មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបំប៉នស្ដីពីការរៀបចំផែនការហ្វឹកហាត់ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺន ដល់គ្រូបង្វឹកជម្រើសជាតិ គ្រូជំនួយ និងអនុរក្ស មុនចូលជំរំប្រមូលផ្តុំបង្ហាត់កីឡាករជម្រើសជាតិ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។
លោកស៊ាន បូរ៉ាត អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ជាគ្រូបង្វឹកត្រូវតែមានស្មារតី និងឆន្ទៈ ព្រោះការរៀបចំផែនការហ្វឹកហាត់គឺជាវិធីសាស្ត្រ ជាសិល្បៈ នៃការប្រើប្រាស់វិទ្យាសាស្ត្រក្នុងការរៀបចំរចនាសម្ព័ន្ធហ្វឹកហាត់ ដើម្បីឲ្យសម្រេចបានលទ្ធផលល្អ និង សិទ្ធិផលខ្ពស់។ លោកបានបញ្ជាក់ថា ផែនការហ្វឹកហាត់ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ហើយអ្វីៗត្រូវធ្វើឲ្យបានតាមផែនការដែលបានកំណត់នោះ ទើបកីឡាករ-កីឡាការិនីមានការកើនឡើងនូវសិទ្ធិផលរបស់ខ្លួន។
លោកស៊ាន បូរ៉ាត បញ្ជាក់ឲ្យដឹងទៀតថា ការរៀបចំឲ្យមានផែនការល្អហើយ ក៏ត្រូវអនុវត្តផែនការនោះ ឲ្យបានត្រឹមត្រូវទៀតទើបការហាត់ និងការបង្ហាត់បានទទួលលទ្ធផលល្អ ហើយសិទ្ធិផលកើនឡើង ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក នៅប្រទេសកូរ៉េ និងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បានផ្តល់អនុសាសន៍ថា ចង់សម្រេចបាននូវគោលបំណងរបស់យើង ទទួលបានសិទ្ធិផលខ្ពស់នោះ ត្រូវមានកត្តា៤ គឺធនធានមនុស្ស ទីលានហាត់ហ្វឹកហ្វឺន និងសម្ភារៈហ្វឹកហាត់ ផែនការហាត់ហ្វឹកហ្វឺន និងការហូបចុក ស្នាក់នៅ និងលើកទឹកចិត្ត។
លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា វគ្គនេះមានរយៈពេលបីថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមករា មានសិក្ខាកាមចំនួន៨៨នាក់ ដែលជាគ្រូបង្វឹក គ្រូជំនួយ មកពីសហព័ន្ធកីឡាជាតិចំនួន២៣ និង អនុរក្សដែលជាមន្ត្រីរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោកបញ្ជាក់ថា មុនពេលប្រមូលផ្ដុំកីឡាជម្រើសជាតិ រៀងរាល់ឆ្នាំតែងតែមានការបើកវគ្គបំប៉នបែបនេះ ព្រោះវាជាការពង្រឹងគុណភាព ប្រសិទ្ធភាពនៃការបង្ហាត់ និងហាត់របស់ក្រុមជម្រើសជាតិឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ការប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំនេះ មានរយៈពេល៥ខែដែលបានចាប់ផ្ដើមពីថ្ងៃទី០៦ ខែមករាដល់ថ្ងៃទី០៥ ខែមិថុនា ដែលក្នុងរយៈពេលនេះ ការហ្វឹកហាត់ត្រូវបានចែកចេញជាបីដំណាក់កាល គឺដំណាក់កាលទី១ពីខែមករាដល់ខែមីនា ដំណាក់កាលទី២ខែមេសា និងដំណាក់កាលទី៣ខែឧសភា ហើយរៀងរាល់ដំណាច់ខែនីមួយៗ ប្រជុំបច្ចេកទេស និងវាយតម្លៃដោយប្រកួតធ្វើតេស្ត ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេសសិទ្ធិផលរបស់កីឡាករ។
លោកប៉ុន សុខ ក៏បានឲ្យដឹងដែរថា ប្រធានបទដែលត្រូវបង្ហាញ និងបង្រៀនដល់សិក្ខាកាមនោះ មានការរៀបចំផែនការហាត់រយៈពេល៥ខែ ការអនុវត្តផែនការរយៈពេល៥ខែ បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រង ការហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលប្រមូលផ្ដុំ យន្តការនៃការគ្រប់គ្រងការប្រមូលផ្ដុំ នីតិវិធីនៃការផ្លាស់ប្ដូរគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិ។ របបចំណីអាហារ ការវាយតម្លៃក្នុងសៀវភៅតាមដាន វិធីសាស្ត្រ និងចិត្តសាស្ត្រ ការសង្គ្រោះបន្ទាន់ និងការយល់ដឹងអំពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា។
គួរបញ្ជាក់ថា គ្រូឧទ្ទេសសំខាន់ៗដែលត្រូវឧទ្ទេសនាមក្នុងវគ្គនេះមាន លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកកែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង លោកវេជ្ជបណ្ឌិតស្ដើង ជា ដែលជាវេជ្ជបណ្ឌិតប្រចាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
0 Comments