ភ្នំពេញ៖ ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ នឹងត្រូវចុះហត្ថលេខា សាងសង់ជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ ជាមួយក្រុមហ៊ុនចិន នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ហើយគម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ២០០០លានដុល្លារ។
លោក នូ វឌ្ឍនៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនេះ នឹងត្រូវចុះហត្ថលេខា នៅចុងឆ្នាំ២០១៨នេះហើយ។ លោកបញ្ជាក់ថា “នឹងចុះហត្ថលេខានៅចុងឆ្នាំ២០១៨នេះ នៅពេលចុះហត្ថលេខាហើយ នឹងចាប់ផ្តើមសាងសង់ហើយ។ សាងសង់ដោយក្រុមហ៊ុនចិន ដែលចំណាយទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក ហើយផ្លូវនេះជាផ្លូវថ្មី ធ្វើតាមគន្លងថ្មី អត់ប្រើប្រាស់តាមផ្លូវចាស់ហ្នឹងទេ ផ្លូវហ្នឹងជាផ្លូវគេយកលុយ ហើយប្រជាពលរដ្ឋដែលមិនចង់បង់លុយ អាចធ្វើដំណើតាមផ្លូវជាតិលេខ៤សព្វថ្ងៃធម្មតានេះ ហើយអ្នកដែលចង់រហ័ស គេទៅផ្លូវលើ ដូចនៅស្រុកថៃចឹងដែរ”។
ទាក់ទងសំណួរថា តើផ្លូវនេះ នឹងរត់កាត់តាមតំបន់ណាខ្លះ លោក នូ វឌ្ឍនៈ អះអាងថា នៅមិនទាន់អាចបង្ហើបបានទេ គ្រាន់តែប្រាប់ថា ផ្លូវនេះនៅខាងស្តាំផ្លូវជាតិលេខ៤សព្វថ្ងៃនេះ។
បើទោះបីមន្ត្រីក្រសួងសាធារណការមិនទាន់បង្ហើបអំពីតំបន់ដែលផ្លូវល្បឿនលឿននេះឆ្លងកាត់ក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា គម្រោងផ្លូវល្បឿនលឿននេះ នឹងប៉ះពាល់ដល់ចំការកៅស៊ូរបស់លោកចំនួន១០ម៉ឺនដើម ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឃុំកែវផុស ហើយដើមកៅស៊ូ ដែលប៉ះពាល់នេះ នឹងត្រូវកាប់ចោល ហើយបើតាមការសិក្សារបស់ក្រុមវិស្វករមកពីប្រទេសចិន ផ្លូវល្បឿនលឿននោះ នឹងត្រូវឆ្លងកាត់ចម្ការកៅស៊ូរបស់លោក ក្នុងតំបន់អភិវឌ្ឍន៍ឃុំកែវផុស ប្រមាណជាង១៧០ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ទោះជាយ៉ាងណា លោកឧកញ៉ា នៅតែបង្ហាញការគាំទ្រគម្រោងនេះដដែល។
តាមប្រភពមួយចំនួនបានអះអាងថា គម្រោងផ្លូវល្បឿនលឿននេះ គឺឆ្លងកាត់៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះ គឺឆ្លងកាត់៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។ ផ្លូវល្បៀនលឿននេះ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប២៤,៥ម៉ែត្រ។ តាមការសិក្សាគម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ ហើយចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩ ហើយការសាងសង់ នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល ៤ឆ្នាំ។
ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ធ្លាប់បានថ្លែងពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះថា ក្រសួងកំពុងត្រៀមទិញដី ដើម្បីកសាងផ្លូវថ្មីនេះហើយ។
គម្រោងផ្លូវល្បឿនលឿននេះ មានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤កន្លែង និងស្ថានីយប្រេងឥន្ធនៈចំនួន៣កន្លែង។ ផ្លូវនេះ ក៏មានរបងអមតាមសងខាងផ្លូវ ដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសំឡេងរំខាន សរុបប្រហែល៥៧,១៩គីឡូម៉ែត្រ ព្រមទាំងមានកន្លែងមនុស្ស និងសត្វព្រៃឆ្លងកាត់ចំនួន ៣៥២កន្លែងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments