Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​នឹង​ដំឡើង​ផ្ទាំងសិលា​ចារឹក​ធ្វើ​អំពី​ថ្មភក់​ចំនួន ៦​ផ្ទាំង និង​ដាក់​ស្លាក​ឈ្មោះ​មហាវិថី​ឈ្នះ​ឈ្នះ



ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ថ្ងៃនេះ​បាន នឹង​ដំឡើង​ផ្ទាំងសិលា​ចារឹក​ធ្វើ​អំពី​ថ្មភក់​ចំនួន៦​ផ្ទាំង និង​ដាក់​ស្លាក​ឈ្មោះ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិលេខ៦។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ថា ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​និង​ជំរុញ​អោយ មន្ត្រី​ជំនាញ​ពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​រួមមាន ការ​តម្លើង​បង្គោល​ភ្លើង​សួនច្បារ ដំឡើង​បង្គោល​ភ្លើង​ហ្វា ដាក់​បណ្តាញ​លូ បើក​ច្រក​កាត់​សួនច្បារ​នៅ​មហាវិថី​ឈ្នះ​ឈ្នះ តុបតែង​លំអ​ភ្លើង​ដើម​ច័ន្ទ​គី​រី​នៅ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ផ្លូវជាតិ​លេខ៦។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល​បាន​បញ្ជាក់ថា ​សម្រាប់​ត្រៀម​កម្មវិធី​ថ្ងៃទី​២៩-៣០-៣១​ខែធ្នូ​ ឆ្នាំ​២០១៨​ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ដំឡើង​ផ្ទាំង​សិលាចារឹក​ធ្វើ​អំពី​ថ្មភក់​ចំនួន ៦​ផ្ទាំង និង​ដាក់​ស្លាក​ឈ្មោះ​មហាវិថី ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​៦ លាប​កំបោរ​គល់ឈើ និង​លាប​ខឿន​សួនច្បារ​ផងដែរ។



គួរ​បញ្ជាក់​ថា វិមាន​ឈ្នះ​ឈ្នះ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វា គ្រោង នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជា​មួយ​គ្នា​នេះដែរ​ ក៏​នឹង​រៀបចំ​ឲ្យ​កម្មវិធី​ពិព័រណ៍​ចំនួន​បី​ថ្ងៃ​ផង​ដែរ ហើយ​ដើម្បី​ឲ្យ​ពិធី​ខាងលើ​ប្រព្រឹត្តិ​ទៅ​បាន​រលូន​និង​ទទួលជោគជ័យ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មួយចំនួន​ចុះ​ពិនិត្យ ទីតាំងនៅ​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ​នេះ ដើម្បី​ត្រៀម​រៀបចំ​សន្តិសុខ​សណ្តាប់​ធ្នាប់ រួម​នឹង​ការ​ឈូសឆាយ​ព្រៃត្រែង កាយ​ទឹក​បង្ហូរ​ដាក់​លូ​ផង​ដែរ​។ ការរៀបចំ​ដូច្នេះ គឺ​ដើម្បី​ជា​សោភណភាព និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រៀបចំ​សន្តិសុខ​សណ្តាប់​ធ្នាប់ ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក៏ដូចជា​សន្តិសុខ​សុវត្ថិភាព ដល់​សម្តេច​តេ​ជោ​ផងដែរ​។



ក្រៅពី​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​តុបតែង​តាំង​ភ្លើងអគ្គិសនី​បំភ្លឺ​នៅ​តាម​ដងផ្លូវ ពី​គល់ស្ពាន​ព្រែក​ព្នៅ រហូតដល់​ផ្លូវជាតិ​លេខ​៦ នឹង​បើក​អោយ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​ចូលរួម​ទស្សនា នូវ​សមត្ថ​លទ្ធផល​នានា ដែល​បាន​ទទួល​បាន​ជោគជ័យ និង​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា និង​មានការ​រី​ចំរើន​លើ​គ្រប់​វិស័យ​រហូតមកដល់​សព្វថ្ងៃ​នេះ​។

រដ្ឋបាល​រាជធានី ក្រៅពី​បញ្ហា​ខាងលើ ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​២០​គ្រឿង ដោយ​ប្រើប្រាស់​ទីតាំង​ចំនួន​២​កន្លែង​នៅមុខ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ បើ​មាន​បញ្ហា​សុខភាព ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​ផងដែរ​។ ដោយឡែក ខាង​មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ដាក់​ភ្លើងអគ្គិសនី​បំភ្លឺ​តាម​ដើម​ច័ន្ទ​គីរី​ទាំងអស់​នៅ​តាម​បណ្តោយ​ផ្លូវ រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ចំងាយ​ជិត​៥០០​ម៉ែត្រ និង​ឆ្លាក់​អក្សរ​លើ​ផ្ទាំង​សិលាចារឹក “​ជា​វិថី​វិមាន​ឈ្នះ​ឈ្នះ​” ដាក់​នៅ​ដើមផ្លូវ​។



លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស នៃ​ក្រសួងការពារជាតិ និង​ជា​ប្រជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា “​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​កាត់​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​។ តាមរយៈ​សន្តិភាព​រក​បាន​ដោយ​លំបាក​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ហើយ ដែល​បង្កើត​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​”​។

លោក​បន្ថែម​ថា វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​បាន​រៀប​ចំ​ចម្លាក់ ស្តី​ពី​ចម្លាក់​ទិវា​ចងចាំ​ឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​ចម្លាក់​ដំណើរ​ជាតិ​កម្ពុ​ជានា​ទសវត្ស​ឆ្នាំ​៨០ និង​ដើមឆ្នាំ៩០ ដាក់​តាំង​បង្ហាញ​នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រៅ​វិមាន​។

គួរ​បញ្ជាក់​ដែរ​ថា វិមាន​ឈ្នះ​ឈ្នះ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​សង់​នៅ​ផ្ទៃដី​ចំនួន​១៥​ហិកតា ដែល​មាន​កំពស់​វិមាន​ចំនួន​៥៤​ម៉ែត្រ ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu