Ad Code

ក្រុម​ចោរ​ ក្លែង​ឯកសណ្ឋាន​ជា​ប៉ូលិស​ដើរ​គាស់​ផ្ទះ​លួច ប្លន់​ដ៏​សកម្ម និង​​​បំពុល​ឆ្កែ​ ត្រូវ​ជាប់អន្ទាក់​នគរបាល​ស្រុក​សំរោង



កំពង់ស្ពឺ​​ ៖ ​ក្រុម​មុខសញ្ញា​ក្រុម​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ស្ទាក់​ប្លន់ និង​បំពុល​ឆ្កែ​យ៉ាងសកម្ម ត្រូវបាន​កម្លាំង​នគរបាល នៃ​អធិការ​នគរបាល​ស្រុក​សំរោង​ទង ប្រតិបត្តិការ​បង្ក្រាបបាន​២​នាក់ និង​២​នាក់​ទៀត​រត់គេចខ្លួន​បាត់​ ខណៈពេល​​​កម្លាំង​ចុះ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ងាយ​កើតមាន​បទល្មើស​។​

ក្រុមចោរ​ ដែល​ដើរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ បំពុល​ឆ្កែ​លួច​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ស្រាវជ្រាវ និង​ពួនស្ទាក់​តាមផ្លូវ​លេខ​១៤៣ ត្រង់ចំណុច ភូមិ​អន្លង់​ស្នោរ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​យប់​ថ្ងៃ​ចន្ទ ១១ រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ វេលា​ម៉ោង ០២:១៥ នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ដ៏​សកម្ម​ខាងលើ​ដោយសារ​កើតមាន​បទល្មើស​គាស់​ផ្ទះ​បំពុល​សត្វ​ឆ្កែ​យក​ម៉ូតូ​កើតជា​បន្ដបន្ទាប់​ច្រើន​ករណី​ពេក ​ទើប​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​បែងចែក​គោលដៅ​ចុះ​ធ្វើការ​ល្បាត ក្នុងភូមិ​សាស្ត្រ​សំខាន់ៗ​ជា​រៀងរាល់​យប់​។​

ខណៈពេល​កំពុង​ល្បាត​កម្លាំង​នគរបាល​បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន ៤​នាក់ បាន​ឃាត់​ដើម្បី​សាកសួរ ប៉ុន្តែ​ជនសង្ស័យ​ចំនួន ០២​នាក់ បានដឹងខ្លួន​រត់គេច​បាត់​ដោយ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ រួមមាន​៖ ១-​ឈ្មោះ ដាំ សារិន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ ធ្វើស្រែ និង​ជា​ប្រជា​ការពារ​ភូមិ ទីលំនៅ​ភូមិ​អា​យៀន ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ( ឃាត់ខ្លួន )​។​

២-​ឈ្មោះ ផាត រតនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​ឈើ​លំ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី និង​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល​។​

សមត្ថកិច្ច​ដកហូត​សម្ភារៈ​វត្ថុតាង រួមមាន ​៖ ថ្នាំ​សម្រាប់​បំពុល​ឆ្កែ​ចំនួន​០១​ថង់ ពណ៌​ខ្មៅ​, ទួរណឺវិស​ ០១​ដើម​, សាំង ០២​ដប​, ដង្កាប់​តូច​០១​ដើម​, ម៉ូតូ ០១​គ្រឿង ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​។​

បក្ខ​ពួកក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន និង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​បំពុល​ឆ្កែ​គាស់​ផ្ទះ​លួច​ម៉ូតូ និង​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​ជាច្រើនលើក​ពិតប្រាកដ​មែន។

បន្ទាប់​មាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​២​នាក់ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដោយមាន​ការ​សម្របសម្រួល​និតិ​វិធី​ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា អយ្យការ​អម សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត និង​អធិការនគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​ធ្វើការ​ឆែកឆេរ​នៅផ្ទះ​របស់​ឈ្មោះ ណន វុ​ទ្ទី ស្ថិតក្នុង​ភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ផ្ទះ​របស់​ឈ្មោះ ថូ ថុ​ន ហៅ​ដា ហៅ​ស្វិត នៅ​ភូមិ​ឈើ​លំ ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី​។​

ប្រតិបត្តិ​ការរុករក​វត្ថុតាង​នោះ រកឃើញ​សម្ភារៈ​ដែល​ពាក់ព័ន្ធ​បទល្មើស រួមមាន​៖ ស្លាក​លេខ​ម៉ូតូ ០៤​សន្លឹក​, ប្រដាប់​កិប​ស្លាក​លេខ និង​ឧបករណ៍​កាត់​ដែក និង​ឆាប​សោ​​ម៉ូតូ​, ថ្នាំ​បំពុល​ឆ្កែ ០៣​កំប៉ុង​ធំ​, ខ្នងកង់​ម៉ូតូ ០៤​វង់ និង​សម្ភារៈ​កែច្នៃ ជួសជុល​ម៉ូតូ​មួយចំនួនទៀត​។​

ក្រៅពី​វត្ថុតាង​ខាងលើ សមត្ថកិច្ច​បាន​រកឃើញ​ឯកសណ្ឋាន​នគរបាលជាតិ ដែលមាន​ស្លាក​ឈ្មោះ អនុសេនីយ៍ទោ ដាំ សារិន អត្តលេខ ០១២៧៨ របស់​ឈ្មោះ ដាំ សារិន និង​បាន​ឆ្លើយ​សារភាពថា ​​ឯកសណ្ឋាន​នេះ​ខ្លួន​ទិញ​ពី​គេ​នៅ​ភ្នំពេញ រួមជាមួយ​សក្តិ និង​ធ្វើ​ស្លាក​ឈ្មោះ​ដោយ​ក្លែងបន្លំ​ធ្វើជា​នគរបាលជាតិ ដើម្បី​ធ្វើ​សកម្មភាព​លួច ប្លន់​ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន​មុខសញ្ញា​ចោរលួច​ទាំងពីរ​នាក់​ត្រូវបាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ និង​បន្ដ​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​គេចខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu