ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាបាននិយាយកាលពីថ្ងៃចន្ទថា នាយក CIA លោក Gina Haspel បានយល់ព្រមផ្តល់សេចក្តីសង្ខេបដល់សមាជិកសភាអាមេរិក “មួយក្រុមតូច” អំពីករណីឃាតកម្មអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi។
សមាជិកព្រឹទ្ធសភាលោក Bob Corker បានប្រាប់អ្នកកាសែតថា ការផ្តល់សេចក្តីសង្ខេបនេះនឹងធ្វើឡើងនៅថ្ងៃអង្គារបន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍កណ្តាលមិនបានចូលរួមនៅពេលរដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិលោក Jim Mattis និយាយទៅកាន់ព្រឹទ្ធសមាជិកអំពីបញ្ហានេះកាលពីសប្តាហ៍មុន។
ទីភ្នាក់ងារចារកម្មនេះសន្និដ្ឋានថា រាជទាយាទរបស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman “ប្រហែលជាបញ្ជា” ការធ្វើឃាតនៅថ្ងៃទី២ខែតុលាលើលោក Khashoggi ដោយជនជាតិអារ៉ាប៊ីសាអ៊ូឌីតមួយក្រុមនៅស្ថានកុងស៊ុលរបស់ប្រទេសនេះក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី។
អ្នកកាសែតជើងចាស់រូបនេះគឺជាអ្នករិះគន់ដ៏ខ្លាំងក្លាលើព្រះអង្គម្ចាស់ Mohammed និងជាអ្នករស់នៅសហរដ្ឋអាមេរិកដែលជាកន្លែងគាត់បានសរសេរអត្ថបទនយោបាយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងមជ្ឈឹមបូព៌ាឲ្យកាសែត Washington Post ។
កាសែត Washington Post និងកាសែត New York Times សុទ្ធតែបានរាយការណ៍ថា CIA មានភស្តុតាងបង្ហាញថា ព្រះអង្គម្ចាស់ Mohammed បានផ្ញើសារទៅវិញទៅមកចំនួន១១ជាមួយជំនួយការជិតស្និទ្ធរបស់ទ្រង់ឈ្មោះ Saud al-Qahtani ដែលត្រូវបានគេចោទប្រកាន់ថាបានមើលការខុសត្រូវករណីឃាតកម្មនេះមុននិងក្រោយពេលវាកើតឡើង។
កាសែត New York Times បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Haspel មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការលេចធ្លាយសេចក្តីសន្និដ្ឋានរបស់ CIA ដែលធ្វើឲ្យមានសម្ពាធកាន់តែខ្លាំងលើសេតវិមានឲ្យចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងមហាអំណាចនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments