Ad Code

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ៖ តំណាង​សហជីព​កម្មករ សង្គម​ស៊ីវិល ការិយាល័យ​ឧ​ត្ត​ម​ស្នងការ និង​រាជរដ្ឋាភិបាល នាំគ្នា​រៀបចំ​កម្មវិធី​អបអរសាទរ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ទីតាំង​ផ្សេងៗ​គ្នា​



ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ជា​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ នៅ​ប្រទេស​កម្ពុជា មានការ​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​នោះ​តំណាង​សហជីព កម្មករ កម្មការិនី និង​សង្គម​ស៊ីវិល បាន​រៀប​ចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មជ្ឈមណ្ឌល​មង្គល​ឧ​ត្ត​ម ចំណែក​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បាន​រៀប​ចំ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក (​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៨ ខែធ្នូ​) រីឯ​រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​កម្មវិធី​នេះ​យ៉ាង​ឱឡារិក​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ នា​រាជធានី​ភ្នំពេញ​។



លោក អាត់ អន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ដឹកនាំ​សហជីព និង​កម្មករ រៀបចំ​អបអរសាទរ​នៅ​មជ្ឈមណ្ឌល​មង្គល​ឧ​ត្ត​ម​បាន​ថ្លែង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​ដែល​សហជីព​កម្មករ​បា​ន​នាំគ្នា​រៀបចំ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧០ (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ហើយ​កម្មវិធី​នេះ​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ហើយ​តែងតែមាន​ការចូលរួម​ពី​អង្គការ​សំខាន់ៗ​យ៉ាងច្រើន​រាប់​ពាន់នាក់​។ ទោះ​យ៉ាង​ណា​លោក អាត់ អន់ បាន​ត្អូញត្អែរ​ថា រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ការរៀបចំ​ហាក់ដូចជា​មិនបាន​ធំ​ដំ​ដូច​មុនៗ​ទេ ក្រោយពី​មាន​ភាព​តាម​តឹង​ខ្លះ​ផ្នែក​នយោបាយ​។



ជាមួយនឹង​ការ​លើក​ខាងលើ​នេះ ក្នុងនាម​តំណាង​ឲ្យ​សហភាព​ការងារ​កម្ពុជា លោក អាត់ អន់ បាន​លើក​ឡើង​ជា​សំណើ​សំនួន​១៩​ផង​ដែរ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ ដែល​រួមមាន​កំណត់​ប្រាក់​ឈ្នួល​២០៧​ដុល្លារ ក្នុង​មួយ​ខែ​, ពង្រឹក​សេវា​របប​សន្តិសុខ​សង្គម និង​ធានា​នូវ​សេរីភាព​សហជីព​ជាដើម​។

ចំណែក​លោក វន់ ពៅ ប្រធាន​សមាគម ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែល​បាន​ដឹកនាំ​រៀបចំ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្តន៍​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​មិន​អនុញ្ញាត​ឲ្យ​យក​លុយ ពី​អ្នក​លក់ដូរ​តាម​កញ្ច្រែង តាម​ល្អី ជាពិសេស​ត្រូវ​រៀបចំ​អនាម័យ និង​សន្តិសុខ​សម្រាប់​អាជីវករ​។



លោក​បញ្ជាក់​ថា សព្វថ្ងៃ​នៅ​តែ​មាន​អាជីវករ​ជាច្រើន បាន​រងគ្រោះ​ដោយ​ការប្រើ​អំពើ​ហិង្សា ដូចជា​ការ​ចាក់​បន្លែ ឬ​សម្ភារៈ​ផ្សេងៗ​ចោល ដែល​បញ្ហា​នេះ​ផ្ទុយ​ទៅ​នឹង​សារាចរ​របស់​រាជរដ្ឋាភិបាល លេខ​១១​សរ ពីព្រោះ​សារាចរ​នេះ មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​យក​ភាស៊ី​ពី​អ្នក​លក់ដូរ​តាម​កញ្ច្រែង តាម​ល្អី​នោះទេ​។

នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះដែរ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បានលើកឡើង​ពី​គំរោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា របស់​សហភាព​អឺរ៉ុប (EU) ដោយ​អះអាង​ថា បច្ចុប្បន្ន​មានកម្ម​ករ​ប្រមាណ​ជា​៩០​ភាគរយ បាន​ជំពាក់​លុយ​ធនាគារ ដូច្នេះ​បើ​មាន​ការ​ដក​មែន​នោះ នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ក​ម្មករ កម្មការិនី និង​អ្នកពាក់ព័ន្ធ​។



ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ដែល​បាន​អញ្ជើញ​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​សាល​មហោស្រព​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ បាន​លើកឡើងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​ទ្វីបអាស៊ី នៅ​អឺរ៉ុប ហើយ​នៅ​កម្ពុជា សន្តិភាព គឺជា​គន្លឹះ​មួយ​ដែល​នាំ​ឲ្យ​សិទ្ធិមនុស្ស​កាន់តែ​ត្រូវបាន​លើកកម្ពស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu