អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថាទូកមួយដែលដឹកបុរសដែលគេជឿថាជាជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន២០នាក់ បានទៅដល់ឆ្នេរភាគឦសានកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ។
វាគឺជាទូកចុងក្រោយបំផុតដែលចាកចេញពីប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសដែលជាកន្លែង ជនមូស្លីមរ៉ូហ៊ីងយ៉ាបានប៉ុនប៉ងភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលជាហេតុបង្កើនការភ័យខ្លាចអំពីរលកនៃការធ្វើដំណើរប្រថុយគ្រោះថ្នាក់បន្ទាប់ពីការបង្ក្រាបឆ្នាំ២០១៥លើអ្នករត់ពន្ធមនុស្ស។
ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនៅខេត្ត Aceh ភាគខាងកើតបាននិយាយថា បុរសដែលពួកគេពិពណ៌នាថាជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានទៅដល់ទីក្រុង Kuala Idi ហើយត្រូវបានគេផ្តល់អាហារនិងទឹកអោយ។
អាជ្ញាធរអន្តោប្រវេសន៍បានប្រាប់រ៉យទ័រថា ពួកគេកំពុងធ្វើដំណើរទៅកាន់តំបន់នោះដើម្បីសាកសួរក្រុមនេះ។
ប្រធានសហគមន៍នេសាទនៅតំបន់នេះបាននិយាយថា ក្រុមនេះមានបំណងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីហើយគេមិនច្បាស់ទេថាហេតុអ្វីបានជាពួកគេចូលចតក្នុងប្រទេសឥណ្ឌូនេស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ភ្លាមៗទេថាតើទូកនេះមានប្រភពដើមនៅក្នុងប្រទេសមីយ៉ាន់ម៉ាឬបង់ក្លាដែស។
គួររម្លឹកថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានទៅដល់ប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីក្នុងឆ្នាំ២០១៥បន្ទាប់ពីពួកគេជាប់នៅក្នុងសមុទ្រ Andaman ក្រោយការបង្ក្រាបលើអ្នកជួញដូរមនុស្ស។
អាជ្ញាធរមីយ៉ាន់ម៉ាបានចាប់ទូកមួយដែលដឹកមនុស្សចំនួន៩៣នាក់ដែលភៀសខ្លួនចេញពីជំរំជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីនកាលពីខែមុន។
ប្រទេសមីយ៉ាន់ម៉ាបានចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថាជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីឧបទ្វីបឥណ្ឌានិងបានឃុំឃាំងមនុស្សរាប់ពាន់នាក់នៅជំរំរដ្ឋរ៉ាក់ឃីនចាប់តាំងពីអំពើហិង្សាបានវាយលុកតំបន់នេះក្នុងឆ្នាំ២០១២៕ REUTERS
Source: Kampuchea Thmey Daily
0 Comments