ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបទៅភាគី គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា ផែនការ ការងារយុទ្ធសាស្ត្រថ្មីរបស់ ADB HQ លើវិស័យទឹករបស់ប្រទេសកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នឹងអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) ក្នុងខេត្តចំនួន៥ ដើម្បីអាចឲ្យកសិករ ធ្វើការស្រោចស្រពដំណាំស្រូវ បាន៣ដងក្នុង១ឆ្នាំ។
លោក លឹម គានហោ មានប្រសាសន៍បែបនេះបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ និងរាយការណ៍ជូនលើផែនការ ការងារយុទ្ធសាស្ត្រថ្មីរបស់ ADB HQ លើវិស័យទឹករបស់ប្រទេសកម្ពុជា ជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfang Zhang Director of Environment, Natural Resources and Agriculture Division of the Southeast Asia Department និងសហការី។
ក្នុងជំនួបនោះ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន រាយការណ៍ជូនលើផែនការ ការងារយុទ្ធសាស្ត្រថ្មីរបស់ ADB HQ លើវិស័យទឹករបស់ប្រទេសកម្ពុជា ថា ADB HQ និងក្រសួងធនធានទឹក និងឧតុនិយម នឹងអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) ក្នុងខេត្តចំនួន៥រួមមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត ដោយធ្វើទំនើបកម្ម ធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន៥នេះ ឲ្យទៅជាប្រព័ន្ធធារាសាស្ត្រមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចស្រោចស្រពបានទាំងរដូវប្រាំង និងរដូវវស្សា ហើយអាចធ្វើការស្រោចស្រពដំណាំស្រូវ បាន៣ដងក្នុង១ឆ្នាំ។
លោក រដ្ឋមន្ត្រី បន្តថា សាងសង់ប្រព័ន្ធប្រឡាយជាបេតុង ប្រវែង៣៨១.២ គីឡូម៉ែត្រ សាងសង់ទំនប់អាងទឹកជាបេតុង ប្រវែង៦.៥គីឡូម៉ែត្រ សាងសង់ទំនប់បង្ហៀរខ្នាតធំ ប្រវែង៨០០គីឡូម៉ែត្រ បំពាក់ស្ថានីយបូមទឹក ដើរដោយថាមពលអគ្គិសនីខ្នាតធំ មានក្បាលបូម៥ ចំនួន២កន្លែង ជាប្រភេទ Smart Pumping Systems។
សាងសង់ Join Reservoir Operations (JOROP) ដើម្បីធានាបានលើរបបទឹក ឲ្យនៅតែជាទឹករស់ទាំងរដូវវស្សា និងរដូវប្រាំង។ សាងសង់មជ្ឈមណ្ឌលទិន្នន័យទឹកដ៏ទំនើប ដើម្បីធ្វើការគ្រប់ គ្រង បញ្ជាផ្សព្វផ្សាយព្យាករណ៍សំយោគ និងយុទ្ធសាស្ត្រដាក់ផែនការដំណោះស្រាយ និងរក្សាទុកលើទិន្នន័យទឹក។ បំពាក់បន្ថែមលើ Hydrometers and AWSs។ បំពាក់សម្ភារទំនើបគ្រប់យ៉ាងទាំងអស់ ដែលបម្រើឲ្យការបញ្ជា គ្រប់គ្រង និងដាក់យុទ្ធសាស្ត្រទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងលក្ខណៈ Real Time Forcasting។ ដំឡើងប្រព័ន្ធ Doppler Radar តេជោសែនទី២ ថ្មី១ទៀត នៅខេត្តកំពង់ធំ ដើម្បីជួយដល់ការព្យាករគ្រប់គ្រងផ្សព្វផ្សាយ និងសំយោគទិន្នន័យទឹកក្នុងលក្ខណៈ Real Times។ បំពាក់សម្ភារគ្រប់យ៉ាងទាំងអស់ ក្នុងមជ្ឈមណ្ឌល ហើយធ្វើការបណ្តុះបណ្តាលរយៈពេលវែង លើជំនាញទាំងអស់ដែលបម្រើឲ្យមជ្ឈមណ្ឌលទិន្នន័យទឹកខាងលើ។ គម្រោង IAIP ខាងលើត្រូវចំណាយថវិកា អស់ប្រមាណ១៣៥លានដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments