Ad Code

មហោស្រព​វិទ្យាសាស្ត្រ​បំផុស​គំនិត​អនាគត​អ្នកដឹកនាំ និង​នវានុវត្តន៍​ជន



បើតាម​របាយការណ៍រ​បស់​យើង​បានឱ្យដឹងថា មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ ទន្ទឹមនឹង​ដំណើរ​វិវត្តន៍​នៃ​មុខវិជ្ជា​ស្ទែ​ម​ដែល​គ្រប់​ដណ្ដប់​លើ​រាល់​ទិដ្ឋភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ សិស្ស​-​និស្សិត​កម្ពុជា​របស់​យើង​កំពុង​បន្ត​ប្រឹងប្រែង និង​សិក្សា​ប្រធានបទ​នានា និង​មុខវិជ្ជា​ដ៏​សំខាន់​ទាំងនេះ​។

មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា និង​ថ្ងៃ​សៅរ៍ ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ស្របតាម​លក្ខណៈ​នៃ “​ពិព័រណ៍​វិទ្យាសាស្ត្រ​” ទូទៅ និង​ច្របាច់​បញ្ចូល​នូវ​ធាតុ​ផ្សំ​នៃ​មុខវិជ្ជា​ស្ទែ​ម​ដែល​រួមមាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ក្នុង​គោលបំណង​ផ្ដល់នូវ​ថ្នាល​អប់រំ​មួយបែប​ដ៏​ល្អ​ប្លែក​យ៉ាងពិត​ប្រាកដ​ជូន​ដល់​ភ្ញៀវ​ដែល​បាន​ចូលរួម​ទស្សនា​ទាំងអស់​។​

គួរ​បញ្ជាក់ថា ពិធី​បើក​ទំព័រ​កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ​នេះ​ត្រូវបាន​ចូលរួម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដោយបាន​ថ្លែង​អំពី​សេចក្ដីរំភើប ទាក់ទង​នឹង​សារៈសំខាន់​នៃ​ពិព័រណ៍​នេះ ក្នុង​ការជួយ​ឱ្យ​សិស្ស​-​និស្សិត​ស្វែងយល់ និង​ទទួលបាន​បទពិសោធន៍​ជាក់ស្ដែង តាមរយៈ​ការធ្វើ​ពិសោធន៍ ការដាក់ឱ្យ​ដំណើរការ និង​ការសិក្សា​ជាមួយនឹង​មុខវិជ្ជា​ស្ទែ​ម​ទាំងនេះ​។ រីឯ​ពិធី​បិទ​ទំព័រ​កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ​វិញ​បានទទួល​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ដល់នូវ​កិច្ច​គាំទ្រ​យ៉ាង​ពេញទំហឹង និង​លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការអប់រំ​ស្ទែ​ម​ក្នុងការ​រួមចំណែក​ចំពោះ​អនាគត​សេដ្ឋកិច្ចកម្ពុជា​។

កញ្ញា តេង សុ​ផា​ណា តំណាង​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា និង​ដែលជា​អ្នក​ឧបត្ថម្ភ​ធំ នាឱកាស​ព្រឹត្តិការណ៍​នេះ បាន​ថ្លែង​និង​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល​៣​ឆ្នាំ ហើយ​នេះ​សបញ្ជាក់​ពី​តឹកតាង​នៃ​ការប្ដេជ្ញា​ខ្ពស់​របស់ ស្មា​ត អា​ស្យា​តា ក្នុងការ​រួមចំណែក​ក្នុង​បុព្វហេតុ​មនុស្សជាតិ សង្គម និង​ផែនដី​របស់​យើង​។

តាមរយៈ​ការព្យាយាម និង​សាកល្បង​រូបមន្ត ការផ្ដល់​ឱកាស​ឱ្យ​សិស្ស​-​និស្សិត​ចូលរួម​ជាមួយនឹង​មុខវិជ្ជា​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នេះ និង​ផ្ដល់នូវ​ទំនួល​ខុសត្រូវ​ដល់​ពួកគាត់​ក្នុងការ​បង្ហាញ​ពី​ស្នាដៃ និង​សមត្ថភាព​ជូន​ដល់​ប្រទេសជាតិ បូករួម​នឹង​ការលើកកម្ពស់​គំនិត​ផ្ដួចផ្ដើម​ដ៏​ជោគជ័យ​នានា គឺ​សុទ្ធតែជា​ធាតុ​ផ្សំ​នៃ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ព្រឹត្តិការណ៍​នេះ ដូច​សព្វមួយដង​។​

លក្ខណៈពិសេស​ពិតប្រាកដ​នៃ​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ គឺជា​គម្រោង​ស្ទែ​ម​របស់​ប្អូនៗ​សិស្សានុសិស្ស​ពីសា​លា​នានា​ជាច្រើន​។ គម្រោង​សរុប​ចំនួន​២៤០​គម្រោង​ត្រូវបាន​ដាក់តាំង​បង្ហាញ និង​បង្កើតឡើង​ដោយ​សិស្សានុសិស្ស​មកពី​សាលា​ចំនួន​១៥ ដែល​រួមមាន​សាលា​មកពី​ខេត្តបាត់ដំបង​ផងដែរ​។ តាមរយៈ​គម្រោង​ទាំងនេះ ពួកគាត់​ពិតជា​អាច​ប្រើប្រាស់ ការអប់រំ​ស្ទែ​ម​ដែល​ពួកគាត់​ចូលចិត្ត​បំផុត ហើយ​យើង​ក៏បានផ្ដល់​ផងដែរ​នូវ​ភាព​រីករាយ​ជាច្រើន​ដល់​មហាជន​ដែល​បាន​ចូលរួម​ទស្សនា នៅតាម​ស្ដង់​បង្ហាញ​គម្រោង​នានា និង​ស្វែងយល់​ពី​ទ្រឹស្ដី​គួរឱ្យ​ចាប់អារម្មណ៍​ផ្សេងៗ រួមទាំង​អាថ៌កំបាំង​វិទ្យាសាស្ត្រ​ពិសេសៗ​ផងដែរ​។

ព្រឹត្តិការណ៍​នេះ​បានផ្ដល់​ជូន​ផងដែរ​នូវ​ការបង្ហាញ​លើ​ឆាក​ដែល​គួរ​ជាទី​ចាប់អារម្មណ៍ ជាមួយនឹង​លក្ខណៈ​វិទ្យាសាស្ត្រ​ពិសេសៗ បាឋកថា​ដែល​បង្ហាញ​ដោយ​អ្នកជំនាញ​ក្នុង​ការងារ​ស្ទែ​ម ក្រោម​ប្រធានបទ​នៃ​ការអប់រំ​ស្ទែ​ម អាជីព​ការងារ​ស្ទែ​ម រួម​នឹង​ប្រធានបទ​បរិស្ថាន​នានា​សម្រាប់​កម្ពុជា នាពេល​បច្ចុប្បន្ន​។ ក្រៅពីនេះ យើង​ក៏មាន​ជាការ​ប្រគំ​តន្ត្រី​សម្រាប់​ថ្ងៃ​នីមួយៗ​នៃ​ព្រឹត្តិការណ៍​ទាំងពីរ​ថ្ងៃនេះ​ផងដែរ​។ ម្យ៉ាងវិញទៀត យើង​បានទទួល​ការចូលរួម​ពី​សំណាក់ “Nutty Scientists Cambodia” ដែល​ញុំាង​ឱ្យ​កម្មវិធី​នេះ​មាន​បរិយាកាស​កាន់តែ​រីករាយ​។

ដោយឡែក ការប្រកួត​សំណេរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ការប្រកួត​សិល្បៈ​គំនូរ ដែល​បង្កើតឡើង​ដើម្បី​អបអរ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំ​ឆ្នាំនេះ ក៏បាន​ផ្ដល់នូវ​ឱកាស​ដល់​សិស្សានុសិស្ស​ក្នុងការ​ស្វែងយល់​អំពី​ការអប់រំ​ស្ទែ​ម​ដែរ​។ ស្នាដៃ​របស់​ជ័យលាភី​ត្រូវបាន​ដាក់តាំង​បង្ហាញជូន​មហាជន​ទស្សនា​។

រីឯ​ការប្រកួត​រ៉ូ​បូត​របស់​សមាគម​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សិ​ស្សានុសិស្ស​ក្នុង​ក្រុងភ្នំពេញ យ៉ាងខ្លាំង រួចមកហើយ នៅ​ដើម​ឆ្នាំនេះ ហើយ​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​របស់​យើង​ក៏បាន​ពាំនាំ​ការបង្ហាញ​រ៉ូ​បូត​នេះ​ជូន​ដល់​សិស្សានុសិស្ស​បន្ថែមទៀត ដើម្បី​ធ្វើការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​។ ម្យ៉ាងវិញទៀត យើង​ក៏មាន​ការដាក់​តាំង​បង្ហាញ​រ៉ូ​បូត​ផ្សេងៗ រួមទាំង “​ស៊ូ​ម៉ូ​រ៉ូ​បូត​” ដែល​ផ្ដល់នូវ​ទិដ្ឋភាព​ដ៏​ពិសេស​មួយ​នៃ​បច្ចេកវិទ្យា និង​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកចូលរួម​ទស្សនា​។

គួរបញ្ជាក់​ផងដែរ​ថា យើង​ក៏មាន​គម្រោង​ស្ទែ​មរ​បស់​កុមារ​តូចៗ (Kids Corner) ក្នុង​គោលបំណង​ដាក់តាំង​បង្ហាញ​ភាព​ច្នៃប្រឌិត និង​ចំណាប់អារម្មណ៍​របស់​ពួកគាត់​តាមបែប​វិទ្យាសាស្ត្រ​ដែរ​។​

ជាការ​ពិត មុខវិជ្ជា​ស្ទែ​ម​នឹង​បន្ត​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ប្ដេជ្ញា​ខ្ពស់​លើ​ការអប់រំ នាពេល​អនាគត នៅ​ទូទាំង​ពិភពលោក ហើយ​ជានិច្ចកាល​ព្រឹត្តិការណ៍​ដូចនេះ​គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​បំផុស និង​ជំរុញ​គំនិត​របស់​សិស្ស​-​និស្សិត ឱ្យ​រួមចំណែក​ក្នុង​មុខវិជ្ជា​ស្ទែ​ម​នេះ​។

យើងខ្ញុំ​បានចាប់ផ្ដើម​ត្រៀមលក្ខណៈ​រៀបចំ​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៥ សម្រាប់​ឆ្នាំក្រោយ​រួចហើយ និង​សូម​ស្វាមគន៍​ចំពោះ​ការចូលរួម​ទស្សនា​ដ៏​កាន់តែច្រើន​កុះ​កុរ​របស់​អ្នកចូលរួម និង​មហាជន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu