អ្នកប្រដាល់កម្ពុជា២រូប គឺថៃ ប៊ុនហាន ក្លិបឫទ្ធីពោធិ៍សែនជ័យ និងយុគយក្សផ្លែ ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីបើកប្រដាល់ថ្មីLeo Beer របស់បាយ័ន នាយប់ថ្ងៃសៅរ៍ទី១៧ ខែមករា ខាងមុខនេះ នៅលើសង្វៀនរោងសៀកទល់មុខរដ្ឋសភា។
ថៃ ប៊ុនហាន គេនឹងត្រូវជួបអ្នកប្រដាល់ថៃឈ្មោះThan Pakorn lek Aor.Kwan meung ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ ពុំដែលមកកម្ពុជាពីមុនមក។ ប៉ុន្តែបើតាមអ្នកផ្គូផ្គង ឲ្យដឹងថា Than Pakorn lek Aor.Kwan meung នេះ គេមកពីបាងកក ហេតុនេះមិនធម្មតានោះឡើយ។
នេះជាលើកទី១ របស់ថៃ ប៊ុនហានហើយ ដែលជួបប្រកួតជាមួយថៃនេះ។ ប៊ុនហាន គេជាម្ចាស់ខ្សែក្រវាត់គូបូតាទម្ងន់៦៥គីឡូក្រាម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។ គេមានស្នៀតប្រដាល់មិនសូវជាល្អណាស់ណាទេ តែគេមានកម្លាំងខ្លាំង ហើយក៏ជាអ្នកប្រដាល់ម្នាក់ដែលមានមុខរឹង វាយមិនឈឺ។
សម្រាប់ការប្រកួតលើកនេះ ពុំដឹងថាថៃ ប៊ុនហាន អាចវាយឈ្នះThan Pakorn បាន ឬអត់នោះទេ? អ្នកប្រដាល់ថៃមកលើកនេះ លឺថាខ្លាំងផង ដោយមានប្រវត្តិប្រកួតចំនួន៩០ ដង ឈ្នះ ៧០ ដង ចាញ់១៥ដងនិងស្មើ៥ដង។
ប៉ុន្តែយ៉ាងណា ប៉ះជាមួយប៊ុនហាន ដែលវាយគ្មានសំចៃដៃនោះ Than Pakorn មិនជាស្រួលខ្លួននោះឡើយ។ ដូច្នេះចាំមើល រវាងថៃ ប៊ុនហាន និង អ្នកប្រដាល់ថៃThan Pakorn lek Aor.Kwan meung តើនរណាជា អ្នកឈ្នះនោះ ?
ចំណែក យុគ យក្សផ្លែ គេនឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Watchark Sak Tor Sirachai ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ យក្សផ្លែ គេមិនអស់ចិត្តនៅពេលដែលវាយចាញ់ពិន្ទុអ្នកប្រដាល់ថៃ Ketchsaharat កាលពីថ្ងៃទី២១ ខែធ្នូកន្លងមកនោះ ។ លើកនេះ ទោះជាគូសងសឹកមិនបានមកក៏ដោយ ក៏យក្សផ្លែអះអាងថា នឹងយកឈ្នះដៃគូប្រកួត Watchark Sak Tor Sirachai ឲ្យទាល់តែបាន ដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ។
អ្នកប្រដាល់ថៃ Watchark Sak Tor Sirachai នេះ មិនដែលមកប្រកួតនៅស្រុកខ្មែរទេ។ បើតាមប្រវត្តិប្រកួតរបស់គេប្រហែលជាខ្លាំងហើយ ព្រោះធ្លាប់ឡើងប្រកួតចំនួន១១៥ដង ឯណោះ ក្នុងនោះវាយឈ្នះ៩០ដង ចាញ់២៥ដង មិនដែលស្មើនោះទេ ហើយគេធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ចំនួន២៥ដង។ បើប្រៀបធៀបជាមួយយុគ យក្សផ្លែ គឺតិចជាងតែ៥ដងប៉ុណ្ណោះ ដោយយក្សផ្លែគេមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ ៨៥ ដង ចាញ់ ៣១ ដង និងស្មើ៤ដង។ ជាមួយនេះ គេធ្លាប់ផ្តួលដៃគូប្រកួតឲ្យសន្លប់លើសង្វៀនចំនួន៣៦ដងឯណោះ។
ទោះជាយ៉ាងនេះក្តី គេមិនទាន់ប្រាកដថា យុគ យក្សផ្លែ ឈ្នះ Watchark Sak Tor Sirachai នោះទេ។ ដោយសារអ្នកប្រដាល់កម្ពុជាយើងរូបនេះ មានកម្ពស់ទាបជាងអ្នកប្រដាល់ថៃ ដោយយក្សផ្លែមានកម្ពស់១,៦៣ម៉ែត្រ ខណៈអ្នកប្រដាល់ថៃមានកម្ពស់១,៦៨ម៉ែត្រ ហើយ Watchark Sak Tor Sirachai នេះ ក៏ជាអ្នកប្រដាល់ជើងខ្លាំងមកពីបាងកកដែរ។ ចាំមើល លើកនេះយុគ យក្សផ្លែ អាចយកឈ្នះ Watchark Sak Tor Sirachai បានដែរឬអត់នោះ?
ជាមួយនឹងការប្រកួតជាលក្ខណៈអន្តរជាតិនេះ ក៏មានការប្រកួតពិសេសដណ្តើមរង្វាន់ទឹកប្រាក់១,០០០ដុល្លារអាមេរិកផងដែរ ដែលអ្នកឈ្នះទទួលបាន៦០០ដុល្លារ អ្នកចាញ់បាន៤០០ដុល្លារ រវាងអ្នកប្រដាល់អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ជាមួយធានុរាជ អ្នកប្រដាល់ក្លិបពោធិជ័យកីឡា។ ពួកគេទាំងពីរ មិនធ្លាប់ដែលប្រកួតគ្នាទេកន្លងមក។
អ៊ុំ ចំរើន ជាជើងខ្លាំងស្រករក្រោយ ឯ ធា នុរាជ ជាជើងខ្លាំងស្រករមុន។ ទោះជាយ៉ាងនេះក្តី ការជួបគ្នាលើកនេះធា នុរាជ ទំនងជាមិនអាចឈ្នះចំរើននោះឡើយ ព្រោះចំរើនគេវាយខ្លាំងជាង ស៊ុហ្វល្អជាង៕
0 Comments