Ad Code

Hun Sen Cup​បញ្ចប់​ការប្រកួត​ជម្រុះ​តាម​តំបន់​ហើយ

ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​Hun Sen Cup តាម​តំបន់​ទាំង​៦​បាន​បញ្ចប់​អស់​ហើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៥​នេះ។

សម្រាប់​តំបន់​ខាងកើត ដែល​លេង​នៅ​ខេត្តព្រៃវែង​នោះ ការប្រកួត​ជុំ​ចុងក្រោយ​នេះ ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង ដណ្ដើម​បាន​កៅអី​សម្រាប់​ឡើង​មក​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្នុងការ​ប្រកួត​ចុងក្រោយ​នេះ ក្រុម​ខេត្តព្រៃវែង​ឈ្នះ​ក្រុម​ខេត្ត​ត្បូងឃ្មំ ២ ទល់ ១​ទាំង​លំបាក។ ២​ប្រកួត​របស់​ខេត្តព្រៃវែង​ឈ្នះ​ទាំង​២​ប្រកួត​បាន​៦​ពិន្ទុ​ ក្នុង​ខណៈ​ដែល ២ ក្រុម​ទៀត គឺ​កណ្ដាល និង ខេត្ត​ត្បូងឃ្មុំ​បាត់បង់​ឱកាស​សម្រាប់​ឡើង​មក​លេង​បន្ត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នោះ។

ដោយឡែក​សម្រាប់​មណ្ឌល​ភ្នំពេញ​ក្រៅពី​គីរីវង់​សុខ សែន​ជ័យ​ដែលមាន​កៅអី​ហើយ​នោះ ក្រុម Albirex Niigata​ក៏​ដណ្ដើម​បាន​កៅអី​សម្រាប់​លេង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែរ។ Albirex Niigata​ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ ២ ពូ​ល B នោះ​លេង​ប្រជែង​កៅអី​ជាមួយ​ក្រុម​ព្រែក​ជ័យ​កីឡា​របស់​ខណ្ឌ​ច្បារអំពៅ ដោយ​ទទួល​ជ័យជំនះ​១ ទល់ ០ ទាំង​ប្រផឹតប្រផើយ។

គួរ​បញ្ជាក់ថា សម្រាប់​តំបន់​រាជធានី​ភ្នំពេញ​យក​៣​ក្រុម​ទៅលេង​វគ្គ​១៦ ក្រុម​ចុងក្រោយ ដែល​ពេលនេះ​រក​ឃើញ​ហើយ​គឺ​ក្រសួងការពារជាតិ គីរីវង់​សុខ​សែន​ជ័យ និង Albirex Niigata

ចំពោះ​ការប្រកួត​នៅ​តំបន់​កណ្តាល​វិញ ក្រុម​ដែល​ឡើង​គឺ​ក្រុម​ខេត្ត​សៀមរាប និង​តំបន់​ខាងត្បូង​ក្រុម​ខេត្តកំពត។ រីឯ​តំបន់​ខាងលិច គឺ​ក្រុម​ខេត្ត​បាត់ដំបង ហើយ​តំបន់​ខាងជើង គឺ​ខេត្ត​ក្រចេះ។

ដូច្នេះ​៨​ក្រុម​ដែល​ឡើង​មក​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ គឺ​ក្រសួងការពារជាតិ គីរីវង់​សុខ​សែន​ជ័យ Albirex Niigata ព្រៃវែង សៀមរាប កំពត បាត់ដំបង និង ក្រចេះ ដែល​ទាំង​៨​ក្រុម​នឹង​ជួប​ជាមួយ​ក្រុម​League​អង្គុយ​ចាំ​ទាំង​៨​ក្រុម រួមមាន ភ្នំពេញ​ក្រោ​ន ចំការកៅស៊ូ​បឹងកេត ណាហ្គា​ខ​ប អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្វាយរៀង ត្រាយ​អាស៊ី បៀ​ល​ប្រាយ​និង​អាស៊ី​អឺរ៉ុប។

គួរ​បញ្ជាក់​ថា ការ​ចាប់​ឆ្នោត​រើស​ពូ​ល​សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ ដែល​មាន​៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​នោះ នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៤ ខែ​​មករា​នេះ នៅ​ស្នាក់ការ​សហព័ន្ធ​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕

Post a Comment

0 Comments

Close Menu