ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានអញ្ជើញជាអធិបតីក្នុងការជូនដំណឹងដល់បងប្អូនជាម្ចាស់លំនៅឋានអមសង្ខាងផ្លូវលេខ៣៦៩(ផ្លូវច្រាំងបាក់) ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់លំនៅឋានរុះរើរបងសំយាប រោងនិងសំណង់ផ្សេងៗ ដែលសង់លយមកលើផ្លូវដោយខ្លួនឯង។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ ថាថ្ងៃនេះគឺជាការជូនដំណឹងលើកទី៣ហើយដែលអាជ្ញាធរខណ្ឌច្បារអំពៅបានជូនដំណឹងដល់ម្ចាស់លំនៅឋានអមសង្ខាងផ្លូវ៣៦៩នេះឲ្យរុះរើរបងសំយាប រោងនិងសំណង់ផ្សេងៗដែលបានសង់លយលើផ្លូវ។
មូលហេតុដែលអាជ្ញាធរតម្រូវឲ្យម្ចាស់ផ្ទះរុះរើចេញនេះ គឺដោយសារតែប៉ះពាល់ខ្លាំងដល់ការងារសណ្តាប់ធ្នាប់ និង បង្កឲ្យកកស្ទះចរាចរណ៍សឹងរាល់ពេលពិសេសគឺម្ចាស់ដេប៉ូឈើតាមដងផ្លូវបាននិងបានលើជញ្ជូនឈើកាត់ទទឹងផ្លូវធ្វើឲ្យអ្នកដំណើរព្រួយបារម្ភខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
លោកអភិបាលខណ្ឌបានបញ្ជាក់បន្ថែមថា ការជូនដំណឹងឲ្យរុះសំយាប រោង របង និងសំណង់ផ្សេងៗដែលសង់លយលើផ្លូវនេះ គឺជាលើកទី៣ហើយ ហើយអាជ្ញាធរទុកពេលមួយសប្តាហ៍ចាប់ពីថ្ងៃជួបប្រជុំនេះទៅដោយស្ម័គ្រចិត្តនិងដោយខ្លួនឯង។ បើសិនជាមិនរុះរើគឺអាជ្ញាធរនិងប្រើប្រាស់កម្លាំងចុះរុះរើហើយដោយមិនធានាក្នុងការខូចខាត ឬ បាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។
គួរបញ្ជាក់ថា នៅពេលដែលលោកអភិបាលខណ្ឌច្បារអំពៅធ្វើការជូនដំណឹងឲ្យរុះរើជាលើកទី៣នាថ្ងៃទី១៤ខែវិច្ឆិកានេះ គឺម្ចាស់ផ្ទះដែលសាងសង់សំណង់លយមកលើផ្លូវ៣៦៩(ច្រាំងបាក់)បាននាំគ្នាស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯងនិងមិនទាមទារលក្ខណអ្វីឡើយ៕
Source: Kampuchea Thmey Daily
0 Comments