Ad Code

សូម​អ្នក​បើកបរ​យានយន្ត​ មេត្តា​ប្រុងប្រយ័ត្ន គោយន្ត​កន្ត្រៃ​ ជា​ឃាតក​នៅ​តាម​ដង​ផ្លូវ​ពេល​យប់​



កំពង់ធំ ៖ មាន​ករណី​ស្លាប់​ជា​បន្តបន្ទាប់ ពី​ករណី​អ្នក​ជិះ​ម៉ូតូ ជិះ​ឡាន​បាន​រងគ្រោះ​របួស និង​ស្លាប់​ជា​ច្រើន ករណី មូលហេតុ​បុក​គោយន្ត​កន្ត្រៃ ពីក្រោយ​នៅពេល​យប់ រហូត​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត រហូត​បាន​ចេញ​បទបញ្ជា​ឲ្យ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ ហាម​ចរាចរណ៍​ នៅ​ពេល​យប់ លើ​ដងផ្លូវ​ជាតិ ដើម្បី​បញ្ចៀស​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈកាល​កន្លង​។​

គោយន្ត​កន្ត្រៃ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត និង​មនុស្ស​ជាច្រើន​នៅ​លើ កំណាត់​ផ្លូវ​សាធារណៈ គឺ​បណ្តាល​មកពី​គោយន្ត​កន្ត្រៃ​ដែល​រចនា​ឡើង ខ្វះ​បច្ចេកទេស​ត្រឹមត្រូវ គ្មាន​ស្លាក​សញ្ញា គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ ដឹកអុស ដឹកឈើ ធ្វើ​ឲ្យ​អ្នករួមដំណើរ​លើ​ដងផ្លូវ​សាធារណៈ ពិបាក​ក្នុង​ការ​បើកបរ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ជា​ច្រើន​ករណី​នៅក្នុង​ខេត្ត​កំពង់ធំ បើទោះបីជា​ធ្លាប់មាន​ចរាចរណ៍​ណែនាំ ហាម​មិន​ឲ្យ​គោយន្ត​កន្ត្រៃ ដែល​ជា​យានយន្ត​ប្រភេទ​កែច្នៃ បើកបរ​នៅ​ពេល​យប់​ពី​សំណាក់​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ​កន្លងមក តែ​ការអនុវត្ត​នេះ​ត្រូវ​បាន​គេ​ប្រតិបត្តិ​តែមួយ​ចម្អិន​ប៉ុណ្ណោះ​។​

ជាក់ស្ដែង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៧-៩៨ នៅ​ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដោយ​បើកបរ ម៉ូតូ​ម៉ាក​ZUSUKI VIVA ពណ៌​ខ្មៅ ស្លាក​លេខ​ កំពត ​1B.6936 ដោយ​ឈ្មោះ សូ​ រដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​សៀម​រាយ ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​(​ស្លាប់​នៅ​កន្លែង​ភ្លាមៗ ​ដោយសារ​មិន​បាន​ពាក់មួក​សុវត្ថិភាព​)។​

ចំណែក អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ ឃឹម ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​គោក​ប្រាសាទ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ តាម​ការ​សណ្ឋាន​ជំហាន​ដំបូង មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មកពី អ្នក​បើកបរ​ម៉ូតូ មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់​ហេតុ​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​រង់ចាំ​ដំណោះ​ស្រាយ​ជា​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu