បាល់ទាត់ ៖ ពានរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀង ឈ្មោះថា «ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៤ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានបញ្ចប់ដំណើរការប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយកាលពីចុងសប្ដាហ៍ថ្មីៗនេះ ក្រោយបញ្ចប់វគ្គប្រកួតក្នុងវគ្គ៣២ក្រុមចុងក្រោយ ក៏ដូចជាវគ្គចែកពូល។
ពានរង្វាន់ Svay Rieng Cup ឆ្នាំនេះមានក្រុមចូលរួមចំនួន៥២ក្រុមចែកជា១៣ពូលផ្សេងគ្នា នៅកីឡដ្ឋានខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម មួយនេះ។ ក្រោយមកគណៈកម្មការបានស្វែងរកឃើញក្រុមខ្លាំងជាងគេចំនួន១៦ក្រុមមានឱកាសឡើងទៅវគ្គបន្ត។
ជាលទ្ធផលនៅថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមក្លិបកីឡាពូប្រុសជីភូ ចាញ់ក្រុមស.ស.យ.ក ស្រុកស្វាយជ្រុំ ៣ទល់០ ខណៈក្រុម Blue Dragon ឈ្នះក្រុមរាជសីហ៍ផ្សាថូម៉ាក់ ៥ទល់១ ហើយក្រុមធារីបាវិត ចាញ់ក្រុមសៀងហៃរីហ្សតអេហ្វស៊ី ២ ទល់១ និងក្រុមអធិការនគរបាលក្រុងបាវិត ឈ្នះក្រុម Chong Prek FT ១០ទល់១។
ចំណែកលទ្ធផលគូផ្សេងទៀតដែលប្រកួតនៅថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមស.ស.យ.ក ស្រុករមាសហែក ឈ្នះក្រុមរដ្ឋករទឹកខេត្តស្វាយរៀង ៦ទល់១ ហើយក្រុមលីងគួយអែហ្វស៊ី ចាញ់ក្រុមស.ស.យ.កក្រុងបាវិត ៤ទល់២ ខណៈក្រុមអគ្គិសនីស្វាយរៀងចាញ់ក្រុមសុភក្តិមូទ័រ FC ជីភូ ៤ទល់២ និងចុងក្រោយក្រុម Panda FC ចាញ់ក្រុមស.ស.យ.ក ក្រុងបាវិត ៦ទល់៣។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀងជាប់ៗគ្នា ខណៈនេះជាលើកទី៤ បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ ដោយត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមាន ឯកឧត្ដម ឌី វិជ្ជា ជាប្រធាន ស្របពេល២លើមុនដំបូង ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នានិងចុងក្រោយក្រុមក្រុមធារីលិញគួយ ជាម្ចាស់ជើងឯកម្តង៕
Source: Kampuchea Thmey Daily
0 Comments