ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានចាប់ផ្តើមដាក់ដំណើរការគម្រោងកែលម្អអប់រំថ្នាក់ឧត្តមសិក្សានៅគ្រឹះស្ថានឧត្តសិក្សាដែលជាគោលដៅសំខាន់ចំនួន៥ នៅក្នុងរាជធានីខេត្តដែលគម្រោងនេះគ្រោងនឹងចំណាយថវិកា អស់ប្រមាណជាង៩០លានដុល្លារអាមេរិក។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយគម្រោងកែលម្អការអប់រំឧត្តមសិក្សាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាលោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា គម្រោងកែលម្អការអប់រំឧត្តមសិក្សាទទួលបានការគាំទ្រពីមូលនិធិធនាគារពិភពលោកសរុបចំនួន៩០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន២.៥លានដុល្លារដែលភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោង កែលម្អ ការអប់រំឧត្តមសិក្សាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កន្លងរួចមកហើយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គម្រោងនេះមានវិសាលភាពលើការកែលម្អគុណភាពអប់រំនៅគ្រឹះស្ថានឧត្តមសិក្សាគោលដៅចំនួន៥ រួមមាន៖សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាក លវិទ្យាល័យបាត់ដំបង។ គម្រោងនេះក៏ពង្រឹងគ្រឹះស្ថានឧត្តមសិក្សាឯកជន និងពង្រឹងប្រព័ន្ធ ឧត្តមសិក្សារដ្ឋ។
លោករដ្ឋមន្ត្រីក៏លើកឡើងទៀតថា គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះមានសមាសភាពសំខាន់ៗដូចជាការលើកកម្ពស់ការបង្រៀន និងរៀន ផ្តោតលើការលើកម្ពស់គុណភាព សមត្ថភាពបង្រៀន និងរៀន តាមការធ្វើទំនើបកម្មនៃកម្មវិធីសិក្សា និងបង្កើតគុណវុឌ្ឍិ គ្រូបង្រៀន ការសាងសង់អគារសិក្សា អន្តេរវាសិដ្ឋាន ការកែលម្អធនធានសម្ភារៈ គាំទ្រដល់ ការបណ្តុះ បណ្តាល និងការពង្រឹងប្រព័ន្ធធានាគុណភាព អប់រំផ្ទៃក្នុង ការរៀបចំប្រព័ន្ធពិនិត្យតាម ដាននិង វាយតម្លៃ និងការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្សនៃគ្រឹះស្ថានឧត្តមសិក្សា។
លោករដ្ឋមន្ត្រីបន្ថែមថា ជាងនេះកែលម្អការស្រាវជ្រាវផ្នែកSTEM និងផ្នែក កសិកម្ម ផ្តោតលើការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃការស្រាវជ្រាវ តាមរយៈការ ផ្តល់ ហិរញ្ញប្បទានដល់គ្រឹះស្ថានឧត្តមសិក្សា ដែលកំណត់ក្នុងគម្រោង និងការសាង សង់បន្ទប់ ពិសោធន៍ និងការបំពាក់សម្ភារៈបរិក្ខារ។ ការពង្រឹងផ្នែកអភិបាលកិច្ច និងការគ្រប់គ្រងគម្រោង ផ្តោតលើកការពង្រឹងប្រព័ន្ធអនុវិស័យឧត្តមសិក្សា និងការគ្រប់គ្រង និងសម្របសម្រួល គម្រោង។
លោកបញ្ជាក់ថា«គម្រោងកែលម្អការអប់រំឧត្តសិក្សា ដែលបង្កើតឡើងនេះពិតជា ស្រប តាមកំណែទម្រង់អាទិភាពអនុវិស័យឧត្តមសិក្សា ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោ ណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤រដ្ឋាភិបាលក្នុងរយៈពេល៥ ឆ្នាំ ឆ្នាំ២០១៩ - ២០២៣ ផ្តោតជាចម្បងលើការលើកកម្អស់គុណភាពនៃការបង្រៀន ការរៀននិងការស្រាវជ្រាវ ការបង្កើនកាលានុវត្តនភាព និងសមធម៌នៃការចូលរៀនរបស់និស្សិត ការពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងនៅឧត្តមសិក្សា»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមាននិស្សិតកំពុងសិក្សានៅឧត្តមសិក្សា មានចំនួន ២០៧.៤៣៤នាក់ ស្រី៤៨.៣៧% ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្ររងមាន ២០.៥៧០នាក់ ស្រី៥១.០៦% និស្សិតថ្នាក់បរិញ្ញាបត្រមាន១៦៥.៣៥៩នាក់ ស្រី ៤៧.៨៧% និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន២១.៤៩៤នាក់ ស្រី២១.២៤% និងនិស្សិតថ្នាក់បណ្ឌិតមា ន១.២២២នាក់ ស្រី៥.១៦% និងនិស្សិតអាហាររូបករណ៍ មាន២៦.១៩២នាក់ ស្រី៤៩.៥០% ក្នុងឆ្នាំសិក្សា ២០១៦ - ២០១៧ខណៈគ្រឹះស្ថានឧត្តម សិក្សាទូទាំងប្រទេស សរុបចំនួន១២១គ្រឹះស្ថាន ដែលមានទីតាំងនៅ២០ខេត្ត រាជធានី ក្នុង នោះ គ្រឹះស្ថានឧត្តមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ចំ នួន៧៣ (គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មាន១៣គ្រឹះស្ថាន និងឯកជនមាន៦០)៕
Source: Kampuchea Thmey Daily
0 Comments