ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យកាលពីថ្ងៃទី១៣ខែវិច្ឆិកានេះបានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់វិញ្ញាបនបត្រ សំគាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋជាម្ចាស់ចំនួន៥០០គ្រួសារ ខណៈដែលពួកគាត់ពុំទាន់ទទួលបាននៅឡើយ។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា វិញ្ញាបនបត្រ សំគាល់អចលនវត្ថុដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលរស់នៅក្នុងភូមិដំណាក់ធំ៥និងភូមិឫស្សីស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា វិញ្ញាបនបត្រ សំគាល់អចលនវត្ថុដែលបានប្រគល់ជូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការបញ្ជាក់ពីការកាន់ដីធ្លីនិងលំនៅឋានពិតប្រាកដដោយមិនព្រួយបារម្ភក្នុងការរំលោភបំពានពីអ្នកដទៃ។
វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះគឺត្រូវបានអាជ្ញាធរនិងមន្ទីរជំនាញចុះទៅធ្វើតាមបណ្តាភូមិនាពេលកន្លងមកដោយពុំមានការទាមទារប្រាក់កម្រៃអ្វីពីប្រជាពលរដ្ឋនោះឡើយ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដើម្បីកុំឲ្យប្រជាពលរដ្ឋលោកមានការលំបាកក្នុងការចំណាយពេលវេលានិងថវិកាក្នុងការធ្វើប័ណ្ណកាន់កាប់ដីធ្លីផ្ទះសម្បែងឲ្យបានស្របច្បាប់៕
Source: Kampuchea Thmey Daily
0 Comments