Ad Code

អារ៉ាប់​រួម ​៖ កិច្ចពិភាក្សា​នៅ​ស៊ុយ​អ៊ែត​គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​សន្តិភាព​យេ​មែន



មន្ត្រីជាន់ខ្ពស់​អារ៉ាប់​រួម​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កិច្ចពិភាក្សា​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​ដែល​បាន​ស្នើឡើង​នៅក្នុង​ប្រទេស​ស៊ុយ​អ៊ែត​គឺ​បានកត់សម្គាល់​ជា “​ឱកាស​ដ៏​សំខាន់​” មួយ​ដើម្បី​នាំ​សន្តិភាព​ទៅដល់​ប្រទេស​យេ​មែន​បន្ទាប់ពី​សង្គ្រាម​អស់​រយៈពេល​៤​ឆ្នាំ​។​

មតិយោបល់​ពី​ប្រទេស​អារ៉ាប់​រួម​ដែលជា​ផ្នែក​មួយ​នៃ​ក្រុមចម្រុះ​គាំទ្រ​រដ្ឋាភិបាល​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម Huthi នៅ​ប្រទេស​យេ​មែន​បានកើត​ឡើង​ស្រប​ពេលដែល​បេសកជន​អង្គការសហប្រជាជាតិ​លោក Martin Griffiths កំពុងស្ថិត​នៅក្នុង​រដ្ឋ​ធានី Sanaa ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដើម្បី​ជំរុញ​កិច្ចចរចា​ដែល​បាន​គ្រោងទុក​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អារ៉ាប់​រួម​លោក Anwar Gargash បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការជម្លៀស​អ្នក​ប្រយុទ្ធ Huthi ដែល​រងរបួស​ចេញពី​ទីក្រុង Sanaa ជាថ្មី​ម្តងទៀត​បានបង្ហាញ​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​យេ​មែន​និង​ក្រុមចម្រុះ​អារ៉ាប់​ដើម្បី​សន្តិភាព​”​។​

ពួក​ឧទ្ទាម​រងរបួស​ចំនួន​៥​នាក់​បាន​ចាកចេញ​តាម​យន្តហោះ​ដែល​ជួល​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​ប្រទេស​អូ​ម៉​ង់​សម្រាប់​ការព្យាបាល​នៅក្នុង​អ្វីដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធានការ “​កសាង​ទំនុកចិត្ត​” មុន​កិច្ចពិភាក្សា​។​

ជម្លោះ​ដែល​ផ្ទុះឡើង​នៅ​ចុងឆ្នាំ​២០១៤​បាន​នាំអោយ​ប្រទេស​ក្រីក្រ​មួយ​នេះ​ធ្លាក់ចូល​ក្នុង​គ្រោះ​ទុរ្ភិក្ស​ហើយ​អង្គការសហប្រជាជាតិ​បានចាត់ទុក​ប្រទេស​យេ​មែន​ថា​ជា​គ្រោះមហន្តរាយ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។​

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា មនុស្ស​ជិត​១០,០០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ក្រុមចម្រុះ​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានធ្វើ​អន្តរាគមន៍ ក្នុង​ជម្លោះ​នៅ​ដើមឆ្នាំ​២០១៥​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​សិ​ទិ្ធ​មនុស្ស​ភ័យខ្លាច​ថា ចំនួន​ពិតប្រាកដ​អាច​ខ្ពស់ជាង​នេះ​។​
​មិនទាន់មាន​កាលបរិច្ឆេទ​ណាមួយ​ត្រូវ​បានកំណត់​សម្រាប់​កិច្ចចរចា​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ស៊ុយ​អ៊ែត​នៅឡើយ​ទេ​ប៉ុន្តែ​មាន​ក្តីសង្ឃឹម​កាន់តែខ្លាំង​ឡើង​ថា ពួកគេ​អាច​ដំណើរការ​ទៅបាន​នៅ​សប្តាហ៍​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu