Ad Code

អង្គការ​មូលនិធិ​អន្តរជាតិ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម សម្ដែង​ការ​រីករាយ ក្រោយពេល​ឃើញ កសិករ ឬ​សមាជិក​សហគមន៍ ជីវភាព​គ្រួសារ​មានការ​រីកចម្រើន



ភ្នំពេញ ​៖ លោក Hubert Boirard នាយក​ប្រតិបត្តិ​តំណាង​កសិករ ប្រចាំ​អាស៊ី ប៉ាស៊ីហ្វិក នៃ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម IFAD បាន សម្ដែង​ក្ដី​រីករាយ ចំពោះ ប្រជាកសិករ ឬ​សមាជិក​សហគមន៍ ​ដែល​ស្ថិតនៅក្នុង​កម្មវិធី​របស់​គម្រោង​មាន​ប្រាក់ចំណូល​កើន​ឡើង ជីវភាព​គ្រួសារ​មានការ​រីកចម្រើន។​

លោក Hubert Boirard ថ្លែង​បែបនេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​សុក្រ ៨​រោច ខែកត្តិក ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ជំនួប​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពិភាក្សា​ការងារ​ទាក់ទង​រចនាសម្ព័ន្ធ តួនាទី​របស់​អង្គការ​កសិករ និង​សុំ​ការ​គាំទ្រ កិច្ចសហការ​ពី​ក្រសួង សម្រាប់​ពង្រឹង​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល អង្គការ​កសិករ និង​ដៃគូ​អភិវឌ្ឍន៍​នានា សំដៅ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​

​លោក Hubert បាន​ជម្រាប​ លោក​រដ្ឋមន្ត្រី​ថា ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ការងារ​គម្រោង​ដែល​បាននិងកំពុង​អនុវត្ត​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ ឃើញ​ថា​ ប្រជាកសិករ ឬ​សមាជិក​សហគមន៍​ដែល​ស្ថិត​នៅក្នុង​កម្មវិធី​រប​ស់​គម្រោង​មាន​ប្រាក់ចំណូល​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជីវភាព​គ្រួសារ​មានការ​រីកចម្រើន និង​មានការ​សហការគ្នា​ល្អ​រវាង​សមាជិក​សហគមន៍​។

លោក​បាន​បញ្ជក់​បន្ថែម​ថា ដើម្បី​កែលំអ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ ឲ្យ​មានការ​រីកចម្រើន​បាន​មួយ​កម្រិត​ទៀត ទាមទារ​កិច្ចសហការ​ពេញលេញ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​អង្គការ IFAD តែម្ដង​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​អង្គការ IFAD និង សហគមន៍​អឺរ៉ុប ដែល​បាននិងកំពុង​ជួយឧបត្ថម្ភ គាំទ្រ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន ហើយ​លោក​សង្ឃឹម និង​ជឿជាក់​ថា​ អង្គការ​អន្តរជាតិ​នានា​ដែលជា​ដៃគូ​អភិវឌ្ឍ នៅ​កម្ពុជា នឹង​បន្ត​គាំទ្រ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​សម្រេច​បាន​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​ចង់​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន លោក Hubert ថា​ក្រសួង​នឹង​រង់ចាំ​ផ្ដល់​កិច្ចសហការ​ឲ្យ​អស់ពី​លទ្ធភាព​ជាមួយ​អង្គការ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​ទទួលបាន​ជោគជ័យ​។

នាពេលនេះ លោក រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​របស់​គម្រោង​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក ហើយ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ​នៃ​ការអនុវត្ត​គម្រោង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បាន​មួយកម្រិត​ទៀត លោក រដ្ឋមន្ត្រី​ បាន​ជូន​សារ​គន្លឹះ​មួយ​ចំនួន​ដូចជា ១-​គួរ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ដទៃ​ទៀត​ ដើម្បី​បង្កើត​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​គ្របដណ្ដប់​ទៅលើ​សេចក្តីតម្រូវ​ការចាំបាច់​ក្នុង​សហគមន៍​កសិកម្ម​។ ២-​គួរ​បញ្ចូល​បច្ចេកទេស​កសិកម្ម​ថ្មី​សម​ស្រប​ដែល​កសិករ​អាច​ទទួល​យក​បាន និង​រៀបចំ​ផែន​ការ​ដាំដុះ​ឲ្យ​បាន​ស្របតាម​ការប្រែប្រួល​អាកាស​ធាតុ ស្ថានភាព និង​គុណភាព​ដី ប្រភព​ទឹក ដើម្បី​ធ្វើការ​ការប្រកួតប្រជែង និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។ ៣-​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​ការផលិត និង​ការកែច្នៃ​ឲ្យ​ដល់ដៃ​ប្រជាកសិករ និង​វិស័យ​ឯកជន ធ្វើយ៉ាងណា​ឲ្យ​ភាគី​ទាំងពីរ​មានឱកាស​សហការ​គ្នា​ផលិត​ឲ្យ​បាន​សមស្រប​តាម​តម្រូវការ គុណភាព និង​ស្តង់ដារ​ទីផ្សារ តាមរយៈ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu