ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នករស់នៅជាមួយមេរោគអេដស៍នាពេលខាងមុខនេះ ដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក វេជ្ជបណ្ឌិតតែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា នៅឆ្នាំ២០២០ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាលនិងអង្គការដៃគូនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកាត់ដេរ សំអាងការ ការបណ្តុះផ្សិត ការចិញ្ចឹមសត្វនិងជំនាញផ្សេងៗទៀត ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ដើម្បីឲ្យពួកគេមានការងារធ្វើទទួលប្រាក់ចំណូលសមរម្យក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ថ្លែងក្រោយចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលជាសកល១លាននាក់ ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ដែលរៀបចំឡើងដោយអង្គការ AHFនៅក្នុងសង្កាត់ពងទឹក កាលពីព្រឹកថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិតតែង គន្ធី បានបន្តថា ការបណ្តុះបណ្តាលជំនាញដល់អ្នករស់នៅជាមួយមេរោគអេដស៍នេះ គឺធ្វើឡើងតាមរយៈផែនការយុទ្ធសាស្ត្រជាតិលើកទី៥ ឆ្នាំ២០២០ ដល់២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលគ្រោងនឹងធ្វើរួចរាល់នៅឆ្នាំ២០១៩ ហើយបន្ទាប់មកអនុវត្តនៅឆ្នាំ២០២០តែម្តង ដើម្បីចូលរួមលុបបំបាត់ការចម្លងមេរោគអេដស៍ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុននេះ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នករស់នៅជាមួយមេរោគអេដស៍នេះ ក៏នឹងជួយឲ្យពួកគាត់ទៅទទួលសេវាបានទៀងទាត់ រស់នៅក្នុងសង្គមបានពេញលេញ មិនបោះបង់ការព្យាបាលជំងឺនិងធ្វើឲ្យសុខភាពល្អប្រសើរទៀតផង។
លោកវេជ្ជបណ្ឌិត ស្រី វ៉ានធួន នាយប្រតិបត្តិនៃAHFប្រចាំនៅកម្ពុជាបាន គាំទ្រចំពោះផែនការនេះ ព្រោះថានឹងជួយធ្វើឲ្យអ្នករស់នៅជាមួយមេរោគអេដស៍មានជីវភាពកាន់តែប្រសើរ។
លោកសន្យាថានឹងបន្តជួយគាំទ្រដល់ការថែទាំនិងព្យាបាលដល់អ្នកផ្ទុកមេរោគអេដស៍ជាបន្តទៀត ខណៈបច្ចុប្បន្ននេះ អង្គការបានជួយប្រមាណ៣ម៉ឺន៦ពាន់នាក់នៅកម្ពុជានិងប្រមាណ១លាននាក់នៅតាមបណ្តាប្រទេសចំនួន៤១នៅលើពិភពលោក។ ពិសេសរាល់ការស្នើសុំ ឬ សំណូមពរពីសំណាក់រាជរដ្ឋាភិបាលមកដល់ពួកយើងទាក់ទិននឹងការងារអេដស៍។
ចំណែកអ្នកស្រីម៉ើ ថាវី អ្នករស់នៅជាមួយមេរោគអេដស៍មានអារម្មណ៍សប្បាយរីករាយចំពោះផែនការនេះតែលោកស្រីបានស្នើឲ្យសង្គមកុំមានការរើសអើងចំពោះពួកគេហើយពេលពួកគេទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋសូមកុំយកថ្លៃសេវា។
តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគបានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ៧ម៉ឺននាក់ដែលភាគច្រើនពួកគេមានជីវភាពខ្វះខាតយ៉ាងខ្លាំង។
គួរបញ្ជាក់ថា នាឱកាសនោះដែរ អង្គការAHFក៏បានចែកអំណោយមួយចំនួនដល់អ្នករស់នៅជាមួយមេរោគអេដស៍ដែលបានចូលរួមនៅក្នុងពិធីនោះផងដែរដើម្បីជួយសម្រាលបន្ទុកការលំបាករបស់ពួកគាត់៕
Source: Kampuchea Thmey Daily
0 Comments