Ad Code

អដ្ឋិធាតុ​ លោកតា​វេជ្ជបណ្ឌិត Beat Richner នឹង​ដាក់​តម្កល់​ក្នុង​ចេតិយ ខាងមុខ​មន្ទីរពេទ្យ​កុមារ គន្ធ​បុប្ផា នា​ក្រុង​សៀមរាប​



​ភ្នំពេញ​ ៖ អដ្ឋិធាតុ​ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ (Beat Richner) អតីត​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នឹង​ត្រូវ​ដាក់​តម្កល់​ក្នុង​ចេតិយ ដែល​ទើប​សាងសង់​ថ្មី នៅខាងមុខ​មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា នា​ខេត្ត​សៀមរាប សម្រាប់​ឲ្យ​មហាជន​គោរព​បូជា នេះ​បើតាម​ការ​បញ្ជាក់​របស់​ លោក ដេ​នី​ស ឡូ​រ៉ង់ (Denis Laurent) អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

លោក Denis Laurent បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ថា អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ (Beat Richner) អតីត​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នឹង​នាំ​ពី​ប្រទេស​ស្វី​ស​មកដល់​ទឹកដី​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៥​ធ្នូ ដើម្បី​ចំ​តម្កល់ទុក និង​និមន្ត​ព្រះសង្ឃ​ប្រមាណ​៧០០​អង្គ ដើម្បី​បង្សុកូល តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​ផង​ដែរ ហើយ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ សម្តេច​វររាជ​មាតា​ជាតិខ្មែរ នឹង​យាង​ប្រទាន​ភួង​ផ្កា និង​គ្រឿង​សក្ការៈ​បូជា នៅ​ទី​ចេតិយ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក លោក​វេជ្ជ​បណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ដែល​អដ្ឋិធាតុ​របស់លោក​ត្រូវ​បានដាក់​តម្កល់​ក្នុង​ចេតិយ ស្ថិតនៅ​ខាងមុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប ក្បែរ​សាល​ដែល​លោក​តែងតែ​ប្រគំ​តន្ត្រី​រៃ​អង្គាស​ប្រាក់​សម្រាប់​សង្គ្រោះ​កុមារ​កម្ពុជា​។ ការចំណាយ​ទៅលើ​ការសាងសង់​ចេតិយ​នេះ គឺ​បានមកពី​កញ្ចប់​ថវិកា​សល់​ពី​ពិធី​បុណ្យ​សព​របស់លោក។​

លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ កើត​នៅ​ឆ្នាំ​១៩៤៧ នៅ​ប្រទេស​ស្វី​ស ហើយ​ទទួលមរណភាព ក្នុង​ជន្មាយុ​៧១​ឆ្នាំ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​៤៥​នាទី នៅក្នុង​ប្រទេស​ស្វី​ស​។

ចំណែក​មហាជន​នៅ​ខេត្ត​សៀមរាប ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ បាន​នាំ​គោរព​វិញ្ញាណក្ខន្ធ ដោយ​ចាត់​ទុកជា​អ្នកមានគុណ ដូចជា​ទេវតា ដែល​បាន​ជួយ​កុមារ​។​

ការ​ទទួល​មរណភាព​របស់ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ គឺជា​ការបាត់បង់​ដ៏​ធំធេង​មិន​ត្រឹមតែ​ចំពោះ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​មួយរូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ស្ទើរ​ពេញ​មួយជីវិត លើ​ការងារ​មនុស្សធម៌ សម្រាប់​ប្រជាជន​កម្ពុជា តាមរយៈ​ការ​បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ផ្តល់​សេវា​ព្យាបាល ដោយ​ពុំ​គិតថ្លៃ​សម្រាប់​កុមារ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ បាន​សោកស្ដាយ​ជា​ពន់ពេក ចំពោះ​គ្រូពេទ្យ​ទេវតា ដែល​បាន​ទទួល​មរណភាព​នេះ ដោយ​បន្សល់ទុក​នូវ​ភាព​សោកសៅ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​លោក​បាន​ជួយ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់ ហើយ​គុណធម៌​ដ៏​ធំធេង​ទាំងនេះ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ​មិន​អាច​បំភ្លេច​បាន​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu