Ad Code

ប្រទេស​ឥណ្ឌូនេស៊ី​និយាយថា ក្រុម​បំបែក​ខ្លួន​ប៉ា​ពូ​ជាប់​សង្ស័យថា​បានសម្លាប់​កម្មករ​យ៉ាង​តិច​២៤​នាក់



អ្នកនាំពាក្យ​យោធា​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា កងកម្លាំង​សន្តិសុខ​នៅក្នុង​ខេត្ត ប៉ា​ពួ ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ស្វែងរក​ក្រុម​បំបែក​ខ្លួន​មួយ​ដែល​ជាប់​សង្ស័យថា​បានសម្លាប់​កម្មករសំណង់​យ៉ាងតិច​២៤​នាក់​ខណៈ​ពួកគេ​កំពុង​ស្ថាបនា​ស្ពាន​នៅ​ស្រុក​ដាច់ស្រយាល​មួយ​។​

ខេត្ត​ប៉ា​ពូ​បាន​រងគ្រោះ​ដោយ​ជម្លោះ​របស់​ក្រុម​បំបែក​ខ្លួន​ចាប់តាំងពី​វា​ត្រូវបាន​កាត់​បញ្ចូល​ទៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បន្ទាប់ពី​ការធ្វើប្រជាមតិ​មួយ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​នៅក្នុង​ឆ្នាំ​១៩៦៩​ហើយ​នៅតែ​ជា​តំបន់​ក្រីក្រ​បំផុត​មួយ​របស់ខ្លួន​។​

លោក​វរសេនីយ៍ឯក Muhammad Aidi បាន​និយាយថា កងកម្លាំង​សន្តិសុខ​កំពុង​ព្យាយាម​បញ្ជាក់​ពី​របាយការណ៍​មួយ​របស់​បព្វជិត​ម្នាក់​ដែលថា បុរស​ចំនួន​២៤​នាក់​មកពី​ក្រុមហ៊ុន​សំណង់ PT Istaka Karya ដែល​កំពុងធ្វើការ​នៅ​ស្រុក Yigi​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ឧក្រិដ្ឋជន​ប្រដាប់អាវុធ​។​

លោក Aidi និយាយថា ប៉ូលិស​និង​បុគ្គលិក​យោធា​កំពុង​ព្យាយាម​ទៅអោយ​ដល់​តំបន់​នេះ​បន្ទាប់ពី​ទទួលបាន​របាយការណ៍​តាមរយៈ​វិទ្យុទាក់ទង​បើទោះបីជា​ការទំនាក់ទំនង​មានការ​លំបាក​ដោយសារ​តែ​កង្វះខាត​អគ្គិសនី​នៅក្នុង​តំបន់​ក៏ដោយ​។​

លោក Aidi បាន​ប្រាប់​ទូរទស្សន៍ Metro ថា “​យោងតាម​របាយការណ៍​ដែល​យើង​ទទួលបាន​បានបង្ហាញ វា​ចាប់ផ្តើម​ជាមួយនឹង​ក្រុម​បំបែក​ខ្លួន​ប្រដាប់អាវុធ​ដែល​កំពុង​រៀបចំ​ពិធី​រំលឹក​នូវ​អ្វីដែល​ពួកគេ​អះអាងថា​ជា​ទិវា​ឯករាជ្យ​របស់​ពួកគេ​នៅ​ថ្ងៃទី​១​ខែធ្នូ​”​។​

លោក Aidi បាន​និយាយថា កម្មករ​ម្នាក់​ក្នុងចំណោម​កម្មករ​ទាំង​នោះ​ហាក់ដូចជា​បាន​ថតរូប​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ខឹងសម្បា​និង​បង្ក​ឲ្យ​មានការ​សម្លាប់​។​

អ្នក​កោះ​ប៉ា​ពួ​មួយចំនួន​បានចាត់ទុក​ថ្ងៃទី​១​ខែធ្នូ​ថា​ជា​ទិវា​ឯករាជ្យ​របស់​ពួកគេ​ពី​ការគ្រប់គ្រង​របស់​អាណា​និគម​ហូ​ឡង់​ដោយ​លើក​ទង់ជាតិ​បំបែក​ខ្លួន​ដែល​គេ​ហាមឃាត់​និង​ប្រមូល​ផ្តុំគ្នា​។​

នៅ​ចុង​សប្តាហ៍ ប៉ូលិស​បាន​ឃាត់ខ្លួន​អ្នក​កោះ​ប៉ា​ពួ​ប្រមាណ​ជាង​៥០០​នាក់​ដែល​កំពុង​ធ្វើ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ឯករាជ្យ​លើក​ទី​៥៧​នៅតាម​បណ្តា​ទីក្រុង​មួយចំនួន​នៅ​ទូទាំងប្រទេស​ឥណ្ឌូនេស៊ី​ដោយ​រួមមាន​ទាំង​និស្សិត​២៣៣​នាក់​ក្នុង​ទីក្រុង Surabaya របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu