ប៉ាញ និងនាយករៀបចំគម្រោង និងធ្វើសកម្មភាពរបស់កីឡាអូឡាំពិកមកពីប្រទេសជប៉ុន ផងដែរ។ បន្ទាប់ពីចប់ពិធីប្រគល់ពានរង្វាន់រួច និងមានការប្រគំតន្ត្រីដោយចូលរួមដោយតារាចម្រៀងល្បីៗរបស់ប្រទេសកម្ពុជា។ កម្មវិធីនេះក៏នឹងមានផ្សាយផ្ទាល់ទាំងស្រុងដោយស្ថានីយទូរទស្សន៍ BTV ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments