Ad Code

អ៊ុង វិ​រៈ ផល​សុផាត​ និង​ពុទ្ធ ហ៊ុ​ច​ជួប​ប្រកួត​ជាមួយ​ថៃ​នៅ​សង្វៀន​បាត់ដំបង

អ្នក​ប្រដាល់​ថៃ​បី​រូប នឹង​មក​ធ្វើការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុ​ជា​នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​មករា ​ឆ្នាំ​២០១៥​នេះ នៅលើ​សង្វៀន​ខេត្ត​បាត់ដំបង ក្នុង​កម្មវិធី​ប្រដាល់​ទេសចរណ៍​របស់​SEA -TV

អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Bou Ngen នឹង​មក​ជួប​ប្រកួត​ជាមួយ អ៊ុង វិ​រៈ អ្នក​ប្រដាល់​ក្លិប​កងពល​ទ័ព​ឆត្រ​យោង​៩១១ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧៥​គ​.​ក្រ។ Bou Ngen នេះ មិនដែល​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​នោះ​ទេ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​ដង ឈ្នះ​៧១​ដង​និង​ចាញ់​១១​ដង មិនដែល​ស្មើ។ មិនធម្មតា​ទេ ឡើង​ប្រកួត​ជាង​៨០​ដង ចាញ់​តែ​១១​ដងនោះ។

សម្រាប់ អ៊ុង វិ​រៈ​វិញ ជា​លើក​ទី​១៣​របស់​គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស។ ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង អ៊ុង វិ​រៈ​ហាក់ដូចជា​រក​ដៃគូ​មិនបាន​នោះ​ទេ ព្រោះ​គេ​ឈ្នះ​រហូត តែ​ជាមួយ​បរទេស​គេ​នៅ​មាន​ពិសោធន៍​តិចតួច​នៅឡើយ។ ទោះជា​យ៉ាងណា ប្រមាណ​៦​ប្រកួត​ចុងក្រោយ​នេះ វិ​រៈ​វាយ​ជាមួយ​បរទេស​ជាប់ៗ​គ្នា គឺ​ឈ្នះ​ប្រេស៊ី​ល​ម្នាក់ និង​ឈ្នះ​ថៃ​៥​នាក់។

អ៊ុង​វិរៈ​មានចិត្ត​ប្រដាល់​ធំ មិន​ចេះ​ខ្លាច មិន​ចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុង​ការ​ផ្តួល​គូប្រកួត​តែប៉ុណ្ណោះ ។ ទោះជា​យ៉ាង​នេះ​ក្តី Bou Ngen អ្នក​ប្រដាល់​ថៃ​នោះ មិន​ប្រាកដ​ថា​អាច​យកឈ្នះ​លើ​អ៊ុង​វិ​រៈ​បាន​នោះឡើយ។ ដោយសារ​អ៊ុង​វិ​រៈ គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​មិន​ចាញ់​ស៊ុ​ហ្វ​អ្នក​ប្រដាល់​បរទេស​នោះ​ទេ។ ប៉ុន្តែ​យ៉ាងណា​អ៊ុង វិ​រៈ​ មិន​អាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បាន​ឡើយ។

អ៊ុង វិ​រៈ​ មាន​ប្រវត្តិ​ប្រកួត​ប្រហែល​៦០​ដង ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៥៤​ដង ចាញ់​៦​ដង​ប៉ុណ្ណោះ ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ដែរ​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ។ ចាំ​មើល តើ​អ៊ុង​វិ​រៈ​ ឬ Bou Ngen អ្នក​ណា​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​គ្នា​នេះ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ពុទ្ធ ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Va Rasak ក្នុង​ប្រភេទ​ទម្ងន់​៦៧​គ​.​ក្រ។ Va Rasak នេះ មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ។ បើតាម​លោក​ញាន សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEA-TV​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ថ្វីត្បិតតែ​ពុំ​ដែល​មក​ស្រុក​ខ្មែរ តែ​គេ​មិន​អន់​នោះ​ឡើយ។ គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា ដែល​មាន​បទពិសោធន៍ ​និង​បច្ចេកទេស​ពេញ​ខ្លួន ដូច្នេះ​ពុទ្ធ ហ៊ុ​ច មិន​អាច​ប្រហែស​បាន​នោះទេ។

