មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករបាល់ទាត់ជាជនភៀសខ្លួនម្នាក់មកពីប្រទេសបារ៉ែនត្រូវបានឃុំខ្លួនរយៈពេល១២ថ្ងៃទៀតនៅក្នុងប្រទេសថៃ ខណៈដែលក្រុមសិទ្ធិមនុស្សមួយបានរិះគន់អំពី “សង្គ្រាមអូសបន្លាយពេល” លើជោគវាសនារបស់គាត់។
លោក Hakeem Alaraibi ដែលជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិបារ៉ែនត្រូវបានបញ្ឈប់នៅកន្លែងពិនិត្យលិខិតឆ្លងដែន Interpol បន្ទាប់ពីទៅដល់ប្រទេសថៃពីប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៧ខែវិច្ឆិកាសម្រាប់វិស្សមកាលជាមួយប្រពន្ធរបស់គាត់។
បុរសវ័យ២៥ឆ្នាំរូបនេះត្រូវបានគេផ្តល់ឋានៈជនភៀសខ្លួនអោយនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៧ហើយបាននិយាយអំពីការចាប់ខ្លួននិងការវាយដំនៅដើមបាតុកម្ម Arab Spring ក្នុងរដ្ឋឈូងសមុទ្រនៅឆ្នាំ២០១២។
គាត់ត្រូវបានផ្តន្ទាទោសកំបាំងមុខលើបទចោទប្រកាន់បំផ្លិចបំផ្លាញស្ថានីយ៍ប៉ូលិសប៉ុន្តែបាននិយាយថា គាត់កំពុងស្ថិតនៅក្រៅប្រទេសសម្រាប់ការប្រកួតមួយចំពេលមានបទល្មើសនោះ។
ប្រមុខផ្នែកអន្តោប្រវេសន៍ថៃលោក Surachate Hakparn បានប្រាប់ក្រុមអ្នកកាសែតថា លោក Alaraibi ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញសម្រាប់រយៈពេល១២ថ្ងៃគិតចាប់ពីថ្ងៃទី៣ខែធ្នូទៅដើម្បីផ្តល់ពេលវេលាអោយអាជ្ញាធរពិនិត្យមើលឯកសារដែលដាក់ដោយប្រទេសបារ៉ែន។
លោក Surachate បាននិយាយថា ឯកអគ្គរាជទូតអូស្ត្រាលីបានប្រាប់លោកថា ក្រុងកង់បេរ៉ាចង់ឲ្យកីឡាកររូបនេះត្រឡប់មកវិញ។ លោកបានបន្ថែមថា “ប្រសិនបើមានភស្តុតាងថាដីកាចាប់ខ្លួនមិនត្រឹមត្រូវនោះ បន្ទាប់មកផ្នែកអន្តោប្រវេសន៍នឹងបញ្ជូនគាត់ទៅកាន់ប្រទេសអូស្ត្រាលី”។
ស្ថានទូតបារ៉ែននៅទីក្រុងបាងកកមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំយោបល់ទេ។
គួរបញ្ជាក់ថា កីឡាករ Alaraibi បានលេងអោយក្លឹបពាក់កណ្តាលអាជីព Pascoe Vale FC នៅក្នុងទីក្រុងមែលប៊ននិងបានមកប្រទេសថៃសម្រាប់ថ្ងៃឈប់សម្រាកមុនពេលត្រឡប់ទៅហ្វឹកហាត់វិញ៕ AFP
Source: Kampuchea Thmey Daily
0 Comments