Ad Code

ក្រសួង​អប់រំ​និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ចាប់ផ្ដើម​អនុវត្ត​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​ដំណាក់កាល​ទី​បី



ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​រួម​ជា​មួយ សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​(USADIA) ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) អង្គការ​យូ​នី​សេ​ហ្វ បាន​ប្រកាស​ចាប់ផ្ដើម អនុវត្ត​មូលនិធិ​ភាពជា​ដៃគូ សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​ហៅ​កាត់​ថា CDPF ឆ្នាំ២០១៨-២០២១ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​។

ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​ដំណាក់កាល​ទី​បី​កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា​លោក បណ្ឌិតសភា​ចា​រ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា សម្រាប់​ជំហាន​ទី​៣​នេះ រៀបចំឡើង​ផ្អែកលើ​បទពិសោធន៍​បានមកពី​ជំហាន​ទី​១​និង​ទី​២ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ក្រសួង ក្នុង​ការ​ធ្វើ​ផែនការ ការពិនិត្យ​តាមដាន ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការអនុវត្ត​គោលនយោបាយ និង​ការគ្រប់គ្រង កំណែទម្រង់​កាន់តែ​ប្រសើរឡើង​។



លោក​រដ្ឋលេខាធិការ​បន្ត​ថា ជាងនេះ​ទៅ​ទៀត​ពង្រឹងសមត្ថភាព​ថ្នាក់​រាជធានី ខេត្ត​និង​ក្រុង ស្រុក នឹង​បន្ត​អភិវឌ្ឍ​ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង តាមដាន និង​ធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោលនយោបាយ ក្នុង​ការ​ផ្តល់សេវា​អប់រំ​ឲ្យ​បាន​ល្អ ព្រមទាំង​ពង្រឹងសមត្ថភាព​សាលារៀន និង​គណនេយ្យភាព ទាក់ទង​នឹង​ការ​ធ្វើផែនការ ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង ឲ្យ​ប្រសើរ​ឡើង ជា​ប្រយោជន៍​ដល់​កុមារ​កម្ពុជា ដែល​ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​និង​សមធម៌​។

លោក ច​ច អ៊ី​ហ្គើ (George Edger) ឯកអគ្គរាជទូត សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​បញ្ជូល​ថវិកា​រួមចំណែក​ពី ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ និង​យូ​នី​សេ​ហ្វ ក្នុង​ដំណាក់​ថ្មី​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​បំពេញ​ការងារ​យ៉ាង​ល្អ​របស់​កម្មវិធី CDPF និង​ការទទួលស្គាល់​ពី​ការប្រើប្រាស់​បាន​នៃ​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេច​លទ្ធផល និង​បង្កើន​កិច្ចសហការ​រួមគ្នា និង​ការធ្វើ​សុខដុម​នីយកម្ម​សកម្ម​ភាព​នានា ឱ្យមាន​ទិសដៅ​ស្របគ្នា​ក្នុង​វិស័យ​អប់រំ​។

លោក​មាន​ជំនឿ​លើ​វិធីសាស្ត្រ​ដែល​ក្រសួង​អប់រំ និង​ដៃគូ​អភិវឌ្ឍ​សម្រេច​ប្រើប្រាស់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​អនុវត្ត​កំណែទម្រង់​នានា ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ រាប់បញ្ចូល​ទាំង​សាលារៀន​ផងដែរ​។

សូម​បញ្ជាក់​ថា មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ (CDPF) បានចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០១១ ហើយ​បាន​ឈាន​ដល់​ដំណាក់កាល​ទី​បី ក្នុង​ឆ្នាំ​២០១៨​នេះ ដោយមាន​ថវិកា​សរុប​ចំនួន ២៧​លាន​ដុល្លារ សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាងមុខ នៅ​ថ្នាក់​ជាតិ ថ្នាក់​រាជធានី ថ្នាក់ស្រុក​និង​នៅតាម​សាលា ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ ស្តីពី​ការអភិវឌ្ឍន៍​សមត្ថភាព​ក្រសួង សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu