ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បាននិយាយនៅថ្ងៃអង្គារថា ដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងសេអ៊ូលដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជា “លទ្ធភាពមួយ” ហើយថា ការធ្វើដំណើរបែបនេះនឹងជួយពង្រឹងទំនាក់ទំនងរបស់ក្រុងព្យុងយ៉ាងជាមួយសហរដ្ឋអាមេរិក។
លោក មូន បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលត្រូវបានសាកសួរដោយអ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសនូវែលហ្សេឡង់។ អ្នកកាសែតបានសាកសួរគាត់អំពីពេលវេលានៃការធ្វើដំណើរដែលអាចកើតឡើងទៅកាន់ទីក្រុងសេអ៊ូលដោយលោកគីមដែលបានរៀបចំកិច្ចប្រជុំកំពូលជាមួយលោកមូននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅឆ្នាំនេះ។
លោក មូន បាននិយាយថា “នេះគឺជាលើកទីមួយហើយដែលមេដឹកនាំកូរ៉េខាងជើងមួយរូបនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងថ្វីបើមិនទាន់មានពេលវេលាកំណត់ច្បាស់លាស់ក៏ដោយ”។
លោកបាននិយាយថា ដំណើរទស្សនកិច្ចបែបនេះនឹងបង្កើនល្បឿនការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េហើយនាំមកនូវការរីកចម្រើនកាន់តែខ្លាំងក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងត្បូងបាននិងកំពុងស្វែងរកការធ្វើឲ្យមានតុល្យភាពនៃការរីកចម្រើននៃទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើងខណៈដែលកំពុងរក្សាសម្ព័ន្ធភាពជាមួយក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ និងលោក មូន បានប្រកាសបន្ទាប់ពីជំនួបកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាថា ពួកគេបានយល់ព្រមធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបើទោះបីជាភាគីទាំងពីរបានធ្វើការរីកចម្រើនតិចតួចក្នុងការព្រមព្រៀងគ្នាលើពេលវេលាកំណត់ឬជំហានជាក់ស្តែងផ្សេងទៀតក៏ដោយ។
លោក ត្រាំ បានបង្ហាញសញ្ញាកាលពីថ្ងៃសៅរ៍ថា លោកទំនងជានឹងជួបលោក គីម ម្តងទៀតនៅក្នុងខែមករាឬខែកុម្ភៈ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments