ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា៦សម័យកាល បានប្រកាសថានឹងបង្ហាញសមាជិកថ្មីចំនួន៥នាក់នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះវេលាម៉ោង៣:០០ រសៀលក្នុងបរិវេណកីឡដ្ឋាន RSN Stadium ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្លិបមួយនេះបានតែងតាំងក្បាលម៉ាស៊ីន សំខាន់ៗមួយចំនួនក្រោយចប់រដូវកាលចាស់។
ប្រភពស្និទ្ធស្នាលនឹងក្លិបភ្នំពេញក្រោន បានបញ្ជាក់ថាសមាជិកថ្មីទាំង៥នាក់នោះមានកីឡាករចំនួន៤នាក់ ខណៈមានម្នាក់ទៀតជាគ្រូជំនួយ។ ពួកគេទាំង៥នាក់សុទ្ធសឹងជាជនជាតិបរទេសទាំងអស់។ យ៉ាងណាក្តីអ្វីៗនឹងបង្ហាញឱ្យឃើញជាក់ច្បាស់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃពុធនេះទាំងអស់។
ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments