ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាល បានកាត់បន្ថយជំងឺហង់សិន ឬជំងឺឃ្លង់ឲ្យលែងជាបញ្ហាសុខភាពសាធារណៈទៀតហើយ ប៉ុន្ដែនៅមិនទាន់អាចលុបបំបាត់ជំងឺនេះបានទាំងស្រុងនៅឡើយទេ។
លោកសាស្ដ្រាចារ្យ អេង ហួតបានថ្លែងនៅក្នុងកិច្ចប្រជុំតុមូល នៃកម្មវិធីជាតិកំចាត់រោគហង់សិនលើកទី២៥ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ថា «យើងបានកាត់បន្ថយជំងឺហង់សិន ឲ្យលែងជាបញ្ហាសុខភាពសាធារណៈ ប៉ុន្ដែមិនទាន់បានលុបបំបាត់ទាំងស្រុងនោះទេ។ មានន័យថា ការចម្លងកម្រិតទាប និងនៅតែបន្ដមាន ដែលជាលទ្ធផលការកើតឡើងករណីថ្មី នៅតែមាន។ យើងដឹងថា ដំណាក់កាលសំងំនៃជំងឺនេះ មានរយៈពេលយូរ វានឹងបន្ដមានករណីថ្មី ច្រើនឆ្នាំខាងមុខទៀត»។
លោកសាស្ត្រាចារ្យបានបន្តទៀតថា នេះដោយសារតែយើងមានផ្នែកស្ដារលទ្ធភាពពលកម្មសម្រាប់ជនរងគ្រោះ ដោយសារជំងឺហង់សិនសម្រាប់ព្យាបាលអ្នកជំងឺ ដែលមានពិការភាព នៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាព ពលកម្មជនពិការគៀនឃ្លាំងភ្នំពេញ បាននឹងកំពុងដំណើរការយ៉ាងល្អ។
ជាងនេះទៅទៀត ក៏មានផ្នែកថែទាំដំបៅជើងស្ពឹក នៅមន្ទីរពេទ្យខេត្តបាត់ដំបង់ សម្រាប់ព្យាបាលដំបៅបាតជើង ដែលបណ្ដាលមកពីជើងស្ពឹក និងផ្ដល់សេវាវះកាត់ស្ដារដល់អ្នកជំងឺហង់សិន និងអ្នកជំងឺទឹកនោមផ្អែម ដែលកំពុងតែរីកចម្រើនបានល្អផងដែរ។
លោកសាស្ដ្រាចារ្យ អេង ហួត បានបញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែផ្ដោតលើការស្វែងរកករណីថ្មី ជំងឺហង់សិន និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាមួយថ្នាំច្រើនមុខ។ ការផ្សព្វផ្សាយ ពីជំងឺហង់សិន តាមសហគមន៍ និងបុគ្គលិកផ្នែកសុខភាពនៅគ្រប់កម្រិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកករណីថ្មី ការព្យាបាល ជាពិសេសពេលដែលអត្រាប្រេវ៉ាឡង់កាន់តែទាបទៅៗ។
ជាមួយគ្នានេះដែរ លោកសាស្ដ្រាចារ្យ បានបន្ថែមទៀតថា ក្រសួងសុខាភិបាលបានដាក់បញ្ចូលជំងឺហង់សិន ទៅក្នុងប្រព័ន្ធទិន្នន័យដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មានការវាយតម្លៃ និងគ្រប់គ្រងការស្វែងរកករណីថ្មីៗជាបន្តទៀត រួមទាំងសកម្មភាពរបស់កម្មវិធីជាតិកំចាត់រោគហង់សិន ដូចជាការគ្រប់គ្រង ការផ្គត់ផ្គង់ថ្នាំ ដែលនាំឲ្យសម្រេចបានគោលដៅ និងសកម្មភាពថ្មីៗទៀត នៅពេលអនាគត។
រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងទៀតថា នៅឆ្នាំ២០១៨នេះ យើងបានផ្ដោតសំខាន់លើការ បន្ដការបំពេញចន្លោះប្រហោងរវាងសហគមន៍ និងប្រព័ន្ធសុខភាពដោយពង្រឹងចំណេះដឹង ប្រជាជនឲ្យពួកគាត់ មកទទួលការពិគ្រោះជំងឺ ស្រាវជ្រាវ និងការព្យាបាល។
លោកសាស្ដ្រាចារ្យ អេង ហួត បញ្ជាក់ទៀតថា «យើងលើកទឹកចិត្ដឲ្យមានយុទ្ធសាស្ដ្រថ្នាក់ខេត្ត-ស្រុក ធ្វើការជាមួយអ្នកស្ម័គ្រចិត្ដក្រុមការងាររបស់រាជរដ្ឋាភិបាល និអង្គការក្រៅរដ្ឋាភិបាល ហើយក៏មានយុទ្ធនាការ ផ្សព្វផ្សាយតាមរោងចក្រ និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ»។
សូមបញ្ជាក់ថា កម្ពុជាបានសម្រេចគោលដៅកាត់បន្ថយ ជំងឺហង់សិន ដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក ឲ្យលែងជាបញ្ហាសុខភាពសាធារណៈ តាំងពីឆ្នាំ១៩៩៨ ហើយកម្ពុជាក៏បានរក្សានូវអត្រា កាត់បន្ថយជំងឺហង់សិននេះ នៅចន្លោះឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្នក្នុងនោះអត្រា ប្រេវ៉ាឡង់ នៃជំងឺហង់សិននិងករណីរកឃើញជំងឺថ្មីៗបានធ្លាក់ចុះជាបន្តបន្ទាប់៕
Source: Kampuchea Thmey Daily
0 Comments