ភ្នំពេញ ៖ ស្ថាប័នរដ្ឋ និងឯកជន ជាច្រើនកន្លែង ក្នុងប្រទេសកម្ពុជា បានវាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក បន្លឺស្នូរជ័យឃោស ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល “ល្ខោនខោល” ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃនេះដែរ សិស្ស-និស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ និងសាលាប៊ែលធីអន្តរជាតិ នៅគ្រប់សាខាទាំងអស់ប្រមាណជាង៤ម៉ឺននាក់ បានកេណ្ឌគ្នាស្រែកជ័យឃោសទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរ “ល្ខោនខោល” ជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ។
ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណដ៏អស្ចារ្យរបស់កម្ពុជាពេលនេះ មិនត្រឹមតែបានប្រាប់ពិភពលោក ឲ្យដឹងពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទេពកោសល្យ និងស្នាដៃគ្មាន២ របស់ខ្មែរ ដែលត្រូវបានដូនតាខ្មែរបន្សល់ទុក។
សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផល នៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បករ អង្គការ សមាគម សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ការដាក់បញ្ចូល “ល្ខោនខោល” ទៅក្នុងបញ្ជីអរូបី នៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក។
នេះជាការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌខ្មែរទី៥ហើយ បន្ទាប់ពីប្រាសាទអង្គរវត្ត របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ), ប្រាសាទព្រះវិហារ ដែលបានធ្វើប្រជាពលរដ្ឋខ្មែរមានភាពរំភើបសប្បាយរីករាយក្រៃលែង។
ការដាក់ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ តាមសេចក្តីសម្រេចរបស់គណៈកម្មការ អន្តររដ្ឋាភិបាល សម្រាប់ការ ពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយ របស់អង្គការយូណេស្កូ ជាលទ្ធផល នៃកិច្ចប្រឹងប្រែង ដ៏យូរអង្វែង និងការពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីសិល្បករ អង្គការ សមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាពលរដ្ឋខ្មែរទាំងមូល ឲ្យថែរក្សាអភិរក្សនូវល្ខោនខោល ដែលជាសម្បត្តិវប្បធម៌របស់ជាតិខ្មែរយើង៕
Source: Kampuchea Thmey Daily
0 Comments