Va Rasak ​នេះ មាន​ប្រវត្តិ​ប្រកួត​៦៧​ដង ឈ្នះ​៥៧​ដង ចាញ់​១០​ដង ខណៈ​ដែល​ពុទ្ធ ហ៊ុ​ច គេ​មាន​ប្រវត្តិ​ប្រកួត​ជិត​១០០​ដង​ឯណោះ គឺ​ប្រកួត​បាន​៩៦​ដង ឈ្នះ​៧៣​ដង ចាញ់​១៧​ដង និង​ស្មើ​៦​ដង។ កាលពី​ថ្ងៃ​ទី​០៤ ខែ​​មករា​កន្លង​មក​នេះ ពុទ្ធ ហ៊ុ​ច គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phnom Phayart ក្នុង​ទឹក​ទី​៤ លើ​សង្វៀន​SEA-TV​នេះ។ ចាំមើល លើក​នេះ​ពុទ្ធ​ហ៊ុ​ច អាច​យកឈ្នះ​Va Rasak បាន​ដែរ​ឬ​អត់​?

សម្រាប់​ផល សុផាត​វិញ គេ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phou Ngen ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ នេះ​ជា​លើក​ទ​១១​របស់​ផល​សុផាត​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។

សុផាត​ឥឡូវនេះ ប្រកួត​តែ​ជាមួយ​ខ្មែរ​គ្នាឯង ក៏​ពិបាក​ដែរ ដោយ​វាយ​ចាញ់​ទាំង​អ្នក​ប្រដាល់​ស្រករ​ក្រោយ​លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា ក្នុងការ​ប្រកួត​ចុងក្រោយ​នេះ។ ដូច្នេះ​ទម្រាំ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ទៀត​នោះ មិន​ដឹងថា​គេ​ទៅរួច​ឬ​មិន​រួច​នោះទេ ?

ប៉ុន្តែ​យ៉ាងណា​មិន​​អាច​ទាយ​មុន​នោះ​ទេ ព្រោះ​សុផាត​ប្រកួត​ជាមួយ​ថៃ គេ​វាយ​ល្អ ខំប្រឹង។ សម្រាប់​ការប្រកួត​ជាមួយ​ថៃ​នា​ពេល​ចុងក្រោយ​កន្លងមកនេះ សុផាត​គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Thanongsak Klathin ក្នុង​ទឹក​ទី​៣។

ផល សុផាត មានចិត្ត​ប្រដាល់​មិនសូវ​ធំ តែ​គេ​មាន​កណ្តាប់ដៃ​ខ្លាំង​ និង​កលល្បិច​ពេញ​ខ្លួន។ ទោះជា​យ៉ាងណា Phou Ngen អ្នក​ប្រដាល់​ថៃ​ដែល​មកនេះ មិន​ប្រាកដ​ថា​អាច​យកឈ្នះ​លើ​ផល សុផាត បាន​នោះឡើយ។ ប៉ុន្តែ​យ៉ាងណា​សុផាត ក៏​មិនត្រូវ​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះដែរ។

ផល សុផាត មាន​ប្រវត្តិ​ប្រកួត​១២៨​ដង ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​១០៦​ដង ចាញ់​១៩​ដង​និង​ស្មើ​៤​ដង​ប៉ុណ្ណោះ ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​២-៣​ស្ថាប័ន​ដែរ​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ។ ចាំ​មើល តើ​ផល សុផាត ឬ​ Phou Ngen ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​គ្នា​នេះ? Phou Ngen គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​ដង ឈ្នះ​៧៣​ដង ​ចាញ់​១៤​ដង និង​ស្មើ​២​ដង។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាន​ចំនួន​៤​គូ​ដែល​ក្នុង​នោះ សុខ សុវណ្ណ ក្លិប​ក្រសួងការពារជាតិ​ជួប​ង៉ែ​ត្រ រដ្ឋា។ ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ជួប​សួង សុវណ្ណ​ថា ក្លិប​ក្រសួងការពារជាតិ ហើយ​ម៉ៅ ដាំ​ដូច ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប ឆៃ សា​រ៉ា ក្លិប​ក្រសួងការពារជាតិ ខណៈ​ដែល​ពេជ្រ ម្ទេសខ្មាំង ក្លិប​អា​រុណ​រះ​ជួប​ជាមួយ​ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក៕

Post a Comment

0 Comments

Close Menu