ភ្នំពេញ ៖ ជនសង្ស័យជំនាញខាងលួចម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាន សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោយពីធ្វើសកម្មភាពលួចកាបូបលុយពីស្ត្រីម្នាក់ នៅចំណុចមុខវាលព្រះមេរុ ផ្លូវសុធារស ភូមិ១សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់នេះ ឈ្មោះ ពេជ្រ រ៉ាដែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដមាន ទីលំនៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលួចកាបូបដៃពណ៌ខ្មៅមួយ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ ប័ណ្ណសំគាល់យានយន្តមួយ កាតធនាគារមួយ និងលុយចំនួន៥៥០ដុល្លារ ជារបស់ជនរងគ្រោះឈ្មោះ លុក ចាន់មុនីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៨០ ផ្លូវលេខ៦៣ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំកូនមកមើលទូក ង វែង ជាងគេ ដាក់ តាំងនៅវាលព្រះមេរុ ពេលមកដល់ក៏បានឈរថតជាមួយកូនដោយស្ពាយកាបូបដាក់មកក្រោយ ពេលនោះស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពរូតកាបូបស្ពាយរបស់ជនរងគ្រោះលួចយកកាបូបដៃនៅខាងក្នុងបានសម្រេច ដើរយ៉ាងលឿនគេចខ្លួន តែត្រូវបានជនរងគ្រោះដឹងទាន់ស្រែកឆោឡោ ភ្លាមនោះ កម្លាំង នគរបាលប៉ុស្តិ៍ជ័យជំនះប្រចាំការនៅទីនោះឃើញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយកាបូបដៃរបស់ជនរងគ្រោះនាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